សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣

12​ 06 2019

នាព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស​ ចូលកាន់មុខតំណែង ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលប្រជុំសាលារាជធានីភ្នំពេញ ដោយមានអ្នកចូលរួម ប្រមាណជា ៤០០នាក់។

ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើង នូវចំណុចសំខាន់ៗមួយចំនួន ដែលអាជ្ញាធរ រាជធានីភ្នំពេញ បានបំពេញនាពេលកន្លងមកជូន សម្ដេចក្រឡាហោម រួមមាន៖ ទី១-ស្ថានភាពរដ្ឋបាលដែនដី, ទី២-សមិទ្ធផលសំខាន់ៗ ដែលគណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី២ សម្រេចបាន, និងទី៣-អំពីលទ្ធផល នៃការបោះឆ្នោតជ្រើស តាំងក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ផងដែរ។ ឯកឧត្តមបន្តថា សមិទ្ធផល និងស្នាដៃការងារ ដែលគណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានព្រមទាំងលទ្ធផល នៃការបោះឆ្នោតនាពេលនេះ គឺជាមូលដ្ឋានឆ្លុះបញ្ចាំង ឲ្យឃើញកាន់តែច្បាស់ អំពីការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញ ជាប់ជាប្រចាំរបស់សម្ដេច។ ឯកឧត្តម សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋទីក្រុង សម្ព័ន្ធមេត្រីភាព មន្ទីរអង្គភាពជំនាញរដ្ឋបាល ខណ្ឌអង្គការសង្គមស៊ីវិល និងវិស័យឯកជន ដែលតែងតែផ្ដល់ នូវការឧបត្ថម្ភគាំទ្រ ជ្រោមជ្រែងសហការ ដល់តម្រូវឲ្យផ្ដល់តម្លៃ និងចូលរួមអនុវត្តការងារ ដោយឈរលើស្មារតី សាមគ្គីភាពមិត្តភាព ឯកភាពផ្ទៃក្នុងអាណត្តិទី ២ នៃក្រុមប្រឹក្សា នាពេលកន្លងមក ធ្វើឲ្យកិត្យានុភាពរដ្ឋបាល រាជធានីភ្នំពេញកាន់តែ ត្រូវបានលើកកម្ពស់ និងសូមបន្ត ចូលរួមសហការ ឱ្យបានកាន់តែសកម្មខ្លាំងក្លា បន្ថែមទៀត។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីបន្តនិរន្តរភាពការងារ ក្រុមប្រឹក្សា និងដើម្បីជាសក្ខីភាព ឆ្លើយតបទៅនឹងទំនុកចិត្ត របស់អង្គបោះឆ្នោត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ឯកឧត្តមនឹងខិតខំ បំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ខ្ពស់ដោយសូមធ្វើការប្ដេជ្ញាចិត្ត ដូចខាងក្រោម៖
ទី១- ប្ដេជ្ញាគោរព និងប្រតិបត្តិ ដោយភក្តីភាពចំពោះ ជាតិសាសនាព្រះមហាក្សត្រ និងប្ដេជ្ញាការពារ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ដើម្បីធានាការពារ សុខសន្តិភាព ស្ថេរភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ ផលប្រយោជន៍ជាតិ និងដើម្បីធានាបានការអនុវត្ត នៅកូកាគន្លឹះនានា នៃអភិបាលកិច្ចល្អ រួមមានគណនេយ្យភាព នីតិរដ្ឋ តម្លាភាព ការចូលរួម ការលើកស្ទួយសមធម៌ ការឆ្លើយតបប្រសិទ្ធភាព និងភាពស័ក្កិសិទ្ធិ។
ទី២- ប្ដេជ្ញាអនុវត្ត ឲ្យមានប្រសិទ្ធភាព នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដល់កិច្ចសហការល្អ ជាមួយក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន នៅរាជធានីភ្នំពេញ និងតាមបណ្ដាខណ្ឌទាំង ១៤ ជាពិសេសប្ដេជ្ញាអនុវត្ត សេចក្តីសម្រេច គោលនយោបាយ ក្របខណ្ឌយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំ ដែលបានដាក់ចេញ ដោយគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
ទី៣- ប្ដេជ្ញាពង្រឹងតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា ដោយឈរលើគោលការណ៍ រដ្ឋបាលឯកភាព ដើម្បីឲ្យរដ្ឋបាលនេះ មានភាពម្ចាស់ការ ក្នុងការគ្រប់គ្រង ការចាត់ចែងមុខងារ បុគ្គលិកទ្រព្យសម្បត្តិ និងធនធានហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាព ចំទិសដៅ នឹងឆ្លើយតប ទាន់ពេលវេលា នូវតម្រូវការជាអាទិភាព របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាពិសេស ជំរុញការផ្ដល់សេវាសាធារណៈ តាមរយៈយន្តការច្រកចេញ ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ។
ទី៤- ពង្រឹងសាមគ្គីភាពផ្ទៃ ក្នុងក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីបុគ្គលិក ក្រោមឱវាទរដ្ឋបាល រាជធានីភ្នំពេញ ពង្រឹងកិច្ច សហប្រតិបត្តិការល្អ និងបណ្ដាក្រសួងស្ថាប័ន អង្គភាពរដ្ឋ មន្ទីរអង្គភាព ជំនាញ ទីក្រុងសម្ព័ន្ធមេត្រីភាព អង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន ដើម្បីចូលរួមថែរក្សា សុខសន្តិភាពស្ថេរភាព នយោបាយសណ្ដាប់ធ្នាប់ សាធារណៈនិងការអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចម្រើន ថែមទៀត។

សមាជិកសមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ ទាំង ២២៧ រូបនឹងបន្តបំពេញមុខងារ របស់ខ្លួនដោយអនុលោម ទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ជាពិសេស គឺអនុវត្តនូវតួនាទី ភារកិច្ចស្របតាមច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានីខេត្តក្រុង ស្រុកខណ្ឌ និងអនុក្រឹត្យ ស្ដីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងារ របស់ ក្រុមប្រឹក្សា គណៈអភិបាល រាជធានីភ្នំពេញ និងក្រុមប្រឹក្សាគណៈអភិបាលខណ្ឌ នៃរាជធានីភ្នំពេញ ដើម្បីសម្រេច នូវគោលបំណង ក្នុងការបង្កើត ជំរុញ និងការធ្វើឱ្យមានចីរភាព ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ តាមរយៈការធ្វើកំណែទម្រង់ រដ្ឋបាល សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមកម្មវិធី នយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី ៤ របស់ រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានប្រកាសថា នៅឆ្នាំ២០១៩នេះ ត្រូវតែបញ្ចប់ការចែក ចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមខារ៉ាអូខេ និងក្លឹបកំសាន្ត ពីព្រោះជាការ ទទួលខុសត្រូវធំធេង និងធ្ងន់ធ្ងន់ណាស់ ចំពោះមុខប្រវត្តិសាស្រ្ត របស់យើងទាំងអស់គ្នា ដូច្នេះកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ទូទាំង២៥រាជធានី-ខេត្ត ត្រូវរួមគ្នាលុបបំបាត់ បទល្មើសគ្រឿងញៀន នៅក្នុងខារ៉ាអូខេ និងក្លឹបកំសាន្តអោយបាន ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបន្តទៀតថា រឿងលាងលុយ ឥលូវនេះកម្ពុជា ត្រូវចាត់ទុកថា ជាប្រទេសប្រផេះ ចឹងគេឃ្លាំមើល ព្រោះមួយជំហានទៀត វាទៅខ្មៅនោះ បើសិនជារឿងមិនយកចិត្តទុកដាក់។ ខ្ញុំយល់ថា អ្នកឃុបឃិតរកស៊ីរឿងនេះ បានតែមនុស្សមួយក្រុមនោះទេ ប៉ុន្ដែបើងាប់ៗប្រទេស និងប្រជាជាតិ។ បើថ្ងៃណាមួយគេចាត់ទុកថា កម្ពុជាជាប្រទេសខ្មៅលាងលុយចប់ ដែលប្រឈមនឹងការលំបាក។

នៅក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សារាជធានី ភ្នំពេញ អាណត្តិទី៣ សម្ដេច បានសង្កត់ធ្ងន់ថា ប្រសិនបើស្រាវជ្រាវ រកឃើញមានបទល្មើសនេះ ត្រូវរាយការណ៍ភ្លាម ទៅសម្ដេចផ្ទាល់ ហើយត្រូវមានវិធានការស្រាវជ្រាវ និងឈាន ដល់ការបង្ក្រាបជាក់ស្ដែង។

ទោះយ៉ាងណាក៏ដោយ ក្នុងនាមសម្ដេច ជាប្រមុខដឹកនាំ ក្រសួងមហាផ្ទៃ ត្រូវតែក្រើនរំលឹក ដល់អ្នកដែលប្រព្រឹត្តបទល្មើសនេះ ពិតជាមាន ល្បិចខ្ពស់ណាស់ ដូច្នេះហើយសមត្ថកិច្ច ដែលមានការពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្ន លើករណីនេះ ឱ្យមែនទែន៕