ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Chrisopher Baltazar MONTERO ឯកអគ្គរដ្ឋទូតនៃសាធា រណ:រដ្ឋហ្វីលីពីនដើម្បីជម្រាបលា

08 05 2019

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ០៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Chrisopher Baltazar MONTERO ឯកអគ្គរដ្ឋទូតនៃសាធា រណ:រដ្ឋហ្វីលីពីន ដើម្បីជម្រាបលាបន្ទាប់ពីអាណត្តិបេសកកម្មការទូត របស់លោក ក្នុងព្រះរាជាណា ចក្រកម្ពុជា ត្រូវបានបញ្ចប់។

ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញចំណាប់អារម្មណ៍ ពីការវិវឌ្ឍន៍រីកចម្រើន របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ហើយសង្ឃឹមនិងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាច នឹងឈានទៅសម្រេចបាន តាមចក្ខុវិស័យរបស់ខ្លួននា ឆ្នាំ២០៣០។ លោកក៏បានសម្តែង នូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលកន្លងមកបានផ្តល់កិច្ចសហការ បានយ៉ាងល្អប្រសើរ ជាមួយរដ្ឋាភិបាលហ្វីលីពីន តាមរយ:ស្ថានទូតក្នុងកិច្ចការសំខាន់ៗជាច្រើន ហើយលោក សូមវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលទទួលបាន ពីកិច្ចសហប្រតិបត្តិការនេះ។ ឯកអគ្គរដ្ឋទូត សង្ឃឹម និងជឿជាក់ថាចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវ បានពង្រឹង និងពង្រីកបន្ថែមទៀត នាពេលអនាគតជា ពិសេសលើវិស័យកសិកម្ម។ ទាក់ទងនឹងវិស័យនេះ ឯកអគ្គរដ្ឋទូត បានជម្រាប ជូនឯកឧត្តមរដ្ឋមន្រ្តីថា បច្ចុប្បន្នមានក្រុមហ៊ុន ហ្វីលីពីន បាននិងកំពុងដាក់ទុនវិនិយោគ កែច្នៃស្វាយ នៅខេត្ត ព្រៃវែង ដើម្បីនាំចេញទៅកាន់ ទីផ្សារហ្វីលីពីន និងទីផ្សារអន្តរជាតិ ហើយក្នុងពេលឆាប់ៗ ខាងមុខ នឹងមានក្រុមហ៊ុនហ្វីលីពីន មកសិក្សាពីសក្តានុពលដំណាំស្រូវ នៅកម្ពុជា បំណងវិនិយោគ រួចកែច្នៃអង្ករ ដើម្បីនាំចេញ ទៅកាន់ទីផ្សារហ្វីលីពីន។ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា លោកនឹងជួយជំរុញ ឲ្យមានជើងហោះហើរដោយត្រង់ រវាងប្រទេសទាំងពីរ នាពេលអនាគតប្រយោជន៍ ដើម្បីកំណើនទេសចរណ៍ និងពាណិជ្ជកម្ម។

នាឱកាសនេះ តាងនាមឲ្យរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរូប លោកផ្ទាល់ ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងអំឡុងបេសកកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ឃើញថាកិច្ចសហការ រវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម មានការរីកចម្រើន គួរជាទីមោទន: ហើយលោកសង្ឃឹមថា កិច្ចសហការនេះ នឹងបន្តពង្រឹង និងពង្រីក ឲ្យកាន់តែទូលំទូលាយ ថែមទៀត ជាពិសេសស្នើសុំ ធ្វើការផ្លាស់ប្តូរ ដកស្រង់បទពិសោធន៍ របស់មន្រ្តីជំនាញទាក់ទង បច្ចេកវិទ្យាកែច្នៃស្វាយ បច្ចេកទេសដាំណាំស្រូវ និងកែច្នៃផលិតផលចេក។ ដោយឡែក ចំពោះផលិតផលអង្ករកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ស្នើសុំឲ្យរដ្ឋាភិបាល ពិចារណាក្នុងការនាំអង្ករកម្ពុជា ចូលទៅកាន់ទីផ្សារហ្វីលីពីន នាពេលអនាគត។

ជំនួបត្រូវបានបញ្ចប់ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រពៃក្នុង នាមជាសមាជិកអាស៊ាន ស្របតាមបាវចន: ទស្សនតែមួយ សហគមន៍តែមួយ និងអត្តសញ្ញាណតែមួយ។