ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលសួរសុខទុក្ខអង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី១

07 07 2019

នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបសំណេះសំណាល សួរសុខទុក្ខអង្គភាព សម្ព័ន្ធមេត្រីភាព ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី១ ដោយមានការចូលរួមពី កងពលតូចលេខ ១២៨ វរៈការពារព្រំដែន លេខ៧០១ បញ្ជាការកងវិស្វកម្ម និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន នៅភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។

ជាមួយនឹងការពាំនាំ ប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធាន រដ្ឋសភា សម្តេចក្រឡាហោម រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក៏ដូចជាការសាកសួរសុខទុក្ខ ពីសណាក់ សម្តេចពិជ័យសេនា រដ្ឋមន្ត្រីក្រសួង ការពារជាតិ ជូនចំពោះនាយទាហាន និងពលទាហាន ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានវាយតម្លៃខ្ពស់ ចំពោះវីរភាព អង់អាច ក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការការពារ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឱ្យបានគង់វង្ស ក៏ដូចជាបានរួម ចំណែកយ៉ាងធំធេង ក្នុងការការពារធនធាន ធម្មជាតិ នៅក្នុង ភូមិសាស្ត្រនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រកាសបន្តពង្រឹងពង្រីក ចំណងមេត្រីភាពជាមួយបញ្ជាការដ្ឋាន យោធភូមិភាគទី១ ឱ្យកាន់តែរឹងមាំ ថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី សូមសម្តែង នូវការគោរពដឹងគុណ ជូនចំពោះនាយទាហាន នាយទាហានរង ពលទាហានគ្រប់រូប ដែលបានគាំទ្រ យ៉ាងពេញទំហឹង ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល និងគោរពដោយម៉ឹងម៉ាត់ នូវរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ និងបទបញ្ជាទាំងឡាយ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ហើយបានអប់រំខ្លួន ប្រកបដោយការតស៊ូអត់ធ្មត់ ព្យាយាមដើម្បីក្លាយជាកងទ័ព ដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសម ជាកូនចៅដ៏ពិតប្រាកដ របស់ប្រជាជន ហ៊ានពលីជីវិត ដើម្បីជាតិមាតុភូមិ។ ឯកឧត្តម សាយ សំអាល់ បានស្នើ ដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ ជាពិសេស កងទ័ពការពារព្រំដែន នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ត្រូវរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ដើម្បីពង្រឹងបានកម្លាំងមួយ ដ៏រឹងមាំ ក្នុងការការពារបូរណភាពទឹកដី ឲ្យបានគង់វង្ស រក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេស លើគ្រប់វិស័យ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ផ្លែផ្កានៃសុខសន្តិភាព បានធ្វើឱ្យប្រជាជន និងយុវជនបច្ចុប្បន្ន កំពុងតែសប្បាយរីករាយ ជាមួយនឹងវឌ្ឍនភាព និងវិបុលភាព ដែលកើតចេញពីការ អនុវត្ត “នយោបាយ ឈ្នះ-ឈ្នះ” និងការបន្តអនុវត្តនូវ “យុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី ៤” ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល ក្រោម ការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយរក្សា បាននូវកំណើនសេដ្ឋកិច្ច ជាមធ្យម ៧% ក្នុងមួយឆ្នាំ។ សុខ សន្តិភាពពេញលេញ ឯកភាព ទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និរន្តរភាព នៃស្ថាប័នរដ្ឋ និងសុវត្ថិភាពនិង សណ្តាប់ធ្នាប់សង្គម ដ៏ល្អប្រសើរ នៅទូទាំងប្រទេស គឺសក្ខីភាពនៃការ ឈានឡើងរបស់កម្ពុជា ដោយចាប់ផ្តើមពីបាតដៃទទេ និងក្នុងដំណើរឆ្លងកាត់ ដ៏វែងឆ្ងាយបត់បែន និងលំបាក ជាច្រើនរាប់មិនអស់ ហើយទទួលបានការសាទរ និង ការទទួលស្គាល់ ពីមជ្ឈមណ្ឌលជាតិ និង អន្តរជាតិ ដោយស្មើមុខ និងស្មើសិទ្ធិ នៅក្នុងដំណើរ ឆ្ពោះទៅ សម្រេចបានប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការកងយោធពល ខេមរភូមិន្ទយោធភូមិភាគទី១ បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ របស់ឯកឧត្តម រដ្ឋមន្ត្រី និងប្រតិភូក្រសួងបរិស្ថាន ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលតែងបាន គិតគូខ្ពស់ ពីសុខទុក្ខ និងជីវភាពរស់នៅ របស់កងទ័ព ទាំងនៅសមរភូមិមុខ និងសមរភូមិក្រោយ។ ឯកឧត្តម បានបញ្ជាក់ថា កងទ័ពទាំងអស់ នៅក្នុងខេត្តស្ទឹងត្រែង នឹងបន្តខិតខំ បំពេញភារកិច្ច ការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ឲ្យបានកាន់តែរឹងមាំថែមទៀត៕