ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញយុវជនបណ្តុះគំនិតសេ្នហាជាតិ និងស្មារតីសហគ្រិនភាព ដើម្បីចូលរួមអភិវឌ្ឍវិស័យពាណិជ្ជកម្ម

24 04 2019

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញយុវជន ឱ្យខិតខំបណ្តុះផ្នត់គំនិតស្នេហាជាតិ ស្រលាញ់ទឹកដី និងប្រជាជន ហើយត្រូវព្យាយាម បំផុសស្មារតីសហគ្រិនភាព ជាមួយគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម ជាមួយរាជរដ្ឋាភិបាល សំដៅជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

ការលើកឡើង របស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើង នាឱកាសអញ្ជើញជាគណៈអធិបតីភាព ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ ទី៧ នៃរដ្ឋសភា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យពាណិជ្ជកម្ម ដែលរៀបចំឡើង នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់យុវជន ក្នុងការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម និងបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ នៅពេលឃើញយុវជន ដែលជាទំពាំងស្នងឫស្សី ទទួលបានឱកាសអប់រំ និងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ អាចចូលរួមបំពេញកិច្ចការ សំខាន់ៗ ជូនប្រជាជន និងប្រទេសកម្ពុជា។

បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដោយផ្តោតសំខាន់ លើការរៀបចំ ផែនការយុទ្ធសាស្ត្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតវេទិកាអប់រំ សម្រាប់យុវជន ការលើកកម្ពស់ សហគ្រិនភាព និងសមភាពយេនឌ័រ ការស្វែងយល់ ពីវប្បធម៌ប្រពៃណី និងការចូលរួមសកម្មភាពសង្គម ជាដើម ដើម្បីធ្វើឱ្យយុវជន ក្រសួងពាណិជ្ជកម្ម ដែលទទួលបានសេចក្តីទុកចិត្តពី ស.ស.យ.ក ថ្នាក់កណ្តាលថ្ងៃនេះ ក្លាយជាអ្នកដឹកនាំដ៏ភ្លឺស្វាង នាពេលអនាគត។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធការងាររបស់ ស.ស.យ.ក វិស័យពាណិជ្ជកម្ម នាពេលកន្លងមក និងបានស្នើសុំថ្នាក់ដឹកនាំ និងយុវជនទាំងអស់ ខិតខំអភិវឌ្ឍន៍ សមត្ថភាព និងស្វែងយល់ពីកិច្ចការ នៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីចែករំលែក ដល់យុវជនដូចគ្នា នៅក្នុងវិស័យផ្សេងទៀត នៃគ្រួសារ ស.ស.យ.ក។

ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្ត ថ្នាក់ដឹកនាំ ស.ស.យ.ក វិស័យពាណិជ្ជកម្ម ខិតខំបង្កើតកម្មវិធី លើកស្ទួយសហគ្រិនភាព និងសហការ ជាមួយវិស័យឯកជន រៀបចំព្រឹត្តិការណ៍ពិព័រណ៍ ផ្សេងៗបន្តទៀត ដើម្បីផ្សព្វផ្សាយ អំពីផលិតផលខ្មែរ និងសក្តានុពលកម្ពុជា ទៅកាន់ពិភពលោក។