មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ជំរុញអ្នកវិនិយោគ និងទេសចរចិនមកកម្ពុជាបន្ថែមទៀត

19 05 2019

អំឡុងពេល​ នៃការចូលរួមព្រឹត្តិការណ៍នានា នៃសន្និសីទស្ដីពីការសន្ទនា អំពីអរិយធម៌អាស៊ី ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍កម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Chen Dehai អគ្គលេខាធិការ មជ្ឈមណ្ឌលអាស៊ាន ចិន កាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩។ ឯកឧត្តម អគ្គលេខាធិការ បានអបអរសាទរ ចំពោះកំណើនសេដ្ឋកិច្ច នៅកម្ពុជា ជាពិសេសការកើនឡើង នៃការវិនិយោគ និងចំនួនទេសចរអន្តរជាតិ ដ៏ច្រើននាឆ្នាំកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះកិច្ច សហប្រត្តិរវាងចិន និងកម្ពុជា ដែលបានពង្រឹង និងពង្រីក ថែមមួយកម្រិតទៀត។

ឯកឧត្តម ថោង ខុន ក៏បានថ្លែងអំណរគុណ ដល់មិត្តចិន ជាពិសេស តាមរយៈមជ្ឈមណ្ឌលអាស៊ាន-ចិន ដែលបាន សហការ ជាមួយក្រសួង ទេសចរណ៍កម្ពុជា ក្នុងការផ្សព្វផ្សាយ និងទាក់ទាញ ទេសចរចិនកន្លងមក។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានស្នើ ដល់ឯកឧត្តម អគ្គលេខាធិការ ជួយគាំទ្រកម្ពុជា បន្ថែមទៀត ក្រោមខ្លឹមសារ នៃសហគមន៍វាសនារួម កម្ពុជា-ចិន ដែលជាស្មារតី នៃកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅ ថែមមួយកម្រិតទៀត រវាងចិន និងកម្ពុជា ក៏ដូចជាចាប់យក កាលានុវត្តភាពនានា នៃការអភិវឌ្ឍរបស់ចិន ដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងវិថី និងស្មារតីរួម នៃការអភិវឌ្ឍទេសចរណ៍ វប្បធម៌អាស៊ី ដែលសន្និសីទ ស្ដីពីការសន្ទនាអរិយធម៌ អាស៊ីបានផ្ដួចផ្ដើមឡើង។

មជ្ឈមណ្ឌលអាស៊ាន-ចិន រីករាយបន្ត និងពង្រីកផែនការសកម្មភាព អនាគតនានា របស់ក្រសួងទេសចរណ៍ ក្នុងបរិបទ នៃកិច្ចសហប្រតិបត្តិការថ្មីៗ។ ដោយឡែក ឆ្លើយតបនឹងសំណើកម្ពុជា ចំពោះមុខមជ្ឈមណ្ឌល អាស៊ាន-ចិន នឹងជួយកម្ពុជាលើ៖

* បន្តជួយផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា ក្នុងបណ្ដាញសារព័រមាន តាមក្រុមហ៊ុនឯកជន ជាពិសេស ក្នុងព្រឹត្តិការណ៍នានា របស់មជ្ឍមណ្ឌលអាស៊ាន ចិន ។
* ផលិតឯកសារផ្សព្វផ្សាយ ទេសចរណ៍ រៀបចំឲ្យមានដំណើរទស្សនកិច្ច ស្វែងយល់របស់អ្នកសារព័តមាន ប្រតិបត្តិករចិន នៅកម្ពុជា ដើម្បីចងក្រង ការផ្សព្វផ្សាយ និងរៀបចំកញ្ចប់ ទស្សនកិច្ចមកកម្ពុជា។
* ពង្រឹងការបណ្ដុះបណ្ដាល ធនធានមនុស្ស រួមមាន ការបង្រៀនភាសាចិន ដល់មគ្គុទ្ទេសក៍ទេសចណ៍ និងប្រតិបត្តិករនានា ដោយបាន ឯកភាពរៀបចំ វគ្គបណ្ដុះបណ្ដាល លើកទី១ ឆ្នាំនេះ នៅចុងខែឧសភា ខាងមុខ។
* ជួយបណ្ដុះបណ្ដាល ជំនាញទេសចរណ៍ ដល់យុវជន និងជំរុញ ឲ្យមានការចុះកម្មសិក្សា នៅប្រទេសចិន។
* គាំទ្រការអនុវត្តបន្ថែមទៀត លើសៀវភៅស ស្ដីពី China Ready និងធ្វើឲ្យឯកសារ ជាយុទ្ធសាស្ត្រនេះ អាចឆ្លើយតប នឹងបរិបទ នៃកិច្ចសហប្រតិបត្តិការថ្មីៗ។
* ជួយផ្សព្វផ្សាយ ដល់អ្នកវិនិយោគចិន ឲ្យមកវិនិយោគ ក្នុងវិស័យទេសចរណ៍កម្ពុជា បន្ថែមទៀត។