អភិបាលខេត្តកំពង់ចាម រួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្រមើលករណីបាក់ច្រាំងទន្លេក្នុងភូមិសាស្រ្ត ភូមិព្រះអណ្តូង និងភូមិពាម ស្ថិតនៅឃុំពាមកោះស្លា

10 07 2019

នៅព្រឹកថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ រួមនិងសហការី បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដើម្បីចុះពិនិត្រ មើលករណីបាក់ច្រាំងទន្លេ ក្នុងភូមិសាស្រ្ត ភូមិព្រះអណ្តូង និងភូមិពាម ស្ថិតនៅឃុំពាមកោះស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ការចុះពិនិត្រនេះ គឺដើម្បីឆ្លើយតបនឹង ការសុំកិច្ចអន្តរាគមន៍ របស់អាជ្ញាធរខេត្តកំពង់ចាម ក្នុងគោលបំណង ត្រៀមទប់ស្តាប់ជាមុន នៅករណីកើតឡើងផ្សេងៗ ក្នុងរដូវវស្សា ដូចជាការបាក់ស្រុតច្រាំងទន្លេ ឬអាចបណ្តាលមកពីការហូរច្រះ កម្លាំងទឹកន្លេមេគង្គ ដែលអាចធ្វើអោយខូចខាត នៅហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ជាដើម ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិសាស្រ្តភូមិព្រះអណ្តូង និងភូមិពាម ស្ថិតនៅឃុំពាមកោះស្លា ស្រុកស្ទឹងត្រង់ ប្រមាណ១៣០គ្រួសារ ដែលរងផលប៉ះពាល់ ក៍ដូចជារងការគំរាមគំហែង ពីការបាក់ច្រាំងទន្លេ អោយមាន ការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ពិសេសនៅរដូវទឹកឡើងនេះ ។ ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម រួមនិងសហការី ក៍បានអញ្ចើញចុះពិនិត្រមើល ផ្លូវខេត្តលេខ ២២៣ ដែលមានប្រវែង ៣០០ម៉ែត្រ ដែលផ្លូវនេះ អាចប្រឈមនិងការបាក់ស្រុត។ ឯកឧត្តម នាយឧត្តមសេនីយ៍ និងសហការី បានរិះរកពិធីសាស្រ្តមួយចំនួន ដើម្បីផ្តល់ ជូនទៅដល់អាជ្ញាធរខេត្តកំពង់ចាម ទប់ស្កាត់កុំឱ្យមានការខូចខាត ក្នុងរដូវវស្សានេះ។

គួររំលឹកថា អាជ្ញាធរខេត្តកំពង់ចាម បានបញ្ជាក់ថាកាលពីរដូវទឹក សម្រកទន្លេមេគង្គឆ្នាំ២០១៨ កន្លងទៅ ចាំងទន្លេ នៅភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ក្នុងឃុំកោះស្លា ស្រុកស្ទឹងត្រង់ ពិសេសនៅចំណុចមុខសាលាបឋមសិក្សា ព្រះអណ្តូង ធ្លាប់ទទួលរង់ នូវការបាក់ស្រុតជាបន្តបន្ទាប់ ដែលបណ្តាលឱ្យ ផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម៉ែត្រ ប្រឈមនឹងការបាក់ស្រុត ដែលអាចនាំ ឱ្យកាត់ផ្តាច់ចរាចរណ៍ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយដោយសាររដ្ឋបាលខេត្ត ពុំមានបច្ចេកទេស និងថវិកាគ្រប់គ្រាន់ ក្នុងការសិក្សា លក្ខណៈបច្ចេកទេស ដើម្បីបញ្ចៀស ការបាក់ស្រុតច្រាំងទន្លេ ដែលនឹងឈាន ដល់ការកាត់ផ្តាច់ចរាចរណ៍ នៅត្រង់ចំណុចខាងលើ ពិសេសនៅមុនរដូវទឹកឡើង ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្ត បានសុំកិច្ចអន្តរាគមន៍ ដល់ក្រសួងធនធានទឹក និងឧតុនិយមបន្ថែមទៀត ក្នុងការចុះសិក្សា លក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ ការបាក់ស្រុតផ្លូវខេត្ត លេខ២២៣ នៅត្រង់ចំណុច ប៉ះពាល់ ខាងលើឱ្យបានទាន់ពេលវេលា៕