ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ

09 07 2019

ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្ដមសមាជិក ក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការមន្ទីរ ប្រមាណ១៣៦នាក់។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ៖ ការស្ដារហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនឡើងវិញ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន នៅខេត្តព្រះសីហនុ គឺជាការចាំបាច់ ព្រោះថាផ្លូវ គឺជាសរសៃឈាម សេដ្ឋកិច្ចជាតិ ដូចនេះយើងត្រូវពង្រឹង និងពង្រីកការកសាង ហេដ្ឋារចនាសម្ព័ន្ធ ដោយប្រកាន់ភ្ជាប់ នូវចក្ខុវិស័យ គឺធ្វើផ្លូវឱ្យបានមាំ។

ជាមួយគ្នានោះ ផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីទាំងមូល នូវគម្រោងកំពុងអនុវត្ត និងគម្រោង ដែលនឹងត្រូវអនុវត្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទង នឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំខាន់ៗមួយចំនួន ដូចជា៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៨ ស្ពាន និងកំពង់ផែ ដោយលើកកម្ពស់គុណភាព និងពង្រីកបន្ថែម ឱ្យសមស្របតាមការរីកចម្រើន លើវិស័យដឹកជញ្ជូន របស់ប្រទេសជាតិ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ទន្ទឹមនឹងការងារសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន មានតួនាទីផ្ដល់ សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានលឿន ប្រសិទ្ធភាព និងតម្លាភាព ធ្វើយ៉ាងណាបង្ខិត សេវាសាធារណៈឱ្យជិតប្រជាពលរដ្ឋ តាមរយៈការ ចុះបញ្ជីយានយន្ត ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធអនឡាញ និងកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ជាដើម។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ ដែលខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយ ចិត្តក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងបានផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់ អនុវត្តអនុសាសន៍ទាំង ១១ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន រួបរួមសាគ្គីសហការគ្នាថែមទៀត ក្នុងការបម្រើប្រជារាស្ត្រ ឱ្យបានកាន់តែប្រសើរមួយកម្រិតទៀត។