ពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន និងមធ្យបាយដឹកជញ្ជូនក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋា ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

10​ 09 2019

នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានរៀបចំពិធីប្រគល់​ ទទួលសម្ភារឡជីវឧស្ម័ន និងមធ្យបាយដឹកជញ្ជូន ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន ឥតសំណង របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីដ៏អធិអធមនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ និងមន្រ្តីរាជការ យ៉ាងច្រើនកុះករ។

មានមតិស្វាគមន៍ និងរាយការណ៍ ជូនអង្គពិធីជ្រាប អំពីគម្រោងឡជីវឧស្ម័ននេះ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថាសាធារណរដ្ឋ ប្រជាមានិតចិន បានផ្តល់ ហិរញ្ញប្បទាន ឥតសំណង ជាឡជិវឧស្ម័នជូនមកកម្ពុជា ចំនួន ១ ៥០០ឡ រថយន្ត ៣គ្រឿង ម៉ូតូ ១៤គ្រឿង ម៉ាស៊ីនភ្លើង ៧គ្រឿង ម៉ាស៊ីនបូមទឹក ៧គ្រឿង និងសម្ភារការិយាល័យមួយចំនួនធំទៀត គិតជាទឹកប្រាក់ចំនួន ៩ ៦៦០ ០០០យាន់ ដែលត្រូវបែងចែកទៅខេត្តគោលដៅចំនួន ៧ ក្នុងនោះខេត្តត្បូងឃ្មុំ ៣០០ ឡ កំពង់ចាម ២០០ឡ ព្រៃវែង ២០០ឡ ស្វាយរៀង ២០០ឡ កំពង់ឆ្នាំង ២០០ឡ ពោធិសាត់ ២០០ឡ និងខេត្តព្រះវិហារ ២០០ឡ សម្រាប់រយ:ពេល ៣ឆ្នាំ ។

នាឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានធ្វើចំណាប់អារម្មណ៍ ប្រកបដោយបីតិសោមនស្ស និងអត្ថន័យយ៉ាងជ្រាលជ្រៅ ទាក់ទងគម្រោង ហិរញ្ញប្បទាន ឥតសំណងនេះថា ក្រោយពេលរដ្ឋាភិបាលទាំងពីរ បានអនុវត្តគោលនយោបាយ "ខ្សែក្រវាត់ និងផ្លូវ" ឃើញថាថ្មីៗនេះកម្ពុជា មានការអភិវឌ្ឍ រីកចម្រើន ប្រែមុខមាត់ គួរឲ្យកត់សម្គាល់។ ប្រទេសទាំពីរ បានផ្តោតជាសំខាន់ លើការអភិវឌ្ឍ វិស័យកសិកម្មជាអាទិភាព ហើយស្តែង ចេញជាលទ្ធផល កន្លងមកភាគីចិន បានបង្កើនកូតានាំអង្ករកម្ពុជា ចូលទីផ្សារចិន ចេកអំបូងលឿងស្រស់ ម្សៅដំឡូងមី និងផ្លែឈើច្រើនប្រភេទទៀត ហើយអនាគតផលិតផល កៅស៊ូកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារចិន។ ចំពោះការបណ្តុះបណ្តាលធនធាន មនុស្ស កន្លងមកកម្ពុជា បានបញ្ជូនមន្រ្តីចំនួន ២៦៨ រូបទៅចិនដើម្បីចូលរួមសិក្សា ដកស្រង់បទ ពិសោធន៍ផ្នែកវិស័យកសិកម្ម ហើយភាគីចិន ក៏បានបញ្ជូនមន្រ្តី ជំនាញមកកម្ពុជាវិញផងដែរ។ ឯកអគ្គរដ្ឋទូតសង្ឃឹមថា តាមរយ:កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ជោគវាសនារួមគ្នា ប្រកបដោយមិត្តភាព និងសាមគ្គីភាពជាបងប្អូន បានចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅកម្ពុជាប្រកបដោយនិរន្តរភាព ជាពិសេសជំរុញ ផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិន បានកាន់តែច្រើនឡើង ថែមទៀត។

ឆ្លៀតក្នុងឱកាស ក្នុងនាមក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជន និងសាធារណរដ្ឋ ប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីគ្រាក្រលំបាក រហូតដល់កម្ពុជា សម្រេចបាន នូវសន្តិភាពពេញលេញ ការឯកភាពជាតិ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងការ ចូលរួមអភិវឌ្ឍន៍ លើគ្រប់វិស័យ ដែលជាការរួមចំណែក យ៉ាងសកម្មទៅលើការអភិវឌ្ឍ ហេដ្ឋារចនា សម្ព័ន្ធ កិច្ចសហប្រតិបត្តិការ ខាងវិស័យបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ការវិនិយោគ ដើម្បីផលប្រយោជន៍ រវាងប្រជាជន និងប្រទេសទាំងពីរ។ ទាក់ទងពិធីប្រគល់-ទទួលសម្ភារ ឡជីវឧស្ម័ន និងមធ្យោបាយដឹកជញ្ជូន ក្រោមហិរញ្ញ ប្បទានឥតសំណង របស់ចិននាពេលនេះ លោកបានថ្លែងអំណរគុណ ជូនចំពោះវត្តមាន និងជា ពិសេសបានជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការ បានយ៉ាងល្អប្រសើរ របស់ឯកឧត្តម Wang Wentian បានធ្វើឲ្យគម្រោងខាងលើ កើតចេញជាផ្លែផ្កា នាថ្ងៃនេះ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ ជូនអង្គពិធីជ្រាបថា គម្រោងសាងសង់ឡជីវឧស្ម័ន ១ ៥០០ឡ គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងទាំង១៦ ដែលបានរៀបចំឡើង ដោយក្រសួង នៅក្នុងផែនការយុទ្ធសាស្ត្រ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលទាំងពីរ សម្រាប់ការអភិវឌ្ឍ វិស័យកសិកម្មឆ្នាំ២០១៣- ២០១៧។

ដោយហេតុថា ឡជីវឧស្ម័ន បានផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើន ដល់ប្រជាកសិករជាអាទិ៍៖ សំណល់ឡជាជីធម្មជាតិ មានគុណភាពល្អ សម្រាប់ដំណាំគ្រប់ប្រភេទ ធ្វើឲ្យភូមិឋានមានបរិស្ថាន និងអនាម័យល្អ ផ្ទះបាយគ្មានផ្សែង កាត់បន្ថយការប្រើប្រាស់អុស និងធ្យូង ដោយប្រើឧស្ម័ន ដែលទាញយកពីឡជំនួស ផ្តល់ឧស្ម័នបង្កើតបានជាអគ្គីសនី ប្រើប្រាស់ ក្នុងលំនៅឋានបានយ៉ាងល្អ និងជួយសន្សំប្រាក់ ក្នុងគ្រួសារកសិករ បានយ៉ាងមានប្រសិទ្ធភាព។ ហេតុផលទាំងអស់នេះហើយ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់អង្គភាពជំនាញ ក៏ដូចជាមន្រ្តីអនុវត្តគម្រោង ត្រូវយកចិត្តទុកដាក់សហការល្អ ជាមួយភាគីចិន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តគម្រោងនេះ ដោយរលូនប្រកបដោយ មនសិការវិជ្ជាជីវៈ តម្លាភាព ចំទិសដៅ ឆ្ពោះទៅរកភាពជោគជ័យ តាមផែនការដែលបានគ្រោងទុក ដូចមានចែង ក្នុងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសាធារណរដ្ឋ ប្រជាមានិតចិន និងភារកិច្ចផ្សេងៗទៀត ក្នុងស្មារតីស្ថាបនា នវានុវត្តន៍ និងទទួលខុសត្រូវខ្ពស់។

ក្រៅពីគម្រោងឡជីវឧស្ម័ន ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹក ជូនអង្គពិធីបានជ្រាបផងដែរ អំពីសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេច បានក្រោមកិច្ចព្រមព្រៀង រវាងភាគីទាំងពីរ ទៅតាមអនុវិស័យនីមួយៗ មានជាអាទិ៍ ផ្នែកជំនាញកសិកម្ម ផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ជាមួយ AQSIQ ផ្នែកផលិតកម្មបសុព្យាបាល ផ្នែកព្រៃឈើ ការធ្វើទំនើបភាវូបនីយកម្ម នៃកសិឧស្សាហកម្ម ការស្រាវជ្រាវ ការអភិវឌ្ឍឧស្សាហូបនីយកម្ម ជលផល ការអភិវឌ្ឍធនធានមនុស្ស ទស្សនកិច្ចសិក្សា ការផ្តល់សម្ភារឧបករណ៍ផ្សេងៗ ការសាងសង់ មន្ទីរពិសោធន៍ នៅសាលាជាតិកសិកម្មព្រែកលៀប ជាដើម។ និយាយដោយឡែក ចំពោះការងារសុខភាពសត្វ និងផលិតកម្មសត្វ សាធារណរដ្ឋ ប្រជាមានិតចិន បានជួយលើការសាងសង់ ឡជីវឧស្ម័ន៣លើករួចមកហើយ ដែលបានចាប់ ផ្តើមតាំងពីឆ្នាំ២០០៤ កន្លងមកម្ល៉េះ ព្រមទាំងបានបង្កើត ស្ថានីយចិញ្ចឹមជ្រូកបង្ហាញ កម្ពុជា-ចិន និងជួយបណ្តុះបណ្តាល ធនធានមនុស្ស ដល់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ តាមរយៈកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ ដែលជាធាតុចូលដ៏សំខាន់ ក្នុងការរួម ចំណែកអភិវឌ្ឍន៍ វិស័យកសិកម្មនៅកម្ពុជា ឆ្លើយតបទៅនឹង យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយ អភិវឌ្ឍ វិស័យកសិកម្ម២០១៩-២០២៣។