អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះត្រួតពិនិត្យនិងតាមដានការអនុវត្តការងារតាមបណ្តាការដ្ឋានក្នុងរមណីយដ្ឋានអង្គរ

10 07 2019

នាព្រឹកថ្ងៃពុធ ៩កើត ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីជំនាញ និងប្រធានគម្រោង នៅតាមការរដ្ឋាននីមួយៗ បានចុះត្រួតពិនិត្យ និងតាមដានដំណើរការវិវត្ត ការងារផ្សេងៗ នៅក្នុងតំបន់អង្គរ។

ដំណើរត្រួតពិនិត្យ និងតាមដានការវិវត្ត នៃការងារនេះ បានផ្តោត ទៅលើដំណើរការជួសជុល កែលម្អបញ្ជរលក់សំបុត្រចាស់ ឱ្យទៅជាមជ្ឈមណ្ឌល បម្រើសេវាកម្មរបស់អាជ្ញាធរជាតិអប្សរា គម្រោងអភិវឌ្ឍន៍ផ្លូវកង់ សម្រាប់ទេសចរ និងប្រជាជន ក្នុងតំបន់ ការដ្ឋានជួសជុលស្រះអង្គរវត្ត ផ្នែកខាងជើង ការរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថានល្អតាមដងផ្លូវ ជុំវិញកសិន្ធុ ប្រាសាទអង្គរវត្ត និងធ្វើឱ្យប្រសើរឡើងវិញ នៅកន្លែងចំណតរថយន្តបណ្តោះអាសន្ន។

ក្រោយពីស្តាប់បទបង្ហាញ ការវិវត្ត នៃការងារ ផលលំបាក បញ្ហាប្រឈមនានា របស់អ្នកជំនាញ លើគម្រោងនីមួយៗ ឯកឧត្តម ហង់ ពៅ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ ប្រកបដោយជំនាញបច្ចេកទេស និងទំនួលខុសត្រូវខ្ពស់ ជាពិសេសការគោរព ទៅតាមបទដ្ឋានជួសជុល អភិរក្សដែលអ្នកជំនាញការ អាយស៊ីស៊ី-អង្គរ បានផ្តល់ជូននាពេលកន្លងមក។ បន្ថែមពីនោះ ឯកឧត្តមក៏បានផ្តល់ នូវមតិកែលម្អ ដើម្បីអភិវឌ្ឍន៍ការងារ ឱ្យកាន់តែប្រសើរ ព្រមទាំងទទួលយក នូវរាល់សំណូមពរពីអ្នកជំនាញ និងពលករជំនាញ ប្រចាំការដ្ឋាន ទាំងនោះផងដែរ៕