កិច្ចដំណើរការក្រាលកៅស៊ូលើកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េរបស់អាជ្ញាធរជាតិអប្សរា

14 07 2019

ក្រោយពីបានឈូសឆាយ បង្ហាប់គ្រឹះ រៀបចំប្រព័ន្ធរំដោះទឹក ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ (ស្វាយធំ-ព្រះដាក់) កំពុងដំណើរការ ក្រាលកៅស៊ូហើយ នៅព្រឹកថ្ងៃសុក្រ ១១កើតខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ គម្រោងកែលម្អនេះ គឺចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៦ ចំណុចផ្សារស្វាយធំខាងកើត រហូតដល់រង្វង់មូលកូនដំរី ស្ថិតក្នុងឃុំព្រះដាក ស្រុកបន្ទាយស្រី។

យោងតាមរបាយការណ៍សង្ខេប របស់នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ គម្រោងជួសជុល ក្រាលកៅស៊ូ ដែលកំពុងដែល ដំណើរការនេះ នឹងធ្វើឡើងជាដំណាក់កាលៗ ក្នុងទិសដៅពីត្បូងទៅជើង។ ដំណាក់កាលទី១ ចាប់ផ្តើមពីចំណុចកែង ផ្លូវជាតិលេខ៦ រហូតដល់រង្វង់មូលព្រៃគុយ។ រីឯដំណាក់កាលទី២ ចាប់ពីរង្វង់មូលព្រៃគុយរហូត ដល់រង្វង់មូលកូនដំរី។ ជាសរុបផ្លូវនេះ មានទទឹង ៧ម៉ែត្រ អ៊ុតបេតុងកៅស៊ូ(AC) មានកម្រាស់៦សង់ទីម៉ែត្រ និងមានប្រវែងសរុប ១៤,៦៧៥ម៉ែត្រ៕