ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារស្រ្តី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០

05​​​ 09 2019

នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទ​ សិក្ខាសាលាបូកសរុប លទ្ធផលការងារស្រ្តី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅ ការងារអនុវត្តបន្តឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន ។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងបរិស្ថាន បានឱ្យដឹងថា នេះជាលើកទី១ ហើយ ដែលក្រុមការងារទាំងបួន រួមមាន គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនវិស័យបរិស្ថាន ក្រុមការងារបច្ចេកទេសយេនឌ័រវិស័យបរិស្ថាន និងក្រុមការងារបច្ចេកទេសកុមារតូច វិស័យបរិស្ថាន បានរៀបចំ សិក្ខាសាលារួមគ្នា ហើយបានក្លាយជាឱកាសដ៏ សំខាន់ក្នុងការជួបជុំពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍គ្នា ដើម្បីពិនិត្យ នូវវឌ្ឍនភាពការងារ កន្លងមក កំណត់នូវបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដោយចាប់ដៃគ្នា អនុវត្តជាធ្លុងមួយ ក្នុងបុព្វហេតុគាំពាសុខមាលភាព មន្រ្តីរាជការ ពង្រឹងប្រសិទ្ធភាពការងារ និងការចូលរួមរបស់យុវជន ស្រ្តី និងកុមារ សំដៅលើកកម្ពស់ កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើនកិត្យានុភាព របស់ក្រសួងបរិស្ថានទាំងមូល។
ក្នុងឱកាសនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារទាំង៤ ដែលបានខិតខំរៀបចំ និងសហការគ្នាយ៉ាងល្អ រៀបចំឱ្យមានវេទិកា ដ៏មានសារ:សំខាន់នេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែក នូវចំណេះដឹងទាក់ទង នឹងប្រវត្តិសាស្រ្ត និងប្រពន្ធ័នយោបាយ របស់ប្រទេសមួយចំនួន លើសកលលោក និងបានផ្តល់អនុសាសន៍ ទាក់ទងនឹងលក្ខណៈសម្បត្តិ ក្នុងនាមជាមន្រ្តី រាជការល្អ យុវជនជំនាន់បន្តវេន ស្រ្តីជានារីរតនៈ និង ការលើកកម្ពស់ និងផ្តល់ឱកាសសមភាពយេនឌ័រ កុមារតូច ក្នងវិស័យបរិស្ថាន ដែលក្រសួងបានអនុវត្តកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្សព្វផ្សាយ ពីផែនការយុទ្ធសាស្រ្ត និងផែនទីឯកភាពការងារ សម្រាប់ឆ្នាំ២០៥០ដែលផ្តោតលើ
១.រក្សាបាននូវកំនើន សេដ្ឋកិច្ចប្រមាណ ៧ភាគរយ ធន់នឹងវិបិត្ត
២.បន្តថែរក្សានូវសុខសន្តិភាព និងស្ថេរភាពនយោបាយ
៣.ធានាបាននូវកំនើនការងារ ជាពិសេសក្នុងស្រទាប់យុវជន
៤.ពង្រឹងអភិបាលកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
គួរបញ្ជាក់ថា សិក្ខាសាលាបូកសរុបលទ្ធផល ការងារស្រ្តី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថាន បានប្រមូលផ្តុំសិក្ខាកាមជាង ១០០នាក់ អញ្ជើញមកពីក្រុមការងារ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ក្រុមការងារបច្ចេកទេសយេនឌ័រ វិស័យបរិស្ថាន ក្រុមការងារបច្ចេកទេសកុមារតូច វិស័យបរិស្ថាន មន្រ្តីរាជការជាយុវជន និងជនបង្គោល នៅតាមអង្គភាពចំណុះក្រសួង និងមន្ទីរបរិស្ថាន រាជធានី-ខេត្ត។