សិក្ខាសាលាលើកដំបូងស្តីពីគម្រោងសិក្សាវាយតម្លៃពីភាពងាយរងគ្រោះ និងការបន្ស៊ាំទៅនឹងអាកាសធាតុ នៃគម្រោងអភិវឌ្ឍន៍ដោយចីរភាពនៃទីក្រុងប្រទេសកម្ពុជា

10​ 09 2019

ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ហេង រត្នពិសិដ្ឋ អគ្គនាយក​ នៃអគ្គនាយក ដ្ឋានសាធារណការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាលើកដំបូង ស្តីពីគម្រោងសិក្សាវាយតម្លៃ ពីភាពងាយរងគ្រោះ និងការបន្ស៊ាំទៅនឹងអាកាសធាតុ នៃគម្រោងអភិវឌ្ឍន៍ដោយចីរភាព នៃទីក្រុងប្រទេសកម្ពុជា ដោយមានការចូលរួម ពីតំណាងរដ្ឋបាលខេត្តកំពត ខេត្តក្រចេះ និងខេត្តបាត់ដំបង មន្ទីរពាក់ព័ន្ធ ក្នុងខេត្តទាំងបី តំណាងក្រសួងពាក់ព័ន្ធ ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) និងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស NIRASផងដែរ។

សិក្ខាសាលានេះ រៀបចំឡើង ក្នុងគោលបំណងរាយការណ៍ ជូនអំពីលទ្ធផល នៃរបាយការណ៍ដំបូង ដែល បានរៀបចំដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស NIRAS ជូនដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ ម្ចាស់ជំនួយ រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងខេត្តទាំងបី និងដើម្បីពិនិត្យ ពិភាក្សា ផ្តល់ធាតុចូល និងអនុសាសន៍ណែនាំបន្ថែម លើរបាយការណ៍ដំបូងនេះ។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ហេង រត្នពិសិដ្ឋ បានគូសបញ្ជាក់ថា៖ “បច្ចុប្បន្ននេះ ការអភិវឌ្ឍទីក្រុង ក្នុងទីរួមខេត្ត ហាក់មានសន្ទុះលឿន យើងដឹងហើយថា៖ ការធ្វើពិពិធកម្មសកម្មភាព សេដ្ឋកិច្ច តាមបណ្តាទីក្រុង និងការធ្វើឱ្យប្រសើរឡើង នូវសេវាមូលដ្ឋាន គឺជាបញ្ហាប្រឈម សម្រាប់រក្សាលំនឹង នៃការអភិវឌ្ឍ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន។

ឯកឧត្ដម អគ្គនាយកបានបន្តថា៖ ក្រុងបាត់ដំបង ក្រុងកំពត ក្រុងក្រចេះ និងស្រុកឆ្លូង គឺជាក្រុងដែលមាន សក្តានុពល សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ជាគម្រោងអាទិភាព សម្រាប់យើង ដើម្បីធានាបាននូវគុណ ភាពហេដ្ឋារចនាសម្ព័ន្ធ និងភាពទាក់ទាញ សម្រាប់ការវិនិយោគ ទាំងផ្នែកវប្បធម៌ ឧស្សាហកម្ម និង ទេសចរណ៍ និងជាការចូលរួមចំណែក នៅក្នុងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពផងដែរ៕