ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យស្ថានភាពផ្លូវលេខ៣៣ និងផ្លូវជាតិលេខ ៣ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង

08​​ 09 2019

ថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម​ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ដ្រីបច្ចេកទេស ក្រោមឱវាទក្រសួង អញ្ជើញចុះពិនិត្យស្ថានភាព ផ្លូវលេខ៣៣ និងផ្លូវជាតិលេខ៣ ដែលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប និងខេត្តកំពត។

បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំ អស់រយៈពេល ជាច្រើនថ្ងៃកន្លងមកនេះ បានធ្វើឱ្យផ្លូវជាតិលេខ៣ និងផ្លូវលេខ៣៣ ទទួលរងនូវការគំរាមកំហែង ដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យផ្លូវទាំងនេះ មានការខូចខាតយ៉ាងដំណំ ជាច្រើនកន្លែង។

គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ មានខេត្តចំនួន ១១ ដែលទទួលរង នូវទឹកជំនន់ដោយសារភ្លៀងធ្លាក់ យ៉ាងខ្លាំងជាច្រើនថ្ងៃ បង្កឱ្យមានការខូចខាត ផ្លូវចំនួន ៣៦ខ្សែ សរុបប្រវែង ៦០គីឡូម៉ែត្រ ក្នុងនោះក៏មានខេត្តកែប និងខេត្តកំពតផងដែរ។

ថ្លែងនៅក្នុងឱកាស ចុះពិនិត្យស្ថានភាពផ្លូវរង ការខូចខាតនាពេលនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ផ្លូវមានការខូចខាត ដោយសារកត្តាអាកាសធាតុ ដោយសារមានភ្លៀងធ្លាក់ជោគជាំ ជាច្រើនថ្ងៃ តំបន់ខ្លះមានប្រភេទដីទន់ (ដីស្អុយ) ការដឹកទំនិញលើសទម្ងន់ កម្រិតកំណត់ បានធ្វើឱ្យផ្លូវឆាប់ទទួលរងការខូចខាត។ សម្រាប់កំណាត់ផ្លូវជាតិ លេខ៣ (កំពត -វាលរេញ)ត្រូវបានធ្វើការសិក្សាបច្ចេកទេស ឡើងវិញ ដើម្បីធ្វើឱ្យប្រសើរឡើង ដោយចាក់ថ្មគ្រឹះ និងលើកតួផ្លូវកម្ពស់ ០,៨ម៉ែត្របន្ថែមទៀត។

ឯកឧត្តម បានបន្តថា ក្រសួងនឹងបញ្ចេញគ្រឿងចក្រ ធ្វើការជួលជុលបន្ទាន់ បន្ទាប់ពីទឹកភ្លៀងឈប់ធ្លាក់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានការងាយស្រួល ក្នុងការធ្វើដំណើរ ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានស្នើឱ្យក្រុមហ៊ុនសាងសង់ ស្រោចទឹកលើផ្លូវ ឱ្យបានញឹកញាប់ ក្នុងអំឡុងពេលសាងសង់ ដើម្បីកាត់បន្ថយ ការហុយធូលីដី ដល់បងប្អូនប្រជាពលរដ្ឋ ដែលអាចបង្ក ឱ្យកើតមានជម្ងឺផ្សេងៗ និងជាពិសេសអាចបណ្តាល ឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ ក្នុងពេលធ្វើដំណើរ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋ មានការយោគយល់អធ្យាស្រ័យ ចំពោះការហុយធូលី ការកកស្ទះចរាចរណ៍ និងពិបាកធ្វើដំណើរ ក្នុងពេលសាងសង់ និងសូមកុំបន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលបណ្ដាល ឱ្យផ្លូវរបស់យើង ឆាប់ខូចខាត នាំឱ្យខាតបងថវិកាជាតិ។

សូមបញ្ជាក់ផងដែរថា៖ ផ្លូវនេះនឹងត្រូវធ្វើការជួសជុល ឱ្យបានរួចរាល់នៅក្នុងខែធ្នូ ចុងឆ្នាំ២០១៩នេះ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗ ចំនួន២ គឺពិធីបុណ្យសមុទ្រជុំទី៣ នៅខេត្តកំពត ចាប់ពីថ្ងទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ និងពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះមកខេត្តកែប ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែមករា ឆ្នាំ២០២០៕