គណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត ជំរុញឱ្យគ្រប់ក្រុង-ខណ្ឌ ទីប្រជុំជន រមណីយដ្ឋានទេសចរណ៍ទាំងអស់បន្តកិច្ចប្រឹងប្រែងលើកកម្ពស់ភាពស្អាត និងភាពបៃតង

11​ 06 2019

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតំលៃ​ ទីក្រុងស្អាត បានជំរុញហើយជំរុញទៀត ឱ្យគ្រប់ក្រុង-ខណ្ឌ ទីប្រជុំជន រមណីយដ្ឋាន ទេសចរណ៍ទាំងអស់ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់ភាពស្អាត និងភាពបៃតង ដើម្បីចូលរួម ក្នុងចលនាប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាត អាស៊ាន និងចលនាប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ការជំរុញនេះ ត្រូវបានធ្វើឡើងជាថ្មី ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងនីតិវិធី នៃចលនាប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ ក្រោមអធិបតីភាព ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងអនុប្រធាន គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ ឯកឧត្តម ជា បូរ៉ា បានថ្លែងថា ក្របខណ្ឌថ្នាក់ជាតិ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាជម្រើសយុទ្ធសាស្រ្ត ដ៏សមស្របបំផុតមួយ ក្នុងការចូលរួមអភិវឌ្ឍ ទេសចរណ៍ បៃតង និងរួមចំណែកធ្វើឲ្យកម្ពុជា ឆ្ពោះទៅរកភាពស្អាត និងបៃតង។

ឯកឧត្តម បានជំរុញឱ្យគ្រប់ក្រុង-ខណ្ឌ ទីប្រជុំជន រមណីយដ្ឋាន ទេសចរណ៍ទាំងអស់ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់ភាពស្អាត និងភាពបៃតង ដែលជាចក្ខុវិស័យវែងឆ្ងាយ របស់កម្ពុជា ដោយត្រូវប្រកាន់ខ្ជាប់ នូវទស្សនទាន «ការអភិវឌ្ឍបច្ចុប្បន្ន គឺសម្រាប់យើង បច្ចុប្បន្នផង និងជំនាន់ក្រោយផង»។

គួរបញ្ជាក់ថា កម្ពុជា បានធ្វើការប្រកាសផ្សព្វផ្សាយ ជាផ្លូវការ នៃការដាក់ឲ្យដំណើរការ នៃចលនាប្រឡងប្រណាំង ទីក្រុងស្អាតថ្នាក់ជាតិ ចំនួន ២លើក រួចទៅហើយ ដែលការប្រកាសជ័យលាភីនេះ ត្រូវបានធ្វើឡើង នាឱកាសសន្និបាត បូកសរុបការងារទេសចរណ៍ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយពិធី អបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៦ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ដោយឡែក នៅកម្រិតតំបន់អាស៊ាន ក៏តម្រូវឲ្យមានការរៀបចំ អភិវឌ្ឍតំបន់អាស៊ាន ឲ្យក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយភាព ទាក់ទាញ ផ្តល់ភាពកក់ក្តៅ និងប្រកបដោយគុណភាព ជូនភ្ញៀវទេសចរ នូវបទពិសោធន៍ ដ៏សម្បូរបែប និងចងចាំ ព្រមជាមួយ នឹងការធានា នូវការអភិវឌ្ឍទេសចរណ៍មួយ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ និងបែងចែកផល ប្រកបដោយសមធម៌ សំដៅរួមចំណែក យ៉ាងសំខាន់ ក្នុងសុខុលមាភាពផ្នែកសង្គម និងសេដ្ឋកិច្ច របស់ប្រជាជនអាស៊ាន។ ក្នុងន័យនេះ ការរៀបចំបង្កើត នូវស្តង់ដាទេសចរណ៍នានា របស់អាស៊ាន រួមមាន៖ ស្តង់ដាសណ្ឋាគារបៃតងអាស៊ាន ស្តង់ដាផ្ទះស្នាក់អាស៊ាន ស្តង់ដាស៉្បា និងផាសុកភាពអាស៊ាន ស្តង់ដាបង្គន់ សាធារណៈអាស៊ាន ស្តង់ដាទេសចរណ៍ សហគមន៍អាស៊ាន និងស្តង់ដាទីក្រុងទេសចរណ៍ស្អាត អាស៊ាន និងស្ដង់ដា បន្ទប់ប្រជុំអាស៊ាន (MICE Venue) ជាដើម។

ស្តង់ដាទីក្រុងទេសចរណ៍ស្អាត អាស៊ាន (ASEAN Clean Tourist City Standard) គឺជាគំនិតផ្តួចផ្តើម របស់កម្ពុជា ដែលជាប្រទេសនាំមុខ ក្នុងការរៀបចំ ហើយត្រូវបានអនុម័តដាក់ ឲ្យដំណើរការដោយ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នាឱកាសកិច្ចប្រជុំរដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន (M-ATM) លើកទី១៨ កាលពីខែមករា ឆ្នាំ២០១៥ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។ តាមរយៈការដាក់ ឲ្យដំណើរការស្តង់ដា ទីក្រុងទេសចរណ៍ ស្អាតអាស៊ាននេះ ប្រទេសជាសមាជិក អាស៊ានបានប្តេជ្ញាចិត្ត ក្នុងការបន្តអភិវឌ្ឍ ទីក្រុងទេសចរណ៍ទាំងអស់ ជាទីក្រុងស្អាត ជាទីក្រុងបៃតងជាទីក្រុង មានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងជាទីក្រុងទេសចរណ៍ ប្រកបដោយការទាក់ទាញ និងប្រកួតប្រជែងខ្ពស់ ដែលជាកត្តាគន្លឹះ និងជាមូលដ្ឋាន ដើម្បីធានានិរន្តរភាព នៃកំណើនទេសចរណ៍ និងក៏ជាមូលដ្ឋានទ្រទ្រង់ ដល់ការធ្វើសមាហរណកម្មកម្ពុជា  ក្នុងតំបន់អាស៊ានផងដែរ។

ឆ្លើយតបទៅនឹងបញ្ហានេះ កម្ពុជាបានចូលរួម ក្នុងចលនាប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី១ ម្តងហើយ កាលពីដើមឆ្នាំ២០១៨ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដែលកាលនោះក្រុង ចំនួន៣ របស់កម្ពុជា រួមមាន ក្រុងបាត់ដំបង ក្រុងកែប និងទីក្រុងសៀមរាប បានទទួលជាជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

សម្រាប់ការប្រឡងប្រណាំង លើកទី២នេះ រាជរដ្ឋាភិបាល បានសម្រេចជ្រើសរើស បេក្ខភាពឆ្នើមថ្មីចំនួន៦ ដែលជាជ័យលាភីទីក្រុងស្អាត ថ្នាក់ជាតិ ក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាត លើកទី២ ជាបេក្ខភាព ក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ ស្អាតអាស៊ាន លើកទី២ រួមមាន៖ ក្រុងកំពត (ខេត្តកំពត) ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ក្រុងកំពង់ចាម (ខេត្តកំពង់ចាម) ក្រុងពោធិ៍សាត់ (ខេត្តពោធិ៍សាត់) ក្រុងតាខ្មៅ (ខេត្តកណ្តាល) និងក្រុងកំពង់ឆ្នាំង (ខេត្តកំពង់ឆ្នាំង) ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានរួចរាល់ និងឈានឆ្ពោះ ទៅរកជ័យលាភី ក្នុងការប្រឡងប្រណាំង ទីក្រុងទេសចរណ៍ ស្អាតអាស៊ានលើកទី២ សម្រាប់ឆ្នាំ២០២០-២០២២ ដែលគ្រោង នឹងប្រកាសលទ្ធផល ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) នៅប្រទេសព្រុយណេដារូសាឡឹម នាដើមខែមករា ក្នុងឆ្នាំ២០២០៕