ក្រុមសីដក់កម្ពុជា ទទួលបានមេដាយប្រាក់ពិភពលោក ក្រោយចាញ់សិង្ហបុរី នៅប្រទេសថៃ

27​ 08​ 2019

ក្រុមកីឡាករ សីដក់ ជម្រើសជាតិកម្ពុជា បានទទួលត្រឹម មេដាយប្រាក់ ប៉ុណ្ណោះ ក្រោយប្រកួតចាញ់ ក្រុមសីដក់ ជម្រើសជាតិសិង្ហបុរី លើវិញ្ញាសា បុរស ២នាក់ទល់នឹង ២នាក់ នៅក្នុងការប្រកួត វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត កីឡាសីដក់ ជ្រើសរើសជើងឯក ពិភពលោក លើកទី៣៤ ឆ្នាំ២០១៩ នៅប្រទេសថៃ។

សម្រាប់ក្រុម សីដក់កម្ពុជា គឺមានកីឡាករ នុត វិសាល, ណុំ ហាប់ឈុន និងកីឡាករ សេន ស៊ីអ៊ិ។ ជាលទ្ធផល ប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយសិង្ហបុរី សិតទី១ កម្ពុជា បានចាញ់ ១៣-២១ពិន្ទុ និងសិតទី២ កម្ពុជា ចាញ់ ១៨-២១ពិន្ទុ ដែលធ្វើឲ្យកម្ពុជា ទទួលបានត្រឹម មេដាយប្រាក់ គ្រាដែលក្រុម សីដក់សិង្ហបុរី ទទួលបានមេដាយមាស លើវិញ្ញាសា ២នាក់ទល់នឹង ២នាក់។

សូមរំឭកថា មុនបរាជ័យ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រុមសីដក់កម្ពុជា បានយកឈ្នះគូ ប្រកួត ជាបន្ដបន្ទាប់ រួមមានយកឈ្នះ ក្រុមសីដក់ស្វីស នេប៉ាល់ និងអាហ្វហ្គានីស្ថាន ក្នុងពូល ហើយបានទម្លាក់ ក្រុមសីដក់អូម៉ង់ នៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ។ តែយ៉ាងណា កម្ពុជាមិនទាន់បញ្ចប់​បេសកកម្មនោះទេ ដោយសល់ ២វិញ្ញាសាទៀត ត្រូវបន្ដការ ប្រកួតនាថ្ងៃស្អែក គឺវិញ្ញាសាប្រកួត ៣នាក់ទល់នឹង ៣នាក់ បុរស និងនារី៕