ហង្សម្ចាស់ដី ប្រកាសបន្តដំណើរការដាំចម្ការជូនពលរដ្ឋ បើទោះជាមានរឿងអ្វី

11 05 2019

ផ្ទុយពីការអះអាងថា ក្រោយផ្ទុះការចោទប្រកាន់ថា ក្រុមហ៑ុនហង្សម្ចាស់ដី លក់ដីខ្យល់ ប្រហែលជាក្រុមហ៑ុនមួយនេះ នឹងផ្អាកសកម្មភាពរបស់ខ្លួន ដើម្បីយកពេលដោះស្រាយ។ ប៉ុន្តែផ្ទុយទៅវិញ  តំណាងក្រុមហ៑ុនបែរជាអះអាងថា ក្រុមហ៑ុនក្រៅអត់មានផ្អាក គឺមានពន្លឿនការឈូសឆាយ និងដាំដុះដំណាំចម្ការ ដើម្បីបង្ហាញថាក្រុមហ៑ុនពិតជាមានចម្ការ និងត្រៀមប្រគល់ចម្ការជូនអតិថិជនតាមដំណាក់កាលដូចការសន្យា។

 

ក្នុងការឆ្លើយតបនឹងការខលសួររបស់អ្នកសារព័ត៍មានកាលពីល្ងាចថ្ងៃទី ១០ ឧសភា តំណាងក្រុមហុ៑នបានអះអាងថា  ក្រុមហ៑ុនក្រៅពីអត់ផ្អាក គឺក្រុមហ៑ុនកាន់តែបង្កើនសកម្មភាពឈូសឆាយដី បណ្ដុះកូនដំណាំ និងតម្រូវអោយអ្នកជំនាញចុះដាំជាចម្ការកាន់តែច្រើនជាងមុន នៅក្នុងប៉ុន្មានថ្ងៃនេះ។ ក្នុងនោះ ដីចម្ការនៅស្រុកស្រីស្នំខេត្តសៀមរាប នៅស្រុកឈូក ខេត្តកំពត និងដីចម្ការនៅស្រុកក្រគរ ក្នុងខេត្តពោធិសាត់ គឺត្រូវបានពន្លឿនការឈូសឆាយ រៀបប្រព័ន្ធទុយោទឹក និង ដាំជាចម្ការធុរ៉េន និងចម្ការដូងក្រអូបបានជាច្រើនហិកតារក្នុងប៉ុន្មានថ្ងៃនេះ។ ក្នុងនោះចម្ការផ្កាឈូករ័ត្ន ត្រូវបានតំណាងក្រុមហ៑ុនបញ្ជាក់ថាជិតចេញផ្កាហើយ។ តំណាងក្រុហ៑ុនបន្តថា ក្រោយពីមានព័ត៍មានបំភ្លៃ អតិថិជនជាច្រើនមានការជ្រួលច្របល់ ហើយពួកគាត់ក៍ត្រូវបានក្រុមហ៑ុនជូនទៅមើលដីដល់កន្លែង ដើម្បីបង្ហាញថា ក្រុមហ៑ុនអត់មានលក់ដីខ្យល់នោះផង។ តំណាងដដែលបន្តថា ក្រុមការងារទាំងអស់ ហ៑ានប្រកាសថានឹងយកកិត្តិយស និងជីវិតជាថ្នូរ ដូចលោក ហង្ស ព្រីន្សយ៉ា ប្រសិនបើគម្រោងនេះជាគម្រោងបោកប្រាស់ដូចការលាបពណ៍។ អ្នកលើកទូរស័ព្ទឆ្លើយ លើកឡើងថា"ដ្បិតថារឿងនេះ មិនទាន់ចប់ ប៉ុន្តែក្រុមការងារគឺយើងរឹតបង្កើនសកម្មភាព ព្រោះយើងចង់បង្ហាញអោយអតិថិជនឃើញថាចម្ការពួកគាត់កំពុងត្រូវបានពន្លឿន បើពួកគាត់ចង់មកមើលក្នុងពេលជ្រួលច្របល់នេះ"។ តំណាងដដែលប្រកាសថា អតិថិជនដែលជ្រួលច្របល់អាចទៅមើលពីសកម្មភាពឈូសឆាយដី និងបង្កើតជាចម្ការទុកប្រគល់ជូន។

 

ជាមួយនឹងការអះអាង នៅលើផេករបស់ក្រុមហ៑ុនហង្សម្ចាស់ដី និងក្នុងផេករបស់ក្រុមភ្នាក់ងារ គេឃើញបង្ហោះពីសកម្មភាពឈូសឆាយ និងបង្កាត់ពូជកូនដំណាំយ៉ាងសកម្មក្នុងប៉ុន្មានថ្ងៃនេះ។ ការរៀបប្រព័ន្ធទុយោទឹក ការបណ្ដុះពូជ និងក្នុងដាំចម្ការ ត្រូវបានបង្កើនសកម្មភាពបានច្រើនហិកតារ៕