ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ទទួលជួបលោក Nathan M. Belete នាយកប្រតិបត្តិនៃធនាគារពិភព ប្រចាំតំបន់អាស៊ី បូព៌ា និងសហការី ដើម្បីសម្តែងការគួរសម

06 06 2019

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលោម៉ោង ១០:៣០ ព្រឹកថ្ងៃព្រហស្បតិ៍ ០៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម​ រដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Nathan M. Belete នាយកប្រតិបត្តិ នៃធនាគារពិភព ប្រចាំតំបន់អាស៊ី បូព៌ា និងសហការី ដើម្បីសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ ជូនពីវឌ្ឍនភាពនៃគម្រោង ស្តីពីការបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន០២ (LASED II) និងស្នើសុំអនុសាសន៍ ដើម្បីធ្វើការកែលម្អ លើចំណុចខ្វះខាត នៃការអនុវត្តគម្រោងនេះ។

មានមតិស្វាគមន៍ តាមរយ:លោក Nathan M. Belete ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះធនាគារពិភពលោក ដែលបាន ដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយឧបត្ថម្ភគាំទ្រ លើការអភិវឌ្ឍប្រទេសកម្ពុជា និងសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើន ប្រកបដោយចីរភាព ក្នុងនោះក៏មាន វិស័យកសិកម្មផងដែរ ដែលកំពុងស្ថិតក្នុងតំណាក់កាល ធ្វើការផ្លាស់ប្តូរពី កសិកម្មយថាកម្ម ទៅជាកសិ-ឧស្សាហកម្ម កសិ-ពាណិជកម្ម និងកសិ-ទេសចរណ៍ ដោយផ្តោតជាសំខាន់ លើការធ្វើពិពិធកម្ម កសិកម្ម ទំនើបកម្មកសិកម្ម និងការផលិត តាមលក្ខណ បច្ចេកទេស សមស្រប និងមានស្តង់ដារក្នុងការកែច្នៃ ដើម្បីនាំចេញប្រកប ដោយគុណភាព អនាម័យ និងភូតគាមអនាម័យ ឆ្លើយតបតាមតម្រូវការទីផ្សារ។ ធ្វើយ៉ាងនេះ គឺដើម្បីឆ្លើយតបទៅនឹងបរិបទ នៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន ការខ្វះខាតកំលាំង ពលកម្ម ក្នុងស្រុក ការប្រែប្រួលអាកាសធាតុ និងជាពិសេសខិតខំសម្រេច ឲ្យបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាល គឺការប្រែក្លាយកម្ពុជា ទៅជាប្រទេស ដែលមានចំណូលមធ្យម កម្រិតខ្ពស់ នាឆ្នាំ២០៣០ ហើយឯកឧត្តម រដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ នឹងបន្តផ្តល់ការគាំទ្រ ជាពិសេសលើការ ធ្វើប្រពលវប្បកម្មដំណាំ បន្លែ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ធ្វើយ៉ាងនេះ ដើម្បីបង្កើនតម្លៃបន្ថែម ដល់កសិ ផល ពង្រីក និងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេស ធានាគុណភាព សុវត្តិភាពទាំងអនាម័យ និងភូតគាមអនាម័យ ក្នុងគោលបំណង បំពេញខ្សែច្រវាក់ផលិតកម្ម និងកាត់បន្ថយ ការនាំចេញវត្ថុធាតុដើម។

នាឱកាសនេះ លោក Nathan M. Belete បានឯកភាព ចំពោះការលើកឡើង របស់ឯកឧត្តមរដ្ឋមន្ត្រី ហើយក៏បានបញ្ជាក់ថា គម្រោងថ្មីដោយឡែក រវាងធនាគារពិភពលោក និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺពិតជាបានឆ្លើយតប និងស្របតាម ការលើកឡើង ខាងលើ។ ពាក់ព័ន្ធនឹងគម្រោង LASED II នេះវិញ លោកបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា គោលបំណងចំបង របស់គម្រោងនេះគឺ ជួយលើកកម្ពស់ជីវភាព របស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលគម្រោងនេះបាន ជួយគាំទ្រដល់គម្រោង សម្បទានដី សង្គមកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការចែកដីឲ្យកសិករគ្មាន និងមានដីតិចតួច ដើម្បីប្រកបរបប កសិកម្មចិញ្ចឹមគ្រួសារ។ គម្រោងបានអនុវត្ត លើខេត្តគោលដីចំនួន ០៥ មានខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំ កំពង់ស្ពឺ និងកំពង់ធំ ដោយបានផ្តល់ប្រយោជន៍ជូន ៤,៤៤១ គ្រួសារ តាមរយ:ការរៀបចំ ប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងផ្តល់សេវាគាំទ្របច្ចេកទេស កសិកម្មមូលដ្ឋានដើម្បីកែលម្អ កម្រិតជីវភាព តាមរយ:ការបង្កើន ប្រាក់ចំណូល។ គម្រោងមានរយ:ពេល ០៥ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៧-២០២២ ដែលត្រូវចំណាយថវិកាសរុប ២៥លានដុល្លារ។ បច្ចុប្បន្នដោយមានកិច្ចសហការ យ៉ាងល្អប្រសើរពីគ្រប់ភាគី ពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោងបាន និងកំពុងអនុវត្ត ទៅតាមកម្មវិធីដូចបានគ្រោងទុក និងទទួលបានលទ្ធផលគួរជាទីមោទន ដោយកម្រិតជីវភាពគ្រួសារ របស់សម្បទានិក មានការរីកចម្រើន គួរឲ្យកត់សម្គាល់។ មួយវិញទៀត ដើម្បីឲ្យគម្រោងនេះ ទទួលបានជោគជ័យ ដូចការរំពឹងទុក លោក Nathan M. Belete សង្ឃឹមថាឯកឧត្តមរដ្ឋមន្ត្រី និងសហការីនឹងបន្តកិច្ចសហការយ៉ាងល្អនេះ ជាប្រយោជន៍ ដល់អ្នកទទួលផល ពីគម្រោងគឺប្រជាកសិករក្រីក្រ និងងាយរងគ្រោះ។