ប្រតិបត្តិការទាញយកសាឡង់ដឹកខ្សាច់មួយគ្រឿងដែលបើកបុកសសរស្ពានព្រែកតាមាក់បានបន្តឈានដល់ថ្ងៃទីពីរ

09​ 09 2019

ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម​ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំក្រុម ការងារបច្ចេកទេសក្រសួង និងភាគីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើល ការទាញយកចេញ នូវសាឡង់ដឹក ខ្សាច់មួយគ្រឿង ដែលបុកសសរស្ពានព្រែកតាមាក់ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ ក្រសួង មន្ដ្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផងដែរ។

សូមជម្រាបជូនថា៖ កាលពីថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៣ និង៣០នាទី រសៀល នៅចំណុចភូមិសាស្រ្ត ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីសាឡង់ ដឹកខ្សាច់មួយគ្រឿង បើកបរដោយឈ្មោះ ភា រម្យ ភេទប្រុស អាយុ៣៩ឆ្នាំ រួមដំណើរដោយប្រពន្ធ និងកូនធ្វើដំណើរតាមបណ្តោយខ្សែទឹក ពីត្បូងទៅជើង បានបើកបុកសសរស្ពានទី៨ នៃស្ពានព្រែកតាមាក់ ទើរជាប់នឹងសរសេរ ( ស្ថិតនៅចន្លោះសសរស្ពាន សម្រាប់ធ្វើនាវាចរណ៍ ) ដោយសារបើកគេច ពីនាវាទេសចរណ៍មួយគ្រឿងទៀត មានផ្ទុកមនុស្សច្រើនបើកបញ្ជ្រាសទិសគ្នា ពីត្បូងទៅជើង ហើយត្រូវបានជួយសង្គ្រោះ ដោយទូកនេសាទ របស់បងប្អូនខ្មែរឥស្លាម។

បន្ទាប់ពីមានឧប្បត្តិហេតុនេះ កើតឡើង នៅថ្ងៃចន្ទ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ ក្រុមការងារបច្ចេកទេសជួយសង្គ្រោះ របស់ក្រសួងរួម ជាមួយនឹងអាជ្ញាធរខេត្តកណ្តាល និងកំពង់ផែស្វយ័តភ្នំពេញ បានប្រជុំពិភាក្សារិះរកមធ្យោបាយ ដើម្បីទាញរំដោះយកសាឡង់នោះ ចេញពីជើងសសរស្ពាន ដោយប្រើនាវាសណ្តោង ៣គ្រឿង ក្នុងនោះ៖ នាវាកំពង់ផែស្វយ័តភ្នំពេញ ចំនួន ២គ្រឿង និងនាវាក្រុមហ៊ុន Sovereign ចំនួនមួយគ្រឿង រួមជាមួយនាវាបូមខ្សាច់មួយគ្រឿងទៀត ដើម្បីសម្រាលបន្ទុកនាវា ប៉ុន្តែដោយសារ សាឡង់ដឹកខ្សាច់នោះ មានទម្ងន់ធ្ងន់ពេក រួមជាមួយនឹង កម្លាំងទឹកហូរគួចខ្លាំង ប្រតិបត្តិការធ្វើឡើង នៅពេលយប់ និងស្ថានភាពមិនអំណោយផលផង ក្រុមប្រតិបត្តិការជួយសង្គ្រោះ មិនអាចទាញរំដោះ យកសាឡង់ដឹកខ្សាច់ នោះចេញបានទេ ហើយប្រតិបត្តិការនេះ នៅបន្តឈាន ដល់ថ្ងៃនេះបន្តទៀត។

សាឡង់ដឹកខ្សាច់នោះ ពាក់ផ្លាកលេខ ភព៦. ៨២៦៣ សំបកដែក ម៉ាស៊ីនម៉ាក Mitsubishi មានបណ្តោយ ប្រវែង៤៣.៣០ម៉ែត្រ ទទឹង៨.០៥ ម៉ែត្រ ជម្រៅផ្ទុកខ្សាច់ពេញ ២.៥០ម៉ែត្រ តាមការប៉ាន់ស្មានមានទម្ងន់ សរុបប្រហែល៨០០តោន ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ង៉ូវ ចាន់ណា បានចុះបញ្ជីការ នៅក្រសួងសាធារណការ និងដឹកជញ្ជូននៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០៕