រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកំពត កំណត់ទិសដៅរៀបចំបុណ្យសមុទ្រឆ្នាំនេះឱ្យបានល្អជាងគេ

06 05 2019

នៅក្នុងកិច្ចប្រជុំ​ ត្រៀមរៀបចំ ពិធីបុណ្យសមុទ្រលើកទី៨ (ជុំទី២) នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានប្រកាសដាក់ទិសដៅជាច្រើន ដើម្បីត្រៀមរៀបចំ ពិធីបុណ្យសមុទ្រ លើកទី៨នេះ ឱ្យកាន់តែអធិកអធមជាងឆ្នាំមុនៗ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ខេត្តកំពត មានសក្ដានុពលខ្ពស់ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងនោះមានទីក្រុងបេតិកភណ្ឌ រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ យ៉ាងច្រើនសម្បូរបែប មានតំបន់កសិទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានប្រកាសដាក់អនុសាសន៍មួយចំនួន រួមមាន៖

* ជំរុញមានការរៀបចំ «វិថីម្ហូបអាហារ» ឬហៅថា Food Street នៅទីតាំងណាមួយ នៃពិធីបុណ្យសមុទ្រ ខាងមុខឱ្យបានល្អប្រសើរ ហើយ Food Street នេះ ក៏ទុកជាផលិតផលទេសចរណ៍ អចិន្ត្រៃយ៍ សម្រាប់ទីក្រុងកំពតផងដែរ។

* ស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជួន ជួយពន្លឿនការជួសជុលផ្លូវជាតិ លេខ៣ ផ្លូវមកពីវាលរេញ និងផ្លូវដទៃទៀត ដែលភ្ជាប់ មកខេត្តកំពត។

*ស្នើពន្លឿនការសាងសង់ កំពង់ផែទេសចរណ៍ ដោយបង្កើនការធ្វើការ និងបន្ថែមចំនួន កម្មករជំនាញ និងវិស្វករ។

* ត្រៀមរៀបចំ ឱ្យមានការតាំងពិព័រណ៍ផលិតផល ក្នុងស្រុកឲ្យបានសម្បូរបែប ប្រកបដោយគុណភាព បើអាចធ្វើបានស្នើរៀបចំ ការតាំងលក់សម្លៀក បំពាក់ល្អៗ ដែលផលិតក្នុងស្រុក ដូចជាផលិតផល outlet ជូនប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ នៅក្នុងពិធីបុណ្យសមុទ្រ ដើម្បីឱ្យប្រជាពលរដ្ឋ មានឱកាសបានទិញយក ទៅប្រើប្រាស់ ក្នុងតម្លៃមួយសមរម្យ។

នាំគ្នាធ្វើឲ្យគោលដៅ ទេសចរណ៍កំពត ជាគោលដៅគំរូ ខាងគុណភាពផលិតផល ទំនិញ និងសេវា គ្មានទំនិញក្លែងក្លាយ និងអន់គុណភាព។

នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ក្នុងមរមណីយដ្ឋាន ទេសចរណ៍នានា ត្រូវគិតគូរ លើបញ្ហាអនាម័យចំណីអាហារ បដិសណ្ឋារកិច្ច ការទុកដាក់សំរាម កាកសំណល់ផ្សេងៗ។

ត្រូវបន្តបំផុសចលនា ឲ្យប្រជាជនចូលរួមគ្រប់ៗគ្នា ពិសេសចលនា «គ្មានសំរាមក្រោមតុ»។

ត្រូវបង្កើនយុទ្ធនាការ បង្គន់អនាម័យ ទាំងសាធារណៈ និងឯកជន ទៅតាមស្តង់ដារជាតិ និងអន្តរជាតិ។ យើងឯកភាពគ្នា យកខេត្តកំពត ជាខេត្តគំរូ ខាងបង្គន់អនាម័យ សាធារណៈល្អ។

* មន្ទីរទេសចរណ៍ខេត្តកំពត សហការ ជាមួយនាយកដ្ឋាន ជំនាញ ត្រូវផ្សព្វផ្សាយ ពីសក្ដានុពលវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យបានទូលំទូលាយ ចាប់ពីពេលនេះទៅ ដូចជារមណីយដ្ឋាន ទេសចរណ៍ថ្មីៗ ដូចជារមណីយដ្ឋានកសិទេសចរណ៍ ចម្ការម្រេចដ៏ល្បីល្បាញ រមណីយដ្ឋានភ្នំបូកគោ ពិសេសព័ត៌មាន ដែលភ្ញៀវទេសចរ អាចមើលឃើញកញ្ចុំផ្កាយ រាប់លានដួង ឬហៅថា កាឡាក់ស៊ីមីគីវ៉េយ នៅលើភ្នំបូកគោ។

គួររៀបចំវាលស្រែអំបិល ឲ្យបានល្អ ទុកសម្រាប់ទេសចរ ស្វែងយល់ និងទស្សនា។

* ជំរុញឱ្យបង្កើតសកម្មភាព បណ្ដុះបណ្ដាល ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ចាប់ពីពេលនេះតទៅ អោយបានសកម្ម និងផុលផុលផុស ពិសេសអំពីអនាម័យម្ហូបអាហារ ការទទួលបដិសណ្ឋារកិច្ច ចំពោះភ្ញៀវទេសចរ ដាច់ខាតត្រូវគិតគូរលើភាពស្អាត និងបៃតង។

* ត្រូវផ្សព្វផ្សាយប្រាប់ប្រជាជន ក្នុងខេត្តឱ្យត្រៀមរៀបចំ ការតុបតែងលម្អលំ នៅដ្ឋាន និងទីធ្លារជុំវិញផ្ទះ ដើម្បីត្រៀម ទទួលភ្ញៀវទេសចរ ដែលមកទស្សនា កម្សាន្ត ក្នុងពិធីបុណ្យសមុទ្រ ពិសេសអាជ្ញាធរ ក៏ត្រូវរៀបចំតុបតែងលម្អទីក្រុង ឱ្យបានស្អាត ប្រកបដោយភាពទាក់ទាញ។
អាជ្ញាធរត្រូវគិតគូរ លើបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ការចតយានយន្ត នៅតាមផ្លូវក៏ត្រូវរៀបចំ ឱ្យមានសណ្ដាប់ធ្នាប់ផងដែរ។

សូមជម្រាបថា ពិធីបុណ្យសមុទ្រ លើកទី៨នេះ នឹងត្រូវធ្វើឡើង នៅអំឡុងខែធ្នូ ឆ្នាំ២០១៩៕