ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់​ ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាននិងធនធានធម្មជាតិ» បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៨

19 05 2019

ព្រឹត្តិការណ៍ប្រណាំង យានយន្ត​ឆ្លងកាត់ឧបសគ្គ ​ក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់​ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៨ នេះបន្ទាប់ពីមាន ពិធីបក់ទង់ចេញដំណើរ របស់ក្រុមកីឡាករ កីឡាការិនី ប្រណាំងយានយន្ត ឆ្លងកាត់ឧបសគ្គ«ខ្មែរ រ៉ាលី រ៉េដឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន។ ព្រឹត្តិការណ៍កីឡា ផ្សាភ្ជាប់នឹងការផ្សព្វផ្សាយ និងអប់រំបរិស្ថាននេះ ត្រូវបានរៀបចំ ឡើងក្រោម ការគាំទ្រ ដោយ ក្រសួងបរិស្ថាន និងរៀបចំដោយក្រុមហ៊ុន ខារ៉ាកម្ពុជា និងចូលរួមឧបត្ថម្ភ ពីក្រុមហ៊ុនឯកជន ជាច្រើនទៀត រួមមានក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ជាដើម។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា «ព្រឹត្តិការណ៍ប្រណាំងយានយន្ត ឆ្លងកាត់ឧបសគ្គ នៅក្នុងតំបន់ ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ ក្រោមប្រធានបទ «រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» នឹងចូលរួម ផ្សព្វផ្សាយ ពីសក្តានុពល នៃដែនជម្រកសត្វព្រៃព្រៃឡង់ ដែលសម្បូណ៌ដោយព្រៃឈើ និងជីវៈចម្រុះ ដល់សាធារណជន ក៏ដូចជាបណ្តុះស្មារតី ស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ក្នុងចំណោម ប្រជាពលរដ្ឋ ហើយយើងទាំងអស់គ្នា ចូលរួមថែរក្សា បរិស្ថាន និងអភិរក្ស ធនធានធម្មជាតិឱ្យបានគង់វង្ស ក៏ដូចជាលើកតម្កើង និងផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍ធម្មជាតិ នៅជុំវិញ តំបន់នោះដែរ»។

នេះជាលើកទី៤ ហើយ ដែល សហព័ន្ធកីឡាយានយន្តកម្ពុជា បានរៀបចំព្រឹត្តិការណ៍ ប្រណាំងយានយន្ត ឆ្លងកាត់ ឧបសគ្គនេះឡើង។ ដោយឡែក ឆ្នាំ ២០១៩ នេះជាឆ្នាំទី២ ដែលក្រសួងបរិស្ថាន បានចូលរួមគាំទ្រ ចំពោះការរៀបចំ ព្រឹត្តិការណ៍នេះ។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បង្ហាញជំនឿ ថារូបភាព ស្តីពីនៃភាពសម្បូណ៌បែប នៃធនធានធម្មជាតិ ក៏ដូចជាជីវភាពបងប្អូន ប្រជាសហគមន៍មូលដ្ឋាន នឹងត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលបានចូលរួមផ្សព្វផ្សាយ ពីការប្រណាំងយានយន្ត ឆ្លងកាត់តំបន់ដែនជម្រក សត្វព្រៃព្រៃឡង់នេះ ក៏ដូចជាតាមរយៈ កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ដែលបានចូលរួមព្រឹត្តិការណ៍ ប្រណាំងយានយន្តនេះ។

រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយ សម្រាប់ទាញ ការចាប់អារម្មណ៍ របស់សាធារណជន ឱ្យចូលរួមថែរក្សា ការពារបរិស្ថាន និងធនធានធម្មជាតិ។ លោកបានថ្លែង ថា ដែនជម្រក សត្វព្រៃព្រៃឡង់ មានផ្ទៃដីទំហំ ៤៣១ ៦៨៣ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តព្រះវិហារ។ ក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងដែនជម្រក សត្វព្រៃព្រៃឡង់ ដោយសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដីនៃខេត្តទាំង ៤ ដើម្បីធានា កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។
កីឡាប្រណាំងយានយន្ត ឆ្លងកាត់ឧបសគ្គ ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» នេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដោយចេញដំណើរ ចាប់ពីថ្ងៃទី១៧ ខែឧសភា និងបញ្ចប់វិញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប ពិសេសគឺ នឹងឆ្លងកាត់ តំបន់ការពារ ដែនជម្រកសត្វព្រៃ «ព្រៃឡង់» លើចម្ងាយផ្លូវ សរុបជាង ៦២៤ គីឡូម៉ែត្រ។ ព្រឹត្តិការណ៍ប្រណាំង យានយន្តឆ្លងកាត់ឧបសគ្គ ក្នុងតំបន់ដែនជម្រក សត្វព្រៃព្រៃឡង់នេះ មានការចូលរួម ពីការប្រកួតម៉ូតូ និងរថយន្តចំនួន ៤៥ គ្រឿង និងមានកីឡាករកីឡាការិនី ចំនួន ៧២ នាក់មកពីប្រទេសចំនួន ៨ រួមមាន កម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វែល ស្តត់លែន បារាំង និងហូរឡង់។