កីឡាករតេខ្វាន់ដូកម្ពុជា ប៉ាល់ ជីវ័ន្ត ដណ្តើមបានមេដាយមាសកម្រិតពិភពលោក ពីការប្រកួត កីឡាតេខ្វាន់ដូកម្រិតអន្តរជាតិ (ITF) លើកទី២១ ដែលធ្វើឡើងនៅប្រទេសប៊ុលហ្គារី

27​ 08​ 2019

លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធាន សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលត្រូវបានអង្គសមាជតេក្វាន់ដូ នៅប្រទេសប៊ុលហ្គារី ជ្រើសតាំងជា អនុប្រធានសហព័ន្ធកីឡា​ តេក្វាន់ដូអន្តរជាតិ (ITF) បានអោយដឹង នៅថ្ងៃយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ពីប្រទេសប៊ុលហ្គារីថា លោក ប៉ាល់ ជីវ័ន្ត ដណ្តើមបានមេដាយ ពីការប្រកួតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ។

 

ជាមួយក្តីរំភើបរីករាយ លោក កែវ រ៉េមី បានលើកឡើងថា នេះជាការដណ្តើមបាន មេដាយមាសលើកដំបូងហើយ សម្រាប់កីឡាតេក្វាន់ដូ របស់កម្ពុជា។ លោកចាត់ទុកការដណ្តើមបានមេដាយមាស កម្រិតពិភពលោកនេះ គឺជាជោគជ័យដ៏មោទនភាពមួយ សម្រាប់កីឡាតេក្វាន់ដូកម្ពុជា។

 

សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ ITF នៅប្រទេសប៊ុលហ្គារី ជាព្រឹត្តិការណ៍ពិភពលោក (World ITF Taekwon-do Championship)មួយ ដែលចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ ការប្រកួតនេះ មានកីឡាករ កីឡាការិនី មកពីបណ្ដាប្រទេស ចំនួន ៧៤ចូលរួម ស្មើនឹង១,៤១២នាក់ ក្នុងនោះមានអត្តពលិកប្រកួតមានចំនួន ៩៧១នាក់។ ដោយឡែកកីឡាករ ជម្រើសជាតិកម្ពុជា ចំនួន ១៧នាក់ (ស្រី២នាក់) បានចូលរួមក្នុងព្រឹត្តិការណ៍ ពិភពលោកនេះ៕