កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី

09 07 2019

ទំនាក់ទំនងពាណិជ្ជកម្ម​ រវាងកម្ពុជា-អាមេរិក នៅតែមានលក្ខណៈវិជ្ជមាន មិនមានសញ្ញាណថមថយឡើយ ខណៈភាគីទាំងពីរ បានបង្ហាញឆន្ទៈ ក្នុងការបន្តពង្រឹងកិច្ច សហប្រតិបត្តិការ លើវិស័យធុរកិច្ច និងវិនិយោគ រាប់ចាប់តាំងពីទំនិញ ប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់សេវាកម្ម បច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិក នេះបើតាមកិច្ចពិភាក្សា រវាង ឯកឧត្តម ប៉ាន សូរស័ក្តិ និងគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Alexander Feldman និងមានការចូលរួមពីលោក Michael Newbill ភារធារីនៃស្ថានទូត អាមេរិក ប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបធ្វើឡើង នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ លោក Alexander Feldman រួមជាមួយតំណាង សាជីវកម្មធំៗ របស់អាមេរិក មានដូចជា ConocoPhillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook, Amazon Web Service, Oracle, Google, Master Card និង Visa Card សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយម ចំពោះទីផ្សារកម្ពុជា និងមានបំណង បណ្តាក់ទុនបន្ថែម ដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។

យ៉ាងណាក៏ដោយ ការអនុវត្តស្តង់ដារ រថយន្តអាស៊ាន, នីតិវិធីនាំចូល សម្ភារបរិក្ខាពេទ្យ និងគ្រឿងម៉ាស៊ីន សម្រាប់បម្រើវិស័យ អាកាសចរណ៍, ការទប់ស្កាត់សកម្មភាពរត់ពន្ធ ផលិតផលកូកា-កូឡាឆ្លងដែន, ពាណិជ្ជកម្មអេឡិចត្រូនិក និងការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល គឺជារបៀបវារៈ ដែលបានលើកឡើង ដោយភាគីអាមេរិក។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ ចំពោះគណៈប្រតិភូ US-ABC និងបានជម្រាប ជូនលោក Alexander Feldman និងតំណាងសាជីវកម្មទាំងអស់ អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញ នូវយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់នានា ដើម្បីលើកកម្ពស់ឧត្តមភាព ប្រកួតប្រជែងរបស់កម្ពុជា និងការពារអត្ថប្រយោជន៍ ជូនវិស័យឯកជន ដែលជាក្បាលម៉ាស៊ីន ដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការបកស្រាយ នូវសំណួរទាំងឡាយ របស់តំណាងសាជីវកម្មអាមេរិក និងបានគូសបញ្ជាក់ ពីប្តេជ្ញាចិត្តរបស់ក្រសួង ពាណិជ្ជកម្ម ក្នុងការបន្ត លើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញការវិនិយោគ បន្ថែមពីបរទេស។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ US-ABC ពីភាពដឹកនាំ របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងការចរចា បង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន និងដៃគូ រួមមាន អាស៊ាន +១, អាស៊ាន +៣ និងអាស៊ាន +៦ ព្រមទាំងកិច្ចប្រឹងប្រែង លុបបំបាត់របាំងពន្ធគយ និងគោលនយោបាយ គាំពារនិយម ជាដើម។

សូមជម្រាបថា កាលពីឆ្នាំ២០១៨ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបាន ៤,២៦៤លានដុល្លារ គឺបានកើនឡើង ប្រមាណ ២៣% ធៀបនឹងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ គិតត្រឹម ខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុប នៃប្រទេសទាំងពីរ សម្រេចបាន ទឹកប្រាក់ ១,៦៥៦លានដុល្លារ គឺបានកើនឡើង ២៣,៧១% ធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨។