កាណាដា គ្រោងទិញសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃជាង ៩១លានដុល្លារ នៅក្នុងឆ្នាំ ២០១៩-២០២០

18 07 2019

ប្រទេសកាណាដា ​ មានគម្រោងទិញផលិតផល សម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៩១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៩ និង២០២០ ដែលខ្ពស់ជាងការបញ្ជាទិញ ពីប្រទេសចិន នេះបើតាមការឱ្យដឹង ពីតំណាងក្រុមហ៊ុន Reitman's Global Sourcing on Garment ដែលជាដៃគូ ពាណិជ្ជកម្មដ៏សំខាន់មួយ របស់កម្ពុជា។

នៅក្នុងជំនួបជាមួយ ឯកឧត្តម ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកហ្គារី រ៉ូស​ (Gary Ross) ប្រធាន​ក្រុម​ហ៊ុន​ Reitman បានបង្ហាញសុទិដ្ឋិនិយម ចំពោះវឌ្ឍនភាព នៃឧស្សាហកម្មកាត់ដេរ នៅកម្ពុជា និងបានកោតសរសើរ ចំពោះកំណែទម្រង់មុតស្រួច ព្រមទាំងវិធានការថ្មីៗ របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងភាព ប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការធ្វើឱ្យប្រសើរទ្បើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។

លោកប្រធាន ក្រុមហ៊ុនរូបនេះ ក៏បានថ្លែងអំណរគុណ ក្រសួងពាណិជ្ជកម្ម ដែលជានិច្ចជាកាល តែងផ្តល់កិច្ចសហការ សម្របសម្រួល ការបញ្ជាទិញសម្លៀក បំពាក់របស់ក្រុមហ៊ុន និងតែងឆ្លើយតប យ៉ាងវិជ្ជមាន ចំពោះក្តីកង្វល់ និងសំណូមពរនានា របស់ភាគីកាណាដា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីស្ដីទី ឱក ប៊ុង បានថ្លែងអំណរគុណ ចំពោះលោក ហ្គារី រ៉ូស ដែលបានផ្តល់ទំនុកចិត្ត មកលើការដឹកនាំ របស់រាជដ្ឋាភិបាលកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កាណាដា ជាពិសេសកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងដំណើការចរចាបង្កើតកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដែលគាំទ្រ ដោយប្រទេសទាំងពីរ។

ឯកឧត្តម រដ្ឋមន្រ្តីស្ដីទី  ក៏បានជម្រាប ភាគីកាណាដា អំពីវឌ្ឍនភាពសេដ្ឋកិច្ច និងកំណើននាំចេញ របស់កម្ពុជាក្នុងរយៈពេល ពីរទសវត្សរ៍ចុងក្រោយ ដែលបានកើន ចាប់ពីទឹកប្រាក់ ១ប៊ីលានដុល្លារអាមេរិក (២០០១) ដល់ ១៣ប៊ីលានដុល្លារអាមេរិក (២០១៨) ព្រមទាំងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំទ្រ គម្រោងរោងចក្រ កាន់តែប្រសើរឡើង នៅកម្ពុជា (BFC) របស់អង្គការ ពលកម្មអន្តរជាតិ (ILO) ដើម្បីលើកស្ទួយលក្ខខណ្ឌការងារ នៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់។

សូមជម្រាបថា Reitman គឺជាក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ ដ៏ធំរបស់កាណាដា ដែលបានធ្វើប្រតិបត្តិការ ពាណិជ្ជកម្ម​ ជាមួយឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់កម្ពុជា ចាប់តាំងពីឆ្នាំ២០០២-២០០៣ ហើយកាលពីឆ្នាំ២០១៦ ក្រុមហ៊ុនមួយនេះ បានបញ្ជាទិញផលិតផល សម្លៀកបំពាក់ ពីរោងចក្រចំនួន ១៤ នៅកម្ពុជា ក្នុងតម្លៃជាទឹកប្រាក់ ៦៦លានដុល្លារអាមេរិក​ ផងដែរ។