រាជរដ្ឋាភិបាលកំណត់យកថ្ងៃ២០-២២ ខែធ្នូ រៀបចំបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពត

22​ 07 2019

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩ រៀបចំពិធីបុណ្យសមុទ្រ​ លើកទី៨ ជុំទី២ នៅខេត្តកំពត ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ដើម្បីត្រៀមរៀបចំ ព្រឹត្តិការណ៍ ទេសចរណ៍ធំ ប្រចាំឆ្នាំនេះ ប្រកបដោយភាពជោគជ័យ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពត មន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត បានជួបប្រជុំជាមួយគ្នា ជារឿយៗ ជាក់ស្ដែងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួង ស្ថាប័នមន្ទីរ អង្គភាពពាក់ព័ន្ធ បានជួបប្រជុំគ្នាជា លើកទី២ នៅសាលាខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត ដើម្បីត្រួតពិនិត្យ និងកំណត់ការងារ សម្រាប់អនុវត្តបន្តទៀត។

បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត ជាវ តាយ និងតំណាងផ្នែកទទួលបន្ទុកនីមួយៗ រាយការណ៍ពីការងាររៀងៗ ខ្លួនរួចមក ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីការងារមួយចំនួន ដែលត្រូវរួមគ្នាអនុវត្តបន្ត ក្នុងនោះរួមមាន៖

* កំណត់យកខេត្តកំពត ជាខេត្តគំរូក្នុងការរៀបចំឱ្យមាន « វិថីម្ហូបអាហារ ឬហៅថា Street Food » ឱ្យបានលេចធ្លោរឡើង។

* ជំរុញឱ្យមានការផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍នានា នៅខេត្តកំពត ឱ្យបានទូលំទូលាយ ពិសេសរមណីយដ្ឋាន ឋានសួគ៌បូកគោ តំបន់កសិទេសចរណ៍កូនសត្វ ចម្ការម្រេច និងផលិផលម្រេចកំពត ភ្នំកំពង់ត្រាច រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ ជាច្រើនទៀត។

* ត្រូវត្រៀមរៀបចំពិព័រណ៍ ផលិតផល ក្នុងស្រុក ដែលជាផលិតផលកសិកម្ម នាំចេញនៅនឹងកន្លែង ដូចជា ធូរេន ចេក សាវម៉ាវ ដូង ស្រកានាគជាដើម។

* ត្រូវត្រៀមរៀបចំព្រឹត្តិការណ៍សិល្បៈ ទស្សនីយភាព របាំ តន្ត្រី និងត្រូវអញ្ជើញក្រុមសិល្បៈរបស់ប្រទេសជិតខាង និងខេត្ត ដែលជាសម្ពន្ធមេត្រី របស់ខេត្តកំពត ឱ្យចូលរួម ក្នុងព្រឹត្តិការណ៍ខាងមុខនោះ។

* ជំរុញឱ្យរដ្ឋបាលខេត្តកំពត គប្បីរៀបចំឆ្នេរខ្សាច់ថ្មីទៀត ដើម្បីបង្កើតជាផលិតផល ទេសចរណ៍ទាក់ទាញបន្ថែម។

* ស្នើឱ្យក្រុមហ៊ុនសុខាបូកគោ គប្បីរៀបចំព្រឹត្តិការណ៍កម្សាន្តផ្សេងៗ តាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែក ក្នុងការទាក់ទាញ ភ្ញៀវទេសចរបន្ថែម ក្នុងព្រឹត្តិការណ៍ធំនេះ ដូចជាព្រឹត្តិការណ៍ដើរកម្សាន្ត ក្នុងព្រៃ រត់ម៉ារ៉ាតុន ប្រណាំងកង់ ប្រណាំងទូក និងទស្សនាកម្សាន្ត នៅតាមតំបន់ទាក់ទាញមួយចំនួនទៀត នៅលើភ្នំបូកគោ។

* លោករដ្ឋមន្ត្រី បានគាំទ្រឱ្យមានព្រឹត្តិការណ៍ កីឡាឱ្យបានច្រើន ពិសេសប្រភេទកីឡាដែលនឹងត្រូវដាក់ ក្នុងការប្រកួតកីឡាស៊ីហ្គេម មកចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដូចជា ជិះកង់ រត់ប្រណាំង កីឡាលើទឹក លើឆ្នេរ និងលើគោក។

* ជំរុញឱ្យយកចិត្តទុកដាក់ ពង្រឹងគុណភាពសេវាកម្ម អនាម័យចំណីអាហារ ត្រូវបានបដិសណ្ឋារកិច្ចល្អ ត្រូវមានឯកសណ្ឋាន ឱ្យបានត្រឹមត្រូវ និងត្រូវមានការលើកទឹកចិត្ត ចំពោះមូលដ្ឋានអាជីវកម្មណា ដែលអនុវត្តបាន ត្រឹមត្រូវតាមនីតិវិធី នៃការត្រួតពិនិត្យ វាយតម្លៃ របស់ក្រសួងទេសចរណ៍។

* ចំពោះការងារពាក់ព័ន្ធ នឹងសហគមន៍ ទេសចរណ៍ និងរមណីយដ្ឋាននានា នៅខេត្តកំពត កែប និងខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់ លើការពង្រឹងគុណភាព សេវាកម្ម អនាម័យចំណីអាហារ សុវត្ថិភាពភ្ញៀវទេសចរ ពិសេសត្រូវផ្សព្វផ្សាយ ឱ្យបានឆាប់រហ័ស អំពីកញ្ចប់ ទស្សនកិច្ចទេសចរណ៍ មកកាន់ខេត្តកំពត និងតំបន់ឆ្នេរសមុទ្រ នៃប្រទេសកម្ពុជាទាំងមូល តាមរយៈកម្មវិធី នៅលើទូរស័ព្ទវៃឆ្លាត (Mobile App)។

* ត្រូវរៀបចំការតុបតែងលម្អ ឱ្យមានសោភ័ណភាពល្អ ពិសេសគឺការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ ធ្វើឱ្យយ៉ាងណា ឱ្យទូទាំងខេត្ត និងក្រុងកំពត មានភាពស្អាត និងត្រូវមានបង្គន់អនាម័យ ឱ្យបានគ្រប់គ្រាន់ ត្រូវធ្វើឱ្យមានការប្រែប្រួល គួរជាទីមោទនៈ។ រីឯបង្គន់អនាម័យ និងបន្ទប់ទឹក នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ស្ថានីយប្រេងឥន្ទនៈ ទីសាធារណៈទៀតសោត ក៏ត្រូវតែស្អាតជានិច្ច៕