មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះរុះរើស្លាកយីហោ «សាច់មាន់លោក» និងណែនាំម្ចាស់ហាង អំពីច្បាប់ពាណិជ្ជនាមកម្ពុជា

15​ 05 2019

ដោយមានការណែនាំពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសហការ ជាមួយសាលារាជធានីភ្នំពេញ ចុះរុះរើស្លាកយីហោ ភោជនីយដ្ឋានចិន «សាច់មាន់លោក» ដែលបានបកប្រែ ពីភាសាអង់គ្លេស និងប្រើប្រាស់អក្ខរាវិរុទ្ធ មិនត្រឹមត្រូវ ហើយទទួល រងការរិះគន់យ៉ាងចាស់ដៃ ពីសាធារណជនខ្មែរ។

ការរុះរើស្លាកយីហោខាងលើ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅលើដងវិថីព្រះមុនីវង្ស សង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដោយមានការចូលរួម ពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន តំណាង សាលារាជធានីភ្នំពេញ និងមន្ត្រី នៃមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉េង សុធី បានគូសបញ្ជាក់ថា ការប្រើប្រាស់អក្ខរាវិរុទ្ធ ឬពាក្យពេជន៍មិនត្រឹមត្រូវដូចជា «សាច់មាន់លោក» ពីសំណាក់ជនជាតិចិន ដែលជាម្ចាស់ភោជនីយដ្ឋាន នាំឱ្យមហាជនភាគច្រើន មានការយល់ច្រលំ។

«ក្រៅពីខុសអក្ខរាវិរុទ្ធ ភោជនីយដ្ឋានចិននេះ ពុំបានសុំច្បាប់អនុញ្ញាត ប្រកបអាជីវកម្ម ពីក្រសួងពាណិជ្ជកម្ម និងច្បាប់អនុញ្ញាត ពីស្ថាប័នពាក់ព័ន្ធឡើយ ខណៈដែលកម្ពុជាយើង គឺជាប្រទេសនីតិរដ្ឋ ហើយរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ លើការពង្រឹងអនុវត្តច្បាប់ ដើម្បីធានាបាន នូវសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម» ឯកឧត្តម វ៉េង សុធី បានគូសបញ្ជាក់។

ទន្ទឹមគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំ និងពន្យល់ជនជាតិចិនម្ចាស់ហាង អំពីច្បាប់អាជីវកម្ម ពាណិជ្ជនាម និងនីតិវិធី ក្នុងការស្នើសុំនាមករណ៍ផ្លូវការ សម្រាប់អាជីវកម្ម ឬ ក្រុមហ៊ុន ព្រមទាំងកិច្ចប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹង និងលើកស្ទួយ វិស័យកម្មសិទ្ធិបញ្ញា នៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចជាតិ។