លោកជំទាវ ភឿង សកុណា៖ គ្មានជោគជ័យពីក្រៅណាមួយកើតឡើង ដោយគ្មានជោគជ័យពីផ្ទៃក្នុងខ្លួនឯងនោះឡើយ​ !

11​ 06 2019

ក្នុងឱកាសផ្តល់បទសម្ភាសន៍​ ជាមួយអ្នកសារព័ត៌មាន អំពីគណៈ​កម្មា​ធិការ អន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និង អភិវឌ្ឍន៍តំបន់ ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធាន អាជ្ញាធរជាតិ​អប្សរា បានបញ្ជាក់ថា៖ អាយស៊ីស៊ី-អង្គរ បានដំណើរការយ៉ាងល្អប្រសើរ និង ជាគំរូសម្រាប់ពិភពលោក រយៈពេល​២៥ឆ្នាំ​មកហើយ និងជាជោគជ័យ យ៉ាងត្រចះត្រចង់ នៃយន្តការអន្តរជាតិមួយ ដែលមានការចូលរួម ពីអង្គ​ការយូណេស្កូ ប្រទេសបារាំង ប្រទេសជប៉ុន ក្នុងនាមជាសហប្រធាន រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិជាច្រើនទៀត។  ទន្ទឹមគ្នានេះដែរ ជោគជ័យ​ទាំងនោះ មិនអាចកើតឡើងបានឡើយ បើគ្មានការ ជោគជ័យពីផ្ទៃក្នុង ខ្លួនឯងជាមុន។

ជោគជ័យផ្ទៃក្នុងទាំងនោះ រួមមាន ឆន្ទៈដ៏មោះមុត និងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ថែរក្សា បេតិកភណ្ឌវប្បធម៌ ឱ្យបានគង់វង្ស ព្រមទាំងការចូលរួមដោយផ្ទាល់ របស់អង្គព្រះមហាក្សត្រ ដែលព្រះ​អង្គ​គង់​ជា​ ព្រះ​ប្រធាន​កិត្តិយស នៃអាយស៊ីស៊ី-អង្គរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែយក​ចិត្តទុក​ដាក់​ខ្ពស់ ព្រមទាំងបានផ្តល់ នូវការជួយជ្រោមជ្រែង គ្រប់សព្វបែបយ៉ាង លើកិច្ចការថែរក្សាមរតកដូនតា ដ៏ឧត្តុងឧត្តមនេះ។ ជាពិសេសកត្តាសុខសន្តិភាពពេញលេញ ក្នុងផ្ទៃប្រទេសនាំមក នូវការអភិវឌ្ឍគ្រប់វិស័យ បានអនុញ្ញាត ឱ្យ​យើង​ពង្រឹង​ខ្លួន ដើម្បីធ្វើ​ការជាមួយ អ្នកជំនាញអន្តរជាតិផង និងខ្លួនឯងផង។

ការគាំទ្រពីមហាជនទូទៅ ការយល់ដឹងពីតម្លៃ នៃបេតិកភណ្ឌជាតិ ក៏ជាចំណុច​យ៉ាងសំខាន់ ក្នុងការចូល​រួម​ចំណែក​​ នៃជោគជ័យ​នេះដែរ។ ឧទាហរណ៍ជាក់ស្តែង​ គឺការ​សម្រេចព្រះទ័យ របស់ព្រះសង្ឃគង់ នៅវត្តលលៃ​ដោយស្ម័​គ្រ​ព្រះទ័យ​ធ្វើការផ្លាស់ប្តូរកុដិនិង សំណង់ក្នុងវត្ត ពីលើខឿនប្រាសាទលលៃ មកគង់នៅផ្នែកខាងក្រោម ​នៃបរិវេណ​ប្រា​សាទ​លលៃវិញ។ នេះគឺជាគំរូដ៏ល្អ សម្រាប់ជាតិ និងអន្តរជាតិ ដើម្បីចៀសវាងការប៉ះពាល់ ដល់បុរាណដ្ឋាននានា។

កត្តាជោគជ័យចុងក្រោយ គឺការពង្រីក និងពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ របស់អ្នកជំនាញជាតិ។ បច្ចុប្បន្នអ្នកជំនាញខ្មែរ ពិសេសអ្នកជំនាញវ័យក្មេង មានសមត្ថភាព​ ក្នុងការបំពេញការងារ បានយ៉ាងល្អប្រសើរ និង​ពង្រឹ​ង​សមត្ថភាពខ្លួនបន្ថែម ព្រោះថា បើខ្លួនយើងមិនរឹងមាំ យើងមិនអាចសហការ ជាមួយស្ថាប័ន​ ខាងក្រៅបាន​ឡើយ​។ ជាក់​ស្តែង អ្នកជំនាញខ្មែរ កំពុងតែបានដឹកនាំ និងអនុវត្តដោយផ្ទាល់ នូវគម្រោងជួសជុលយ៉ាង​ច្រើន ក្នុងរមណីយដ្ឋាន​អង្គរ៕