កូរ៉េនឹងបន្តបង្កើនកូតាសម្រាប់ពលករកម្ពុជាបន្ថែមទៀត នៅឆ្នាំបន្តបន្ទាប់

22​ 07 2019

ដោយមើលឃើញ​​ ពីអត្តចរិតស្លូតបូត ឧស្សាហ៍ព្យាយាម របស់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅ សាធារណរដ្ឋកូរ៉េ និងកិច្ចសហការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ សាធារណកូរ៉េ នឹងបន្តបង្កើនកូតា សម្រាប់ពលករកម្ពុជា បន្ថែមទៀត។ នេះជាការលើកឡើង របស់ឯកឧត្តមបណ្ឌិត KIM DONG MAN ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ អញ្ជើញជួបពិភាក្សា ការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ ស្តីពីប្រព័ន្ធអនុគ្រោះការងារ(EPS) នៅទីស្តីការក្រសួង នាឱកាសដែលឯកឧត្តម ដឹកនាំគណប្រតិភូអញ្ជើញ មកទស្សនកិច្ច នៅកម្ពុជា។

ឯកឧត្តម អ៊ិត សំហេង បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ HRD-KOREA ដែលបន្តជួយជ្រើសរើស កម្លាំងពលកម្មបរទេស ជាពិសេសបងប្អូន ពលករ-ពលការិនីកម្ពុជា។ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីសង្ឃឹមថា ក្នុងអាណត្តិការងាររបស់ ឯកឧត្តមបណ្ឌិត KIM DONG MAN ប្រធានអង្គភាពអភិវឌ្ឍន៍ ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ រយៈពេល ៣ឆ្នាំនេះ នឹងកាន់តែធ្វើ
កិច្ចសហប្រតិបត្តិការ រវាង គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូលពលករ ទៅបរទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MTOSB) និងអង្គភាពអភិវឌ្ឍន៍ ធនធានមនុស្ស នៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ (HRD-KOREA) នឹងកាន់តែប្រសើរឡើង បន្តទៀត។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ប្រធានអង្គភាពអភិវឌ្ឍន៍ ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាជម្រុញ នូវកិច្ចសហប្រតិបត្តិការ លើវិស័យ នៃការបញ្ជូនពលករនេះ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ ទៅវិញទៅមក រវាងប្រទេសយើងទាំងពីរ។

ក្នុងឱកាសនោះដែរ ភាគីកូរ៉េ នឹងផ្តល់ជូនអ្នកបច្ចេកទេស ដើម្បីបណ្តុះបណ្តាល ផ្នែកបច្ចេកវិទ្យា ដល់ពលករកម្ពុជា ដែលកំពុងបម្រើការងារ នៅសាធារណរដ្ឋកូរ៉េ ឲ្យទទួលបាន នូវជំនាញខាងបច្ចេកវិទ្យានេះ កាន់តែប្រសើរ ខណៈពួកគេត្រឡប់ មកស្រុកកំណើតវិញ នឹងមានជំនាញមួយច្បាស់លាស់ បន្ថែមទៀត។

សូមបញ្ជាក់ថា កម្ពុជាជាប់ចំណាត់ ថ្នាក់លេខ៤ សម្រាប់រយៈពេល នៃការបញ្ជូននេះ តែបើធៀបជាមួយប្រទេសធំៗវិញ កម្ពុជាទទួលបានចំណាត់ ថ្នាក់លេខ១។ កម្ពុជាទទួលបានចំណាត់ថ្នាក់ លេខ១ ដែលបានបញ្ជូនពលករ ច្រើនជាងគេ ក្នុងចំណោម ១៦ប្រទេស ក្នុងឆ្នាំ២០១៩នេះ (លេខ២ នេប៉ាល់, លេខ៣ វៀតណាម, លេខ៤ ឥណ្ឌូនេស៊ី, លេខ៥ ថៃ)

ចាប់ពីឆ្នាំ២០១៨មក ការជ្រើសរើសបេក្ខជន ដើម្បីដាក់ពាក្យ សុំស្វែងរកការងារធ្វើ នៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធ EPS ដោយផ្អែកលើកត្តា ៣យ៉ាង ជាចំាបាច់៖ ទី១ តេស្តភាសាកូរ៉េ EPS-TOPIK តាមប្រព័ន្ធកុំព្យូទ័រ ទី២ តេស្តជំនាញ និងទី៣ ការវាយតម្លៃសមត្ថភាព។ មានន័យថា បេក្ខជន ដែលប្រឡងជាប់ តេស្តសមត្ថភាពកូរ៉េ ត្រូវប្រឡងជាប់តេស្តជំនាញ និងការវាយតម្លៃ សមត្ថភាព ទើបក្លាយជាបេក្ខជនជាប់ជាស្ថាពរ មានសិទ្ធិដាក់ពាក្យ សុំស្វែងរកការងារធ្វើ​ នៅសាធារណរដ្ឋកូរ៉េ ( ដែលកន្លងមក បេក្ខជនប្រឡងជាប់តេស្ត សមត្ថភាពកូរ៉េ គឺអាចដាក់ពាក្យ សុំស្វែងរកការងារធ្វើ នៅសាធារណរដ្ឋកូរ៉េបានតែម្តង )

ចាប់ពីឆ្នាំ២០០៧មក ការប្រឡងតេស្ត សមត្ថភាពកូរ៉េ ( EPS-TOPIK ) រៀបចំបានចំនួន ១៦លើកមកហើយ ( លើកទី១៦ កំពុងអនុវត្ត ) ដែលអនុវត្តដោយអង្គភាព អភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ( HRD-Korea ) រួមសហការ ជាមួយគណៈកម្មាធិការ បណ្តុះបណ្តាល និងបញ្ជូនពលករ ទៅបរទេស ( MTOSB ) ដែលមានបេក្ខជន ដាក់ពាក្យសុំសិទ្ធិ ប្រឡង សរុបចំនួន ៤៣៤ ០៥៤នាក់ ហើយបេក្ខជនប្រឡងជាប់ សរុបចំនួន ៨៩ ៣៩៣នាក់៕