ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេស និងមន្ត្រីជាន់ខ្ពស់ក្រសួងអញ្ជើញចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៣

13 06 2019

ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេស  និងមន្ត្រីជាន់ខ្ពស់ ក្រសួងអញ្ជើញ ចុះត្រួតពិនិត្យ គុណភាពកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ ដែលកំពុងជួសជុល ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពត និងខេត្តព្រះសីហនុ។

កំណាត់ផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ (ចំណុចប្រសព្វផ្លូវជាតិលេខ៤ និងលេខ៣) មានប្រវែងសរុប ៥៤,៣០ គម ស្ថិតក្រោមគម្រោងជួសជុល និងសាងសង់ឡើងវិញ ជាប្រភេទផ្លូវបេតុង កៅស៊ូ (AC)។

កំណាត់ផ្លូវនេះ ត្រូវបានចាប់ផ្ដើមជួសជុល និងសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ អនុវត្តគម្រោង មានរយៈពេល១៨ ខែ និងថែទាំប្រចាំរយៈពេល ៣៦ខែ ចំណាយថវិកា ប្រមាណ ១២,០៦១លានដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទាន ធនាគារពិភពលោក បច្ចុប្បន្ន គម្រោងផ្លូវនេះ អនុវត្តការជួសជុល និងសាងសង់សម្រេចបាន ៦៧,៥០%ហើយ និងគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

ការចុះត្រួតពិនិត្យនេះ ក្រសួងបានរកឃើញថា៖ ផ្នែកខ្លះ នៃកំណាត់ផ្លូវនេះ សាងសង់មិន ទាន់ស្របតាមលក្ខណៈ បច្ចេកទេស ដោយត្រង់ចំណុច ដែល បានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ ដែលត្រូវចាត់វិធានការ ដោះស្រាយ ឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានដាក់កំហិត ឲ្យក្រុមហ៊ុនពិនិត្យ និងកែតម្រូវឡើងវិញឲ្យ បានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ទើបក្រសួងអាចទទួលយកបាន។ ទន្ទឹមនឹងនេះ ឯកឧត្តម ទេសរដ្ឋ មន្ត្រី បានបញ្ជាក់ពីគោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រង លើការសាងសង់ឲ្យបានម៉ឺងម៉ាត់ ដើម្បីធានា គុណភាពផ្លូវប្រើប្រាស់ជាប់បានយូរអង្វែង ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ច