បង្កាន់ដៃនាគ​ ដែលលម្អដោយអសុរ និងទេវតា នៅក្លោងទ្វារដីឆ្នាំង កំពុងទទួលបានការជួសជុល ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា

25 06 2019

បង្កាន់ដៃនាគ លម្អដោយអសុរ និងទេវតានៅខ្លោងទ្វារដីឆ្នាំង កំពុងដំណើរការបើកការដ្ឋាន ជួសជុលកាល ពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីទទួលបានអនុសាសន៍ សម្រេចពីកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ។

មានប្រសាសន៍ ក្នុងពិធីប្រុងពលី បើកការដ្ឋានជួសជុល ឯកឧត្តម គឹម សុធិន អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា កន្លែងសំខាន់ ដែលត្រូវជួសជុលមានរូបទេវតា ៥អង្គ និងរូបយក្សកាន់ក្បាលនាគ នៅផ្នែកខាងមុខ ដែលផ្អៀង គ្រឹះស្រុតដោយសារទឹកភ្លៀង ហូរច្រោះដី ទើបតម្រូវ ឱ្យមានការជួសជុល ព្រោះមានហានិភ័យខ្ពស់។ ដើម្បីជៀសវាង ការដួលរលំ អ្នកជំនាញត្រូវរើពង្រឹងគ្រឹះ និងរៀបរូបឱ្យរឹងមាំ មានជំហត្រង់ឡើងវិញ។ ម្យ៉ាងទៀត ក្បាលនាគនេះ ធ្លាប់ដួលរួចម្តងហើយ ព្រោះវាខុសពីជំនាន់បារាំង។ គម្រោងនេះនឹងបញ្ចប់ ក្នុងរយៈពេល ១ឆ្នាំ ចំណាយថវិការ របស់មូលនិធិអភិរក្សអង្គរ ជួសជុលដោយនាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ។

លោក ឃាម មុនី ស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុល បានឱ្យដឹងថា បង្កាន់ដៃនាគ លម្អដោយអសុរ និងទេវតា នៅក្លោងទ្វារដីឆ្នាំង មានប្រវែង ១១២ម៉ែត្រ រងការខូចខាត ដោយសារកត្តាមនុស្ស ភាពជាប់មាំ របស់សម្ភារៈហួសកាលកំណត់ អាយុកាលនៃថ្ម អាកាសធាតុ និងរុក្ខជាតិជាដើម។ ម្យ៉ាងទៀត បើតាមរយៈរូបភាពថត មុនឆ្នាំ១៩៣៩ ចម្លាក់ទាំងនេះ គឺដួលទាំងអស់ គ្មានរូបរាងជាជួរអ្វីឡើយ ហើយត្រូវបានបារាំងជួសជុល រួចរាល់ នៅឆ្នាំ១៩៤៤។

បន្ថែមពីនោះ លោកប្រធាន គម្រោងរូបនេះ ក៏បានឱ្យដឹង ពីមូលហេតុសំខាន់ ដែលត្រូវជួសជុលអសុរ ព្រោះចម្លាក់នេះទ្រេត ហើយក្បាលនាគ បានធ្លាក់អស់។ ចំណែកទេវតា ៥អង្គ គឺប្រឈមខ្លាំង នឹងការរលំដួល រីឯស៊ីម៉ង់តិ៍ ដែលជាបាយអររបេះចេញ ពីសំណង់ពុកផុយ អស់សុពលភាព។ ដូច្នេះក្រុមការងារ នឹងរៀបចំជួសជុល សារឡើងវិញ ព្រមទាំងរៀបប្រព័ន្ធបង្ហូរទឹក កុំឱ្យវាដក់ ឬហូរច្រោះដី និងស្វែងរកថ្មចាស់ មកបំពេញកន្លែងបាត់បង់ ឱ្យត្រឹមត្រូវតាមលំនាំដើម ដូចសម័យបារាំង បានជួសជុលរួច នាឆ្នាំ១៩៤៤៕