រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមគាំទ្រកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» នៅកម្ពុជា

09 06 2019

 « សូមមេត្តាជួយគាំទ្រ និងផ្តល់កម្លាំងចិត្ត ដល់កីឡាករ កីឡាការិនីរបស់យើង ដើម្បីធ្វើឱ្យកីឡាប្រកួត “ ទូកនាគ ” កាន់តែរីកចម្រើន ថែមទៀត  ព្រោះនៅក្នុងប្រទេសយើង កីឡានេះ នៅមានកម្រិតនៅឡើយ»  នេះគឺជាប្រសាសន៍អំពាវនាវរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានថ្លែង នៅក្នុងពិធីបិទកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» ជ្រើសរើស ជើងឯកភូមិភាគនិរតី « ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១ » កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។

នាឱកាសចូលរួមព្រឹត្តិការណ៍ខាងលើ ឯកឧត្តម ប៉ាន សូរស័ក្តិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានប្រឹងប្រែងសហការ ជាមួយអាជ្ញាធរខេត្ត រៀបចំព្រឹត្តិការណ៍ ប្រកួតដ៏មានសារៈសំខាន់នេះ ឱ្យមានភាពឧឡាឫក និងទទួលបានជោគជ័យ ដើម្បីផ្តល់ឱកាសជូនកីឡាករ កីឡាការិនីកម្ពុជា ធ្វើការបញ្ចេញទេពកោសល្យ និងវាស់ស្ទង់សមត្ថភាព បច្ចេកទេសហ្វឹកហាត់ កន្លងមក ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣ ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបច្ច័យដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាគ្រប់ប្រភេទ ក៏ដូចជាការផ្តល់ឱកាស ជូនប្រជាពលរដ្ឋបានចូល រួមសម្មភាពកីឡា ដើម្បីទទួលបានកាយពលមាំមួន និងសុខភាពល្អបរិបូណ៌ នៅក្នុងជីវិត សម្រាប់បំពេញកាត្វកិច្ច ជូនក្រុមគ្រួសារ និងចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ។

«ក្រៅពីផ្តល់សុខភាព កីឡាមានគុណប្រយោជន៍ ជួយបណ្តុះបណ្តាលកូនល្អ សិស្សល្អ មិត្តល្អ ឱ្យក្លាយជាពលរដ្ឋល្អ នៅក្នុងសង្គម ស្របតាមពាក្យស្លោក​កីឡាកសាងមនុស្ស-មនុស្សកសាងជាតិ​ និងកីឡាជាយានសម្រាប់អភិវឌ្ឍន៍សង្គម» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

នៅក្នុងឱកាសនោះដែរ ដើម្បីធ្វើឱ្យកីឡាប្រកួតទូកកានូ ទូករ៉ូអ៊ីង និងទូកប្រពៃណី នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែមានវឌ្ឍនភាព ថែមទៀត ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់ នូវអនុសាសន៍សំខាន់ៗ ដល់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចំនួន ៥ចំណុច ដូចខាងក្រោម៖
១- ត្រូវខិតខំបណ្តុះបណ្តាល បង្កើនបរិមាណកីឡាករ កីឡាការិនី តាមបណ្តាសមាគម កីឡា ទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» ទូកកានូ ទូករ៉ូអ៊ីង រាជធានី-ខេត្ត ក្រសួងស្ថាប័ន ឱ្យបានទូលំទូលាយ ហើយត្រូវស្វែងរកសម្ភារៈហ្វឹកហាត់ ឱ្យបានគ្រប់គ្រាន់។
២- ត្រូវខិតខំពង្រឹង សមត្ថភាពអាជ្ញាកណ្តាល និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីមានភាពម្ចាស់ការខ្ពស់ ក្នុងការរៀបចំ ការប្រកួតកីឡានេះ នៅគ្រប់កម្រិត។
៣- ត្រូវបំផុសឱ្យមានការចូលរួម ពីមហាជន និងជំរុញ ឱ្យមានការហ្វឹកហាត់ ជាប្រចាំ ជាពិសេស នៅតាមបណ្តាសមាគម ទូទាំងប្រទេស។
៤- ត្រូវពង្រឹងរចនាសម្ព័ន្ធ គ្រប់គ្រងផ្ទៃក្នុង របស់សហព័ន្ធ ក្លឹប និងសមាគម ទូទាំងប្រទេស។
៥- ត្រូវខិតខំស្វែងរកដៃគូ និងកៀងគរជំនួយបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ ប្រកួតឱ្យបានច្រើន ក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន។