ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំជាង២០០នាក់ទៅសិក្សាស្វែងយល់ប្រវត្តិសាស្ត្រវិមានឈ្នះឈ្នះ

07 07 2019

ថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម​ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ បានដឹកនាំមន្ត្រី សាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំ ជាង២០០នាក់ ទៅធ្វើទស្សនកិច្ច នៅវិមានឈ្នះឈ្នះ ។

កម្មវិធីនេះរៀបចំឡើង នៅវិមានឈ្នះឈ្នះ ត្រូវបានទទួលស្វាគមន៍ ពីក្រុមការងារមគ្គុទេស យ៉ាងយកចិត្តទុកដាក់ ក្នុងការណែនាំ ចង្អុលបង្ហាញ ឲ្យគណប្រតិភូ បានជ្រាបពីអត្ថន័យ នៃរូបភាព និងវត្ថុតាំងនានា ពាក់ព័ន្ធនឹងការតស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍ របស់ថ្នាក់ដឹកនាំកម្ពុជា ឆ្លាក់ជាប់លើជញ្ជាំង និងតាំង បង្ហាញពាសពេញបរិវេណ នៃវិមាននេះ។

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី បានយកឱកាសនេះ គូសបញ្ជាក់អំពី សុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសមិទ្ធផលនានា ដែលសម្រេច បានដ៏ត្រចះត្រចង់ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំ ដើម្បីបានយល់ដឹង និងយកទៅ ត្រិះរិះពិចារណា ផ្សព្វផ្សាយបន្ត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា សុខសន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់លទ្ធភាព ឲ្យកម្ពុជាអាចទាក់ទាញ វិនិយោគិនបរទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងរកទីផ្សារ សម្រាប់លក់ផលិតផល និងបង្កើតការងារ ធ្វើជូនប្រជាពលរដ្ឋ ដើម្បីលើក កម្ពស់សេដ្ឋកិច្ចគ្រួសារ និងមានជីវភាពធូរធារ សម្បូរសប្បាយដូចសព្វថ្ងៃ។

សូមជម្រាបជូនថា ជោគជ័យ នៃនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យរបបប្រល័យពូជសាសន៍ ប៉ុលពតត្រូវរលំ រលាយទាំងស្រុង ទាំងអង្គការចាត់តាំង នយោបាយ និងយោធា ធ្វើឲ្យប្រទេសជាតិទាំងមូល មានសន្តិភាពពេញលេញ មានការឯកភាពជាតិ និងការឯកភាពទឹកដី ទាំងស្រុង ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩៨ មក ៕