សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ឆ្នាំ២០១៩

12​ 06 2019

នៅព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកជាផ្លូវការ នូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ASIA MEDIA SUMMIT 2019 ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។

សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ»។ សន្និសីទនេះ បានជជែកពិភាក្សា ទៅបញ្ហាប្រឈម របស់ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មាន ក្នុងយុគសម័យ បច្ចេកវិទ្យាទំនើបនេះ និងការប្រកួតប្រជែង ដ៏ខ្លាំងក្លាជាមួយបណ្តាញ សង្គមនេះ នឹងមានអ្នកចូលរួម ជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័ន រដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៦០០នាក់ មកពីបណ្ដាប្រទេសទេស ជាង៤២ នៅក្នុងតំបន់ និងលើពិភពលោក។ សន្និសីទនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិ នាំមុខមួយ ក្នុងវិស័យសោតទស្សន៍ ដែលផ្តល់ កាលានុវត្តភាព ដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករ សោតទស្សន៍ និងបុគ្គលិក បម្រើការងារ ឲ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យ ឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែង គោលនយោបាយ នៅជុំវិញពិភពលោក ដើម្បីជួបជុំ និងពិភាក្សា អំពីការអភិវឌ្ឍគុណភាព នៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងអំឡុងពេល នៃបដិវត្តន៍បច្ចេកវិទ្យាទំនើប។

ថ្លែងក្នុងពិធីបើក សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ ស្ថាប័នជាតិ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ ព្រមទាំងគណៈប្រតិភូ ទាំងអស់ ដែលមានវត្តមាន នៅលើទឹកដីអង្គរ ខេត្តសៀមរាប ដែលជាតំបន់ប្រវត្តិសាស្ត្រ ដ៏ល្បីរបស់កម្ពុជា ។  ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះវិទ្យាស្ថាន អភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ អាស៊ីប៉ាស៊ីហ្វិក ដែលបានខិតខំជំរុញការអភិវឌ្ឍ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានឤស៊ី ឱ្យដើរទាន់ការរីកចម្រើន នៃបច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា ចរន្តនៃការរកីចម្រើន ផ្នែកវិទ្យាសាស្ត្រនិងបច្ចេក- វិទ្យាទំនើប បានប្រែក្លាយ ឌីជីថលឆ្ពោះទៅកាន់ បដិវដ្តឧស្សាហកម្មទី៤ ដែលជាកត្តាគន្លឹះ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើង នូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដូចខាងក្រោម ៖
ទី១)បច្ចេកវិទ្យា ឌីជីថល បានជំនួស ការប្រើប្រាស់បច្ចេកវិទ្យា ឤណាឡូកប្រកបដោយសក្តានុពល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព ដូចជាសំឡេង រូបភាព ល្បឿននៃការបញ្ជូនទិន្នន័យ ការរក្សាទុកទិន្នន័យ ការសន្សំសំចៃ នៃការប្រើប្រាស់ រលកឤកាសវិទ្យុ ការកាត់បន្ថយចំណាយ ផលិតកម្ម ការបង្កើនផលិតភាព សំបូរបែប ក្នុងវិស័យឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត ការចែករំលែក និងការទទួលព័ត៌មានតាមមធ្យោបាយ ដ៏សំបូរបែប។ កម្ពុជាបាន និងកំពុងរៀបចំធ្វើការផ្លាស់ប្តូរ ប្រព័ន្ធផ្សាយទូរទស្សន៍ ពីឤណាឡូក (Analog) ទៅឌីជីថល (Digital) ដែល គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដើម្បីសម្របខ្លួន ទៅនឹងស្ថានភាព នៃការវិវត្តន៍ប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ ឌីជីថល ក្នុងតំបន់ និងសកលលោក ព្រមទាំងការសិក្សា ដើម្បីបញ្ជៀសផលប៉ះញល់ផ្សេងៗ និងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ដើម្បី ដោះស្រាយបញ្ហា ដែលកើត ចេញពីការប្រើប្រាស់ បច្ចេកវិទ្យាថ្មីនេះ ។
​​ទី២)បច្ចេកវិទ្យា ឌីជីថលបានរួមបញ្ចូលគ្នា រវាងវិស័យ ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ ហើយបង្កើតបាន នូវសក្តានុពល លើប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ឌីជីថល និងបណ្តាញទំនាក់ទំនង ជាសកល តាមប្រព័ន្ធអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយ តាមបណ្តាញ ទំនាក់ទំនងសង្គម Facebook ,YouTube WeChat ,Telegram ,Twitter) ជាដើម ដែលបង្កើនសក្តានុពល ប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន និង ការតភ្ជាប់បណ្តាញ ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សម្រួល ដល់ការធ្វើញណិជ្ជកម្ម កាត់បន្ថយរបាំងទីផ្សារ បង្កើតឱកាសឱ្យ វិស័យឯកជន និងសហគ្រិន ដើម្បីមានលទ្ធភាពច្នៃប្រឌិត នូវធុរកិច្ច ថ្មីៗ ។
​ទី៣) ច្ចេកវិទ្យា ឌីជីថល បានធ្វើឱ្យការគ្រប់គ្រង ប្រទេសក្លាយទៅជារដ្ឋាភិបាល ឌីជីថល ក្នុងការបង្កើនសកម្មភាព សេដ្ឋកិច្ច ឌីជីថល ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃ សេវាសាធារណៈ ប្រកបដោយគណនេយ្យភាព តម្លាភាព និងការតភ្ជាប់បណ្តាញ ទំនាក់ ទំនងផ្ទៃក្នុង និងសកលលោកទាំងមូល ។

ទន្ទឹមនឹងផលវិជ្ជមាននេះ បច្ចេកវិទ្យា ឌីជីថល នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានផ្តល់គុណវិបត្តិផ្សេងៗ ដែលធ្វើឱ្យសកលលោក កំពុងប្រឈមទៅ នឹងព័ត៌មានក្លែងបន្លំ ការញុះញង់បញ្ឆេះកំហឹង ការជេរប្រមាថដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដូចជាការហេក (Hack) ចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់ តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គលជាដើម បាននិងកំពុងគំរាម ដល់សន្តិសុខតំបន់ និងសកលលោក ទាំងមូល ។ ដូច្នេះ តម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាបង្កើន នូវកិច្ចសហ-ប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌក្នុងតំបន់ និងសកលលោក ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ ។

ដើម្បីឱ្យបដិវត្តឧស្សាហកម្មទី៤ ដែលជាចរន្តនៃ ការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើនទំនុកចិត្ត លើប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ឌីជីថល ព្រមទាំងផ្តល់អត្ថប្រយោជន៍ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទំនាក់ទំនង និងសន្តិសុខនៅ ក្នុងតំបន់នោះ សម្តេចតេជោបានផ្តល់ នូវគំនិតផ្តួចផ្តើមមួយចំនួន ដល់អង្គសន្និសីទ ដូចខាងក្រោម ៖
​​១) ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និង សកលលោក ដើម្បីផ្លាស់ប្តូរ ព័ត៌មាន បទពិសោធន៍ការអភិវឌ្ឍ បច្ចេកវិទ្យានិងការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយក អត្ថប្រយោជន៍ ពីបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតឡើងនូវ កាលានុវត្តភាព នៃបច្ចេកវិទ្យាឌីជីថល ។
​​
២) ត្រូវរួមគ្នាបង្កើនកិច្ច សហប្រតិបត្តិការ ទប់ស្កាត់ព័ត៌មាន ក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈ ការផ្សព្វផ្សាយ ព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ ។

៣) ត្រូវពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មា នក្លែងបន្លំគំនុំគុំកួន ការជេរប្រមាថ ការញុះញង់បញ្ឆេះកំហឹង ដោយការស្អប់ខ្ពើមរើសអើង បង្កជម្លោះ រវាងជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មាន ខុសពីការពិត ដែលបង្កើតឱ្យមានអសន្តិសុខសង្គម ។
​​
៤) ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយទំនាស់ នៃការផ្សាយព័ត៌មាន ដែលបង្កឱ្យកើតមានភាពវឹកវរ និងប៉ះពាល់ ដល់ការប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថល ។
​​
៥) ត្រូវរួមគ្នាយកចិត្តទុកដាក់ បង្កើនសមត្ថភាពយល់ដឹង ទាំងផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីដើរ ឱ្យទាន់តម្រូវការទីផ្សារ ការវិវត្ត នៃបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ និងការវិវត្តសភាពការណ៍ សកលលោក។
​​
៦) ត្រូវធ្វើឱ្យ្របព័ន្ធផ្សព្វផ្សាយ ប្រពៃណីក្លាយ ជាប្រព័ន្ធ ដែលមានភាពវ័យឆ្លាត និងឤចបត់បែន ទៅតាមស្ថានភាពជាក់ស្តែង និងការវិវត្តន៍ នៃបច្ចេកវិទ្យាទំនើប ដើម្បីប្រឈម នឹងការប្រកួតប្រជែងទីផ្សារ ក្នុងយុគសម័យឌីជីថល ។

៧) ត្រូវរួមគ្នាកសាងគោលនយោបាយ ក្របខណ្ឌយុទ្ធសា្រស្ត បទប្បញ្ញត្តិច្បាប់ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបទប្បញ្ញត្តិស្តង់ដា សុវត្ថិភាពឌីជីថល ដែលជាកត្តាចាំបាច់ សម្រាប់ការគ្រប់គ្រងសុវត្ថិភាព ទិន្នន័យ ក្នុងការធ្វើពាណិជ្ជកម្ម ការទូទាត់តាមប្រព័ន្ធ អេឡិកត្រូនិក និងសន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រឆាំង នឹងពត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ។

ជាមួយនឹងការប្រកាសបើកសន្និសីទកំពូល “សារព័ត៌មានឤស៊ីលើកទី១៦” នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរអោយអង្គសន្និសីទ ទទួលបានជោគជ័យ ក្នុងការផ្លាស់ប្តូរមតិ ដើម្បីជាប្រយោជន៍ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព័ត៌មានក្នុងតំបន់ និងសកលលោក និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី សូមទទួល បាននូវផាសុកភាព និងអនុស្សាវរីយ៍ល្អៗ ក្នុងការស្នាក់នៅលើទឹក ដីអង្គរដ៏ល្បីល្បាញនៃកម្ពុជា ៕