ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតី​ ក្នុងពីធីការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីភាពជោគជ័យរបស់ ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត នៅទីស្តីការក្រសួង

05​​​ 09 2019

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពីធី ការធ្វើបទបង្ហាញចែករំលែក​បទពិសោធន៍ ពីភាព​ជោគជ័យរបស់ ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹនាំ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនកុះករ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍ វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ជាវិស័យអាទិភាពមួយ យ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍជាតិ ដូចដែលបានកំណត់ នៅក្នុងយុទ្ធសាស្ត្រ ដំណាក់កាលទី៤។ ឯកឧត្តម រដ្ឋមន្ត្រី បានបន្តទៀតថាថ្ងៃនេះ ធនាគារឯកទេស វីង ដែលមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍ សេដ្ឋកិច្ចជាតិ តាមរយៈការបញ្ចូល ឧបករណ៍មធ្យោបាយ បណ្តាញ និងសេវាផ្ទេរ និងទូទាត់សាច់ប្រាក់ សម្រួល ដល់សកម្មភាពធ្វើជំនួញ ដោះដូរទំនិញ និងសេវាកម្ម រវាងអតិថិជនសហគ្រាស និងសហគ្រាស រវាងសហគ្រាស និងបុគ្គល ព្រមទាំងរវាងបុគ្គល និងបុគ្គល បានយ៉ាងងាយស្រួលរហ័សទាន់ចិត្ត និងគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមរយៈការបង្ហាញជាវីដេអូ និងការធ្វើបទបង្ហាញនានា រួចមក ឯកឧត្តម រដ្ឋមន្ត្រី សង្ឃឹមថា បទពិសោធន៍ល្អៗរបស់ វីង អាចចូលរួម ចំណែក ជួយក្នុងវិស័យប្រៃសណីយ៍ ឬក៏ក្នុងវិស័យដ៏ទៃៗទៀត ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទៅអនាគត ព្រមទាំងបានលើកទឹកចិត្តជាពិសេស ដល់មន្ត្រីជំនាញក្នុងវិស័យប្រៃសណីយ៍ សិក្សាស្វែងយល់ ឲ្យអស់លទ្ធភាព នូវលក្ខណៈពិសេសៗរបស់ វីង រួចហើយពិនិត្យរកឱកាសធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីអាចជួយអភិវឌ្ឍ វិស័យប្រៃសណីយ៍ ឲ្យកាន់តែរីកចម្រើន ឆាប់រហ័សបាន៕