ផ្លូវជាតិលេខ៥៨ (១៧៤,១៦០ គម បន្ទាយមានជ័យ-ឧត្តរមានជ័យ) ត្រូវបានចុះត្រួតពិនិត្យ ដោយផ្ទាល់ពី ឯឧ.ទេស. ស៊ុន ចាន់ថុល ដើម្បីធានាគុណភាពរឹងមាំបានយូរ ដោយអោយក្រុមហ៊ុន ត្រូវជួសជុលបានលឿនៅចំណុចតិចតូចដែល មានការខូចខាត

22​ 07 2019

ថ្ងៃចន្ទ ០៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ សាធារណការ​ និង ដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួង ដោយមានការចូលរួម ពីតំណាងក្រុមហ៊ុន ម៉ៅការសាងសង់ ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស និងមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ អញ្ជើញចុះត្រួត ពិនិត្យ លក្ខណៈបច្ចេកទេស និងស្ថានភាពសាងសង់ កំណាត់ផ្លូវជាតិលេខ៥៨ ដែលកំពុងសាងសង់ ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋ ប្រជាមានិតចិន។

ផ្លូវនេះមានប្រវែងសរុប ចំនួន​ ១៧៤,១៦០គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុង នោះផ្លូវមេប្រវែង១៦៥,១៨៦ គីឡូម៉ែត្រ និងផ្លូវខ្នែង ប្រវែង៨,៩៨០គីឡូម៉ែត្រ សាងសង់ឡើង ក្រោមប្រាក់កម្ចីសម្បទាន ពីរដ្ឋាភិបាល នៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយ នឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២លាន ដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវក្រាលកៅស៊ូ ពីរស្រទាប់ (DBST) គិតចាប់ពីផ្លូវជាតិ លេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្លុង) ខេត្តឧត្តរមានជ័យ។

គម្រោងផ្លូវនេះ បានចាប់ដំណើរការ បើកការដ្ឋានសាងសង់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងត្រូវបានបញ្ចប់ការងារ សាងសង់ជាស្ថាពរ ១០០%នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។

ជាលទ្ធផល នៃការចុះត្រួតពិនិត្យនេះ ឯកឧត្តមទេស រដ្ឋមន្ត្រី បានពិនិត្យឃើញមានបញ្ហា បច្ចេកទេសមួយ ចំនួនទាក់ទង នឹងការសាងសង់ ហើយបានណែនាំ ឲ្យក្រុមហ៊ុនម៉ៅការ សាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ កែសម្រួល បំពេញបន្ថែម នូវលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យផ្លូវនេះ មានគុណភាពរឹងមាំ និងប្រើប្រាស់ ជាប់បានយូរអង្វែង។

កំណាត់ផ្លូវនេះ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួល ដល់ការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋនៅ តំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងការដឹកជញ្ជូន កាន់តែប្រសើរមួយកម្រិតទៀត ជាពិសេសកំណាត់ផ្លូវ នេះអាចសម្រួល ដល់ការតភ្ជាប់ ជាមួយព្រះរាជាណាចក្រថៃ ក្នុងការពង្រីកសក្ដានុពល សេដ្ឋកិច្ចពាណិជ្ជ កម្មថែមទៀត របស់ប្រទេសជាតិ៕