ការចូលរួមចំណែកពីវិស័យឯកជនក្នុងកិច្ចការអភិរក្សបេតិកភណ្ឌ គឺជាការចាំបាច់ដើម្បីរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ជាតិដោយមិនអាចខ្វះបាន !

08​​ 09 2019

នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងទីតាំង​ សួនបណ្តុះកូនឈើប្រាសាទតាកែវ បានប្រារព្ធពិធីប្រុងពលី ដើម្បីរុះរើ និងសាងសង់ ឡើងវិញ នូវរហាត់ទឹកចំណាស់ ដែលជាអត្តសញ្ញាណមួយ ក្នុងខេត្តសៀមរាប និងជាសម្បត្តិដូនតា ដែលបានបន្សល់មកជាច្រើនឆ្នាំ ឱ្យមាំទាំ ឡើងវិញ ព្រមទាំងរៀបចំ សួនច្បារលម្អផង ក្រោមជំនួយសប្បុរសធម៌ ​របស់​លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេង អភិវឌ្ឍន៍។

ក្នុងថ្ងៃប្រារព្ធពិធីដ៏នក្ខត្តឫក្សនេះ អញ្ជើញចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រះតេជគណព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះចៅអធិកាវត្ត ព្រះឥន្ទកោសា រួមនឹងព្រះសង្ឃ លោកជំទាវ អគ្គនាយករង មន្ត្រី បុគ្គលិក ពលករ នៃ​អាជ្ញាធរជាតិ​អប្សរា ជាច្រើនអង្គនាក់។

មានប្រសាសន៍ ក្នុងកម្មវិធីនេះ ឯកឧត្តម ហង់ ពៅ បានកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ និង​ការរួមចំណែក ​របស់​លោកជំទាវ ឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលបានលះបង់ធនធាន​ផ្ទាល់ខ្លួន មករួមចំណែក ក្នុង​កិច្ចការអភិរក្ស​បេតិកភណ្ឌជាតិ ជាមួយអាជ្ញាធរជាតិអប្សរា។ សកម្មភាពនេះ សរឱ្យ​ឃើញ​ពីវប្បធម៌ នៃសាមគ្គីភាព ការស្រឡាញ់ និងការយល់ដឹង ពីសារៈសំខាន់ នៃការថែរក្សាមរតកវប្បធម៌ជាតិ ព្រោះការងារ​​​អភិរក្សមិនមែន ជាការងារស្នូលតែម្នាក់ឯង របស់រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិ អប្សរាទេ តែជាការរួមចំណែក ពីកូនខ្មែរគ្រប់រូប គ្រប់មជ្ឈដ្ឋាន គ្រប់វិស័យ ដើម្បីថែរក្សសម្បត្តិ បេតិកភណ្ឌជាតិ​និងអន្តរជាតិ ឱ្យ​បានគង់វង្ស។

ឯកឧត្តម អគ្គយកក៏បានបញ្ជាក់ដែរថា រហាត់ទឹកនេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការទាញយកទឹក មកស្រោចស្រព​កូនឈើ ក្នុងសួន បណ្តុះកូនឈើ ប្រាសាទតាកែវ ដើម្បីដាំក្នុងតំបន់អង្គរផង និងចែកជូន ដល់អ្នក​ត្រូវការ ទូទាំង​ប្រទេស​ផង។ ពិសេសរហាត់ទឹក គឺជាផ្នែកមួយដ៏សំខាន់ ដែលកាត់បន្ថយផ្សែងពុល ​ពីក្នុងបរិស្ថានដោយ​ការ មិនប្រើ​ម៉ាស៊ីន​បូមទឹក មិនបង្កសំឡេងរំខាន និងមិនប៉ះពាល់ ដល់សុខភាពមនុស្ស រួមទាំងប្រាសាទ នៅក្នុងតំបន់​អង្គរ តាម​រយៈ​ចំហេះឥន្ធនៈ។ ចំពោះដំណើរការ នៃការជួសជុលរហាត់ទឹកនេះវិញ នឹងធ្វើរួចរាល់ ត្រឹមរយៈពេល៣ខែ ដោយប្រើ​ឈើប្រណីត ធានាគុណភាពជាប់មាំបានយូរ ហើយជួសជុល ទៅតាមបច្ចេកទេស ដើមដែលរក្សាបាន នូវ​តម្លៃសិល្បៈ​ពីបុរាណ។

លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បានឱ្យដឹងអំពីគោលបំណង នៃការរួមចំណែកជួស​ជុល ឡើងវិញនូវ​រហាត់ទឹកនេះ គឺដើម្បីបន្សល់ទុក នូវស្នាដៃដល់កូនចៅខ្មែរជំនាន់ក្រោយ និងទេសចរអន្តរជាតិ បានឃើញ បានស្គាល់​ពីឧបករណ៍ទាញទឹក ដែលជាមរតក ដូនតាខ្មែរ និងជាអត្តសញ្ញាណមួយ របស់ខេត្តសៀមរាប។ លើសពីនេះ រហាត់ទឹកនេះ ក៏បានផ្តល់ជាប្រយោជន៍ ក្នុងការទាញយកទឹក ពីស្ទឹងទៅស្រោចកូនឈើ ហើយកាត់បន្ថយផលប៉ះពាល់ ​ដល់បរិស្ថានផង។

លោកជំទាវ ទំពឹងទុកថា ក្រោយរហាត់ទឹកនេះ សាងសង់រួច អមដោយសួនច្បារលម្អផងនោះ នឹងទាក់ទាញភ្ញៀវ​ ទេសចរ​ជាតិ-អន្តរជាតិ​ឱ្យមកកាន់ទីនេះ និងស្គាល់ទីនេះ កាន់តែច្រើន។ ក្នុងនោះដែរ លោកជំទាវ ក៏បានលើកឡើងថា ខ្ញុំពិតជាមាន ក្តីរីករាយណាស់ ប្រសិនបើរាជរដ្ឋាភិបាល ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា​អនុញ្ញាត ឱ្យនាងខ្ញុំបានរួមចំណែក ជាមួយ​ក្នុងការជួសជុលប្រាសាទ និងមរតកវប្បធម៌ដូនតាខ្មែរ ខ្ញុំញញឹមទទួល ​និងស្ម័គ្រចិត្តលះបង់ ធនធានតាមលទ្ធភាព ដែលខ្ញុំមាន ដើម្បីជួសជុល អភិរក្សបេតិកភណ្ឌ ទាំង​នោះ ឱ្យបានគង់វង្សតទៅ!»៕