អាជ្ញាធរជាតិអប្សរាបណ្តុះបណ្តាលធនធានមនុស្សធ្វើកំណាយស្រាវជ្រាវបុរាណ វិទ្យានៅប្រាសាទបន្ទាយក្តី

24​ 08 2019

នៅក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យា​ នៅប្រាសាទបន្ទាយក្តី ក្រៅពីដើម្បីដឹងអំពីការវិវឌ្ឍ នៃរចនាសម្ពន្ធ និងទំនាក់ទំនងរបស់សំណង់ នីមួយៗ រួមទាំងដឹងព័ត៌មានលម្អិតបន្ថែម ពីការកំណាយ នៅឆ្នាំ១៩៩៥ និង១៩៩៦ នោះ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ សូហ្វីយ៉ាប្រទេសជប៉ុន ក៏បានផ្តោតសំខាន់លើការបណ្ដុះបណ្ដាល ធនធានមនុស្ស និងការស្រាវជ្រាវ ដើម្បីចែករំលែកចំណេះដឹង ទាក់ទងនឹងកិច្ចការកំណាយ ស្រាវជ្រាវបុរាណវិទ្យា ដល់អ្នកជំនាន់ក្រោយ នៅក្នុងកម្មវិធីបណ្ដុះបណ្ដាល របស់សាកលវិទ្យាល័យសូហ្វីយ៉ា។

កម្មសិក្សាការី ដែលបានចូលរួម ក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានេះ មានចំនួន ១១នាក់ មកពីមហាវិទ្យាល័យបុរាណវិទ្យា និងស្ថាបត្យកម្ម នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងនិស្សិតបុរាណវិទ្យា នៃសាកលវិទ្យាល័យសូហ្វី ប្រទេសជប៉ុន។ រីឯអ្នកស្រាវជ្រាវ មានចំនួន ៥នាក់ មកពីអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា។

លោក ថូ ថុន បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ការធ្វើកំណាយ នៅបន្ទាយក្តី គឺមានសារៈសំខាន់ណាស់ សម្រាប់អាជ្ញាធរជាតិអប្សរា ដែលមានតួនាទីជាអ្នកគ្រប់គ្រងប្រាសាទ ក្នុងតំបន់អង្គរ ដើម្បីចងក្រង ឯកសារ បោះពុម្ព រវាងតួប៉មនីមួយៗ ការសិក្សាជាស្រេច នៃទំនាក់ទំនងគ្រឹះប្រាសាទ ងាយស្រួល ក្នុងការជួសជុល នៅពេលក្រោយ ការដឹងទិន្នន័យថ្មីៗ សម្រាប់ផ្សព្វផ្សាយ និងការស្រាវជ្រាវបន្ត នៅអនាគត។

បុរាណវិទូរូបនេះបន្តថា ចំពោះការបណ្តុះបណ្តាល ក៏ជាផ្នែកសំខាន់ ដែលអាជ្ញាធរជាតិអប្សរា តែងបង្រៀន ទៅអ្នកជំនាន់ក្រោយ។ ជាក់ស្តែងពេលនេះ យើងបានបង្រៀនសិស្ស ក្នុងការធ្វើផែនទី ក្នុងការដ្ឋានកំណាយ វិធីសាស្ត្រធ្វើកំណាយ ដើម្បីឱ្យពួកគេយល់ដឹង ពីការប្រើប្រាស់ ការចាប់ផ្តើមការដ្ឋាន កំណាយបុរាណវិទ្យា ការចុះបញ្ជីវត្ថុសិល្បៈ ការគូរអំពីវត្ថុសិល្បៈដែលបានពីកំណាយ ការវាស់ស្ទង់។ល។ ទាំងនេះ ជាប្រយោជន៍ សម្រាប់អ្នកជំនាន់ថ្មី អាចយកទៅពង្រឹងសមត្ថភាព ក្នុងការបំពេញការងារ យល់ច្បាស់ពីវិធីសាស្ត្រ កំណាយស្រាវជ្រាវ បុរាណវិទ្យា ចេះចងក្រងឯកសារ បានដឹងពីព័ត៌មានថ្មី ហើយក៏ជាកិច្ចការ ដែលអ្នកជំនាន់មុនត្រូវធ្វើ សម្រាប់អ្នកជំនាន់ក្រោយ ផងដែរ។

កញ្ញា អ៊ឹង មរកត អតីតនិស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ធ្លាប់ចូលរួមជាច្រើនលើក ជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ាបានឱ្យដឹងថា ការចូលរួមកំណាយយើង មានការលំបាកខ្លះ ដោយត្រូវដឹងច្បាស់ ពីបច្ចេកទេស នៃការកំណាយ ការផ្លាស់ប្តូរឧបករណ៍ ប្រើប្រាស់ក្នុងការកំណាយ និងជីកយកវត្ថុសិល្បៈដែលបានឃើញ ឯការអនុវត្តត្រូវ ធ្វើដោយថ្នមៗ បំផុត ខ្លាចវាបង្កបញ្ហា ឱ្យបាក់បែក ដល់វត្ថុទាំងនោះ។

កញ្ញា មរកត បន្តថា ការចូលរួម ក្នុងកិច្ចការកំណាយស្រាវជ្រាវ គឺសំខាន់ណាស់ ក្នុងនាមអ្នកបុរាណវិទ្យា ព្រោះយើងនឹងដឹង ពីវិធីសាស្ត្រ កំណាយ ដឹងពីព័ត៌មានទាក់ទង នឹងរបកគំហើញថ្មីៗ ក្នុងការស្រាវជ្រាវ ដែលអាចយកមកអភិវឌ្ឍន៍ សមត្ថភាពខ្លួនឯង ឱ្យបានកាន់តែប្រសើរ ក្នុងការបំពេញការងារ៕