កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV)

16​ 05 2019

(សៀមរាប)៖ កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់មន្រ្តី ជាន់ខ្ពស់ការងារ លើកទី៥ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ “ ការឆ្ពោះទៅកាន់កិច្ចគាំពារ ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការ វិស័យសន្តិសុខសង្គម ” នៅសណ្ឋាគារ អប្សរាផាឡេស ព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍លើកឡើងថា ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន បានប្តេជ្ញារួមគ្នាក្នុងការការពារ និងលើកកម្ពស់ សិទ្ធិពលករទេសន្តរប្រវេសន៍ តាមរយៈការចេញ សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់ សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ឆ្នាំ២០០៧ និងបានចេញឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់ សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាឆ្នាំ២០១៧។ ទោះបីជាមានលិខិតូបករណ៍អាស៊ាន និងបទដ្ឋានអន្តរជាតិក៏ដោយ រដ្ឋជាសមាជិក បានដាក់ចេញ នូវគោលនយោបាយ និងបទដ្ឋានគតិយុត្ត នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីធានាថាសិទ្ធិ ផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លែថ្នូរ របស់ពលករទេសន្ដរប្រវេសន៍ ត្រូវបានធានា ក្នុងនោះប្រទេស ជាសមាជិកបានបង្កើត ឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាច្រើន។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការ លើវិស័យការងារ ក្នុងក្របខណ្ឌនៃប្រទេស CLMTV ត្រូវបានចាប់ផ្តើមឡើង ក្នុងឆ្នាំ២០១៥ នៅប្រទេសថៃ ស្របតាមស្ថានភាពជាក់ស្ដែង នៃតម្រូវការប្រទេសទាំង៥នេះ។

តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់ ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការនេះ យើងបានរួមគ្នាផ្តួចផ្តើម គិតគូរជាពិសេស លើចល័តភាព នៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ នៃបណ្តាប្រទេសទាំង៥។ ជាពិសេស ផ្អែកតាមសេចក្តីថ្លែងការណ៍ នៃសន្និសីទ ថ្នាក់រដ្ឋមន្រ្តីការងារ លើកទី២ កាលពីឆ្នាំ២០១៧ និងលទ្ធផលនៃកិច្ចប្រជុំ ថ្នាក់មន្រ្តីជាន់ខ្ពស់ការងារ លើកទី៤ កាលពីឆ្នាំ២០១៨ នៅប្រទេសវៀតណាម យើងបានឯកភាពគ្នាជំរុញ ឱ្យមានយន្តការ ក្នុងការផ្ទេរអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម ពីប្រទេសទទួល មកប្រទេស បញ្ជូនពលករ ដោយបានផ្ដួចផ្ដើម គំនិតមួយចំនួន ជាអាទិ៍ (១) សិក្សារៀបចំច្បាប់ និងគោលនយោបាយ ជាតិមានសង្គតិភាពគ្នា ជាមួយនឹងបទដ្ឋាន ឬលិខិតតូបករណ៍គតិយុត្តអន្តរជាតិ ពាក់ព័ន្ធនឹងចល័តភាព នៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ (២) ផ្តល់ និងផ្លាស់ប្តូរទិន្នន័យ ជាក់លាក់ អំពីពលករទេសន្តរប្រវេសន៍ ដែលគ្របដណ្តប់ដោយ របបសន្តិសុខសង្គម នៅក្នុងប្រទេស CLMTV (៣) បង្កើនការចូលរួម របស់កម្មករនិយោជិត និយោជក និងរដ្ឋាភិបាល នៅកម្រិតជាតិ ដើម្បីអភិវឌ្ឍ និងអនុវត្តគំនិតផ្តួចផ្តើម អំពីចល័តភាព នៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ នៃប្រទេស CLMTV (៤) ធ្វើការងារឆ្ពោះ ទៅកាន់ការរៀបចំ ក្របខណ្ឌរួម សម្រាប់ប្រទេស CLMTV ស្តីពីចល័តភាព នៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ (៥) ជំរុញការចុះ កិច្ចព្រមព្រៀងទ្វេភាគី ស្តីពីចល័តភាព នៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ នៃប្រទេស CLMTV ចំពោះផ្នែកសេដ្ឋកិច្ច ដែលពាក់ព័ន្ធ (៦) ពង្រឹងយន្តការ នៅក្នុងប្រទេស CLMTV អំពីរបៀបទទួលបាន នូវអត្ថប្រយោជន៍ ពីរបបសន្តិសុខសង្គម និង(៧)លើកកម្ពស់ការ សម្របសម្រួល រវាងស្ថាប័ន ទទួលបន្ទុករបបសន្តិសុខសង្គម នៅក្នុងប្រទេស CLMTV។

ជាការពិតណាស់ ទោះបីជាប្រទេសនីមួយៗ មានក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងស្ថានភាព សង្គមសេដ្ឋកិច្ច មិនដូចគ្នាទាំងស្រុង ក៏ដោយ ប៉ុន្តែក្នុងក្របខណ្ឌអន្តរជាតិ និងក្របខណ្ឌតំបន់ យើងពិតជាអាចស្វែងរក នូវចំណុចរួមមួយ ដើម្បីសម្រេចគោលដៅ និងផលប្រយោជន៍រួម ពោលគឺពលករទេសន្តរប្រវេសន៍ គ្រប់រូបអាចទទួលបាន នូវរបបសន្តិសុខសង្គម ទោះបីគេផ្លាស់ទីកន្លែងធ្វើការ ពីកន្លែងមួយទៅកន្លែងមួយ ឬពីប្រទេសមួយ ទៅប្រទេសមួយក៏ដោយ៕