កិច្ចប្រជុំស្តីពីសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅខេត្តព្រះសីហនុ

10​ 09 2019

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិ​ ចុះជួយមូលដ្ឋាន ខេត្តព្រះសីហនុ និងឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួម ពីប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ខេត្តព្រះសីហនុមាន វិនិយោគិន ពាណិជ្ជករ អាជីវករប្រកបរបររកស៊ី កាន់តែច្រើន បង្កើន នូវទំនុកចិត្តពីភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្ត នៅខេត្តកាន់ តែសប្បាយរីករាយ និងមានសុវត្ថិភាព នៅលើទឹកដី ខេត្តព្រះសីហនុ។ លោកបានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានការបណ្ដាក់ទុន យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់វិនិយោគិន ពិសេសវិនិយោគទុនចិន ជាហេតុធ្វើឱ្យខេត្តព្រះសីហនុមាន ការរីកចម្រើន​ យ៉ាងឆាប់រហ័ស ផ្អែកលើគ្រប់វិស័យ និងលើភាពរីកចម្រើន របស់ខេត្តបានជំរុញ ឱ្យមានកំណើន ប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តផ្សេង មកធ្វើការងារ ប្រកបរបរនៅ ទៅតាមជំនាញ និងសមត្ថភាព ដែលខ្លួនមាន។

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា ខេត្តព្រះសីហនុ មានអំណោយផលល្អ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកំណត់ថា គោលដៅអភិវឌ្ឍទេសចរណ៍ និងក្លាយជាខេត្តទំនើបជាងគេ ក្នុងការស្ថាបនាផ្លូវបេតុងទំនើបៗ នៅពេលខាងមុខ ដើម្បីបម្រើវិស័យទេសចរណ៍។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះមន្ត្រី ដែលបានខិតខំប្រឹងប្រែង អនុវត្តការងារ មិនខ្លាចនឿយហត់ ក្នុងការចូលរួមអភិវឌ្ឍ ខេត្តឱ្យមានការរីកចម្រើន ជាពិសេស លើវិស័យសំណង់ មានសន្ទុះកើនឡើង។ ទន្ទឹមនឹងនោះ ក៏ត្រូវមានផែនទេសចរណ៍ ការតាមដានត្រួតពិនិត្យជនបរទេស ដែលធ្វើដំណើរ តាមទូកទេសចរណ៍ ឬទូកនេសាទ ក្នុងការធានាសន្តិសុខ សុវត្ថិភាពសាធារណៈ និងរបៀបរៀបរយ បម្រើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ មកកាន់ខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនឡើង ថែមទៀត។