អន្តរក្រសួងពិនិត្យ​ និងផ្តល់យោបល់ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងអាជីវកម្មថ្មអារ (ថ្មក្រានីត) នៅខេត្តក្រចេះ

09 07 2019

នៅរសៀលថ្ងៃអង្គារ ៨កើត ខែអាសាឍ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ស្តីពីការពិនិត្យ​និងផ្តល់យោបល់​លើរបាយការណ៍វាយតម្លៃ​ ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) សម្រាប់គម្រោង អាជីវកម្មថ្មអារ(ថ្មក្រានីត) លើផ្ទៃដីទំហំ ៤០ហិកតា ស្ថិតនៅក្នុងតំបន់វាលល្វៀង ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ របស់ក្រុមហ៊ុន ហ្គោលដេន អេវើរីស អ៉ិនធើណេសិនណល ខូ អិលធីឌី ដែលត្រូវបានសិក្សា និងរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA)ដោយក្រុមហ៊ុនទីប្រឹក្សា អ៉ិនវ៉ាយរ៉ូថេក សឺវីស ខូ អិលធីឌី(Envirothech Service Co.,Ltd)។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្ដម លោក និងលោកស្រី តំណាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាល ព្រៃឈើ និងរដ្ឋបាលជលផល)ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងមន្ទីរបរិស្ថានខេត្ដក្រចេះ និងតំណាងនាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន ហ្គោលដេនអេវើរីស អ៉ិនធើណេសិនណល ខូ អិលធីឌី និងក្រុមហ៊ុនទីប្រឹក្សា ជាច្រើននាក់ផងដែរ។
អង្គប្រជុំបានសម្រេចលទ្ធផល ដូចខាងក្រោម៖
១- គាំទ្រចំពោះការបង្កើត គម្រោងអាជីវកម្មថ្មអារ (ថ្មក្រានីត) របស់ក្រុមហ៊ុន ហ្គោលដេន អេវើរីស អ៉ិនធើណេសិនណល ខូ អិលធីឌី នៅខេត្តក្រចេះ
២- ក្រុមហ៊ុន ហ្គោលដេន អេវើរីស អ៉ិនធើណេសិនណលខូ អិលធីឌី ត្រូវបង់មូលនិធិបរិស្ថាន និងសង្គម០.៦៥ដុល្លា ក្នុងមួយម៉ែតត្រីគុណ នៃបរិមាណថ្ម ដែលផលិតបានឬបង់ទៅតាមការកំណត់ របស់ក្រសួងបរិស្ថាន
៣- ក្រុមហ៊ុន ហ្គោលដេន អេវើរីស អ៉ិនធើណេ សិនណល ខូ អិលធីឌី ត្រូវគ្រប់គ្រងសំណល់រឹង-រាវ ជាពិសេសសំណង់រឹង ដូចជាកម្ទេចថ្ម ឱ្យបានត្រឹមត្រូវតាមស្ដង់ដាណែនាំ របស់ក្រសួងបរិស្ថាន និងត្រូវ ធ្វើអាងប្រព្រឹត្តកម្មស្តុកទឹកកខ្វក់ អោយបានសមស្របទៅ នឹងទំហំអាជីវកម្ម
៤- ក្រុមហ៊ុន ហ្គោលដេន អេវើរីស អ៉ិនធើណេសិនណល ខូអិលធីឌី ត្រូវសហការ ជាមួយក្រុមហ៊ុនទីប្រឹក្សា ដើមី្បបញ្ចូលមតិណែនាំលម្អិត ដែលនាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថានផ្តល់ជូន និងបន្ថែម នូវរាល់មតិណែនាំ របស់អន្តរក្រសួង ក្នុងកិច្ចប្រជុំនេះទៅ ក្នុងរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមដំបូង អោយបានត្រឹមត្រូវ។