អ្នកជំនាញការនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យសកម្មភាពកសាងផ្លូវឡើងភ្នំគូលែន

09​ 06 2019

ក្នុងគោលបំណងចុះពិនិត្យ​ និងតាមដានការអនុវត្ត នូវអនុសាសន៍ ដែលបានផ្តល់ជូននាកិច្ចប្រជុំ បច្ចេកទេស លើកទី៣១ នៅថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ៩ ខែមិថុនា ឆ្នាំ២០១៩ អ្នកជំនាញការ នៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ អមដោយមន្ត្រី នៃអាជ្ញាធរជាតិអប្សរា  បានអញ្ជើញទៅពិនិត្យផ្ទាល់ នៅការដ្ឋានកសាងផ្លូវឡើងភ្នំគូលែន ដែលមានប្រវែង ៣២គីឡូម៉ែត្រ។

ជាការកត់សំគាល់ អ្នកជំនាញការ បានធ្វើការពិនិត្យអំពីលទ្ធផល ដែលអនុវត្តនាពេលកន្លងមក និងផ្តល់យោបល់បច្ចេកទេសបន្ថែម អំពីដំណោះស្រាយផ្សេងៗ ដែលកើតមានដើម្បីកាត់បន្ថយ នូវការប៉ះពាល់ដល់តម្លៃ និងទេសភាពវប្បធម៌ នៃភ្នំគូលែន ដែលជាទីតាំង ប្រវត្តិសាស្ត្រដ៏សំខាន់ នាសម័យបុរាណ និងបច្ចុប្បន្ន។

សូមបញ្ជាក់ថា អ្នកជំនាញការនឹងត្រូវធ្វើរបាយការណ៍ ជូនអង្គប្រជុំបច្ចេកទេស គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ លើកទី៣២ នៅថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៩ នូវរាល់ការចុះត្រួតពិនិត្យរបស់ខ្លួន នៅគ្រប់ការដ្ឋានអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅរមណីយដ្ឋានអង្គរ៕