ពហុកីឡដ្ឋានត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ បញ្ចប់គ្រឿងបង្គុំសំខាន់ៗ និងសម្រេចលទ្ធផលបានប្រមាណ ៥០%

13​ 05 2019

ហុកីឡដ្ឋានជាតិ មរតកតេជោ ដែលកំពុងសាងសង់ ត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ បានឈានដល់ ការបញ្ចប់គ្រឿងបង្គុំ សំខាន់ៗហើយ ខណៈលទ្ធផលជារួម ក៏សម្រេច បានប្រមាណ ៥០% ផងដែរ នេះជាលើកឡើងរបស់ ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ថ្លែងក្នុងពិធីអបអរ នៃការបញ្ចប់គ្រឿងបង្គុំ សំខាន់ៗ នៃពហុកីឡដ្ឋាន កាលពីពេលថ្មីៗនេះ ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា មកទល់ពេលនេះ ពហុកីឡដ្ឋានធំ បានចំណាយពេល សាងសង់ ២០ខែហើយ ក្នុងក្របខណ្ឌ ហិរញ្ញប្បទានឥតសំណង ពីសាធារណរដ្ឋ ប្រជាមានិតចិន ។ ឯលទ្ធផល សម្រេចបានរួមមាន៖ ការសាងសង់ សម្រេចបានលទ្ធផល ប្រមាណ ៥០% និងការតម្លើងថា សបង្គុំកៅអី បេតុងអង្គុយប្រមាណ ៧០% ។ ប៉ុន្ដែសម្ភារៈ បរិក្ខាសំណង់ សម្រាប់បម្រើការងារ សាងសង់គ្រឿង​បង្គុំរួម គឺបាននាំចូល​ មកដល់ការដ្ឋាន ១០០% នៅឡើយតែសម្ភារៈបំពាក់ នឹងស្នើសុំបែបបទនាំចូលជាបន្ដបន្ទាប់ ។

ឯកឧត្តម ប្រធាន អូឡាំពិកកម្ពុជា បានគូសបញ្ជាក់ បន្ថែមថា ក្នុងការសាងសង់ កីឡដ្ឋាន ស្ដង់ដារអន្ដរជាតិនេះដែរ បានប្រើកម្លាំងពលកម្ម សរុបជាង ៨០០នាក់ ក្នុងនោះមានក្រុម ការងារជំនាញភាគីចិន ប្រមាណ ៥៤០នាក់ និងកម្លាំងពលកម្ម ក្នុងស្រុកប្រមាណ ៣០០នាក់ ។ ផ្អែកលើផែនការការងារ ក្នុងខែកក្កដាខាងមុខ ថាសកៅអីបេតុងនឹងត្រូវលើកដាក់ចប់សព្វគ្រប់ ហើយនៅខែសីហា គ្រឿងបង្គុំធ្នឹមកោង ផ្នែងប៉មរាងបាតដៃ ដែលបញ្ជាក់ ពីអត្តសញ្ញាណជាតិ និងការគោរព និងរឹតចំណងមិត្តភាព សាមគ្គី ក៏នឹងត្រូវសាងសង់រួចរាល់ផងដែរ ។

តាមគម្រោងពហុកីឡដ្ឋានធំ នឹងត្រូវការពេលសាងសង់ប្រមាណ ៤០ខែ គឺអាចបញ្ចប់នា ចុងឆ្នាំ២០២០ ។ ប៉ុន្ដែតាមគោលការណ៍ រួមរបស់គណៈកម្មការ បច្ចេកទេសកម្ពុជា បានស្នើជំរុញ ការងារសាងសង់ ឲ្យបានលឿន ទាន់ពេលវេលា ព្រោះកម្ពុជា ត្រូវការយ៉ាងតិច ២ឆ្នាំ ដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើ ម្ចាស់ផ្ទះកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ។

សូមបញ្ចាក់ថា ពហុកីឡដ្ឋានជាតិ មរតកតេជោ គឺអាចផ្ទុកអ្នកទស្សនាជិត ៦ម៉ឺននាក់ ហើយអ្វីដែលពិសេស គឺក្រុមការងារ បច្ចេកទេស បានរៀបចំ ច្រកសុវត្ថិភាព ដោយអាចជម្លៀស អ្នកគាំទ្រទាំងអស់ ក្នុងរយៈពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ ៕