ឯកឧត្តម ប៉ាន សូរស័ក្តិ ជម្រាបមន្ត្រីអង្គការ ILO អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង

24 07 2019

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីកិច្ចប្រែងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ ឧស្សាហកម្ម វាយនភណ្ឌ និងស្បែកជើង តាមរយៈការគាំទ្រ និងបន្តសហការកម្មវិធីរោងចក្រ កាន់តែប្រសើរនៅកម្ពុជា របស់អង្គការពលកម្មអន្តរជាតិ (ILO-BFC) ការធ្វើវិសោធនកម្មច្បាប់សហជីព និងកែលម្អរសិទ្ធិការងារ ព្រមទាំងការដាក់ចេញ នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកាត់ដេរ ជាដើម។

នៅក្នុងជំនួប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយលោកស្រី ហា ហ្វៀងហុង (Ha Nguyen Hong) នាយិកាកម្មវិធីការងារ កាន់តែប្រសើរនៃអង្គការ ILO នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ ចំពោះកម្មវិធី BFC និងបានសន្យាជួយជំរុញ រោងចក្រផលិតសម្ភារៈ ធ្វើដំណើរ ចូលរួមនៅក្នុងកម្មវិធីនេះ ឱ្យបានច្រើន។

« ក្រសួងពាណិជ្ជកម្ម បានទទួលការឯកភាពពីរាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តកម្មវិធី BFC រយៈពេលបីឆ្នាំទៀត (២០២០-២០២២) ដូច្នេះសូម ILO-BFC រៀបចំសេចក្តីព្រាងអនុស្សរណ នៃការយោគយល់គ្នា ដើម្បីត្រៀម ចុះហត្ថលេខានៅកំឡុងខែតុលាខាងមុខ ហើយសូមធ្វើការជាមួយ ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនកិច្ចការនេះ» ឯកឧត្តម សូរស័ក្តិ បានគូសបញ្ជាក់។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជម្រាប ជូនលោកស្រី ហា ហ្វៀងហុង អំពីគោលដៅ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកាត់ដេរ និងកិច្ច សហប្រតិបត្តិការល្អ រវាង ILO-BFC ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានស្នើសុំអង្គការ ILO ផ្ទេរចំណេះដឹង និងបទពិសោធន៍បន្ថែមទៀត អំពីវិធីសាស្រ្តវាយតម្លៃ លក្ខខណ្ឌការងារ នៅតាមបណ្តារោងចក្រ ដល់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីដឹកនាំការត្រួតពិនិត្យ នៅក្នុងឆ្នាំបន្ទាប់។

ជាការឆ្លើយតប លោកស្រី ហា ហ្វៀងហុង បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានបកស្រាយអំពីកិច្ច ខិតខំប្រឹងប្រែង និងសមិទ្ធិផល សម្រេចបាននានា របស់រាជរដ្ឋាភិបាលកម្ពុជា និងតែងតែបានផ្តល់ការគាំទ្រ ដល់ ILO-BFC ដើម្បីចូលរួមពង្រឹងស្តង់ដារ និងលក្ខខណ្ឌការងារ សម្រាប់ឧស្សាហកម្មវាយនភណ្ឌ​ និងស្បែកជើង។

លោកស្រី​នាយិកា​រូបនេះ ក៏បានសន្យាជួយផ្សព្វផ្សាយបន្ត​ នូវព័ត៌មាន​ ស្តី​ពីកិច្ចប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ដល់ក្រុមហ៊ុនវិនិយោគ និងមជ្ឈដ្ឋានអន្តរជាតិ​ ដើម្បី​ទាក់ទាញទំនុកចិត្ត និងចូលរួមលើកស្ទួយ​កិត្តិនាមឧស្សាហកម្មវាយនភណ្ឌ​ និងស្បែកជើង​ នៅក្នុង​ប្រទេស​កម្ពុជា។