ប្រតិភូជាន់ខ្ពស់ក្រសួងបរិស្ថានចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពលោកជំទាវ ផ្លេក ភិរុណ

09 06 2019

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ​ ក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ក្រសួងបរិស្ថាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា និងជាអតីត អគ្គលេខាធិការដ្ឋសភា ដែលទទួលមរណភាព កាលពីថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកសក័ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៥:៣០នាទីរសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយរោគាពាធ។ សពលោកជំទាវ ផ្លេក ភិរុណ តម្កល់ធ្វើបុណ្យយ៉ាងអធឹកអធម សាកសមនឹងកិត្តិយស របស់លោកជំទាវ នៅវត្តបទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាងនាមឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន ឯកឧត្តម ផៃ ប៊ុនឈឿន បានសម្ដែង នូវការសោកស្ដាយ ស្រណោះអាឡោះ អាល័យក្រៃលែង និងសូមចូលរួមរំលែក នូវមរណទុក្ខ ជាមួយលោក អ៊ុង តារារ័ត្នមុនី ព្រមទាំង ក្រុមគ្រួសារទាំងអស់ នៃសព ប្រកបដោយសមានទុក្ខ និងក្ដីសង្វេគទុក្ខរកទីបំផុតគ្មាន ចំពោះការបាត់បង់ នូវម្ដាយ និងជីដូន ជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ ពិសេសលោកជំទាវ គឺជាឥស្សរជន របស់ជាតិ ដ៏ឆ្នើមមួយរូប ដែលបាន បូជាអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតីស្ទើរពេញមួយជីវិត បម្រើជាតិ មាតុភូមិ ដោយឥតនឿយហត់ ក្នុងឋានៈ ជាប្រធានកាកបាទក្រហមកម្ពុជា និងជាអតីត អគ្គលេខាធិការដ្ឋសភា លោកជំទាវបានបម្រើផលប្រយោជន៍ ប្រជាជនយ៉ាងស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការសង្គម និងមនុស្សធ៌ម ដោយមិនប្រកាន់និន្នាការ ពណ៌សម្បុរ ជាតិសាសន៍ ព្រមទាំងបុព្វហេតុ បម្រើការពារ នៃការរស់ឡើងវិញ របស់កម្ពុជា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។