កំណាត់ផ្លូវចំនួន២២ខ្សែក្នុងខេត្តព្រះសីហនុ ស្ថិតក្រោមគម្រោងជួសជុលធ្វើឱ្យប្រសើរឡើង

10 07 2019

ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារ ជាមួយឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទាក់ទនឹងបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួង និងឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ នៃសាលាខេត្តផងដែរ។

ជំនួបពិភាក្សានេះ ផ្តោតជាសំខាន់ លើការរិះរកនីតិវិធីពន្លឿន ការជួសជុលកំណាត់ផ្លូវរងការខូចខាត ចំនួន២២ខែ្ស ដែលជាផ្លូវប្រកប ដោយសក្ដានុពល សេដ្ឋកិច្ចខ្ពស់ សំដៅសម្រួលដល់ការដឹកជញ្ជូន របស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ ចរាចរណ៍ និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបង្ហូរទឹក។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីសក្កានុពលទេសចរណ៍ ខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ច ដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដោយសារខេត្តនេះ មានហូរចូល នូវការវិនិយោគយ៉ាងគំហុក ទាក់ទងនឹងវិស័យឧស្សាហកម្ម ទេសចរណ៍ រោងចក្រ និងសហគ្រាសផ្សេងៗ របស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ប៉ុន្តែកត្តាធម្មជាតិ របស់ខេត្តនេះជាបញ្ហាប្រឈម ធ្វើឱ្យកំណាត់ផ្លូវមួយចំនួនទទួលរង នូវការខូចខាតដោយ អន្លើ ដែលចាំបាច់ត្រូវដោះស្រាយ ដើម្បីសម្រួលដល់ការដឹកជញ្ជូន របស់បងប្អូន ប្រជាពលរដ្ឋផងដែរ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ ក្រសួងនឹងសហការ ជាមួយរដ្ឋបាល ខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការ ជួសជុលកំណាត់ផ្លូវ ទាំង២២ខ្សែនេះឱ្យបានលឿន ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ វិនិយោគិន និងការនាំចេញនាំចូល សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក៏ដូចជាត្រៀមរៀបចំ បុណ្យសមុទ្រ នៅឆ្នាំ២០២០ និងកិច្ចប្រជុំអាស៊ាន នាពេលខាងមុខនេះផងដែរ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត ស្ថាប័ន និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង អភិវឌ្ឍខេត្តទេសចរណ៍មួយ ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ច ដ៏មានសក្ដានុភាព និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ចូលរួមសហការជិតស្និទ្ធ ក្នុងការពន្លឿនការកសាងជួសជុល ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងទឹកភ្លៀងឱ្យបានចប់សព្វគ្រប់ តាមកាលកំណត់សម្រួល ដល់ការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ និងត្រៀមរៀបចំ ស្វាគមន៍ពិធីបុណ្យសមុទ្រ នៅឆ្នាំ២០២០ និងកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ នាពេលខាងមុខ៕