គណៈកម្មការសម្របសម្រួលអន្តរជាតិដើម្បីអភិរក្សនិងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥នៅថ្ងៃស្អែកនេះ !

19 09 2019

នៅថ្ងៃព្រហស្បតិ៍ ០៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារ​នឹងរៀបចំ កិច្ចប្រជុំបច្ចេកទេស​ លើកទី៥ នៃគណកម្មការ សម្របសម្រួល អន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋាន ប្រាសាទព្រះវិហារ (ICC-Preah Vihear) នៅសាលសន្និសីទ អាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ទទួលបន្ទុកបេតិកភណ្ឌវប្បធម៌ និងជាប្រធានប្រតិភូរាជរដ្ឋាភិបាល ហើយសម្របសម្រួលដោយ ឯកឧត្តម ZHOU Jiagui សហប្រធានចិន និងលោកជំទាវ Manika JAIN សហប្រធានឥណ្ឌា ដោយមានការ ចូលរួមពីប្រទេសជា សមាជិ កស្ថាបនិករួមមាន៖ បារាំង ប៊ែលហ្សិច ជប៉ុន ថៃឡង់ដ៏ សហរដ្ឋអាមេរិច ព្រមទាំង អ្នកជំនាញការជាតិ និងអន្តរជាតិលើផ្នែកអភិវឌ្ឍន៍ និងអភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ២៥០នាក់។

កម្មវិធីប្រជុំនឹងធ្វើឡើង រយៈពេលមួយថ្ងៃពេញ ដោយពេលព្រឹកផ្តោត លើការធ្វើបទបង្ហាញ របស់មន្រ្តីជំនាញអាជ្ញាធរជាតិ ព្រះវិហារអំពី លទ្ធផលការងារមួយចំនួន ដែលបានអនុវត្តកន្លងមក នៅក្នុងរមណីយដ្ឋានប្រាសាទ ព្រះវិហារ និងរមណីយដ្ឋានកោះកែរ រួមមាន៖ (១) លទ្ធផលសិក្សាស្រាវជ្រាវ ដើម្បីអភិរក្សជណ្តើរខាងជើងប្រាសាទ ព្រះវិហារក្រោមមូល និធិស្ថានទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្ស បេតិកភណ្ឌវប្បធម៌ (២) លទ្ធផលការងារអប់រំផ្សព្វផ្សាយ អំពីបេតិក- ភណ្ឌនៅរមណីយដ្ឋាន ប្រាសាទព្រះវិហារ (៣) លទ្ធផលសិក្សា ពីប្រព័ន្ធធារាសាស្រ្ត នៅរមណីយដ្ឋានប្រាសាទ ព្រះវិហារ និងរមណីយដ្ឋានកោះកែរ (៤) លទ្ធផលការងារអភិរក្ស ប្រាសាទថ្មបាយក្រៀម ក្នុងបរិវេណប្រាសាទធំ នៅរមណីយដ្ឋានកោះកែរ (៥) លទ្ធផលការងាររៀបចំ ផែនទីហានីភ័យ នៅរមណីយដ្ឋានកោះកែរ និង(៦) របាយការណ៍ វឌ្ឍនភាពការរៀបចំ ផែនការគ្រប់គ្រងទេសចរណ៍ រមណីយដ្ឋានកោះកែរ។

ដោយឡែកនៅពេលរសៀល កិច្ចប្រជុំនឹងផ្តោត លើការធ្វើបទបង្ហាញ របស់ដៃគូអន្តរជាតិរបស់អាជ្ញាធរ ជាតិព្រះវិហារមានជាអាទិ៍៖ (១) ចំណាប់អារម្មណ៍ របស់ឯកឧត្តម CHAO Xiaoming អគ្គនាយកបណ្ឌិតសភា បេតិកភណ្ឌវប្បធម៌ចិន ចំពោះគម្រោងជួសជុលគោបុរៈទី១ ទី២ និងទី៣ ដែលភាគីចិនទទួល (២) បទបង្ហាញ ពីការងារអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ដោយលោក Denvendra Singh SOOD អ្នកជំនាញការឥណ្ឌា (៣) បទបង្ហាញអំពីវឌ្ឍនភាព គម្រោងអភិរក្ស​ បដិមាព្រះសិវៈរាំនៅប្រាសាទកោះកែរ ដោយលោក Eric BOURDONNEAU អ្នកជំនាញសាលាបារាំង ចុងបូព៌ា និងលោក ឆាន់ ចំរើន អ្នកជំនាញ សារមន្ទីរជាតិភ្នំពេញ (៤) លទ្ធផលការសិក្សាស្រាវជ្រាវ ដោយប្រព័ន្ធរ៉ាដា ទៅក្នុងដី៖ ការងារទីវាល ដែលអនុវត្ត នៅក្នុងខែមីនា ឆ្នាំ២០១៩ ដោយបណ្ឌិត Sarah KLASSEN សាកលវិទ្យាល័យ British Columbia និង(៦) បទបង្ហាញអំពីកម្មវិធី Lidar នៅរមណីយដ្ឋានកោះកែរ ដោយលោកបណ្ឌិត Karoly BELENYESY វិទ្យាស្ថាន ស្រាវជ្រាវ អាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃប្រទេសហុងគ្រី។

ក្រៅពីការធ្វើបទបង្ហាញ អំពីលទ្ធផលការងាររបស់អាជ្ញាធរជាតិ ព្រះវិហារ និងអ្នកជំនាញការអន្តរជាតិ ខាងលើ នៅក្នុងកិច្ចប្រជុំនេះ ក៏មានពិធីចុះហត្ថលេខា លើអនុស្សារណៈរវាងអាជ្ញាធរជាតិព្រះវិហារ និងវិទ្យាស្ថាន ស្រាវជ្រាវអាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃប្រទេសហុងគ្រី លើគម្រោងសិក្សាស្រាវជ្រាវ នៅក្នុងរមណីយ- ដ្ឋានកោះកែរ។
នៅចុងបញ្ចប់ នៃកម្មវិធី លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកបេតិកភណ្ឌវប្បធម៌ និងជាប្រធានប្រតិភូរាជរដ្ឋាភិបាល នឹងធ្វើសេចក្តីសន្និដ្ឋាន និងផ្តល់យោបល់ ជាយុទ្ធសាស្រ្ តជូនដល់អង្គប្រជុំ ដើម្បីជាមូលដ្ឋាន សម្រាប់ការអនុវត្តការងារ នៅពេលខាងមុខ។

ជាមួយគ្នានេះ នៅមុនការរៀបចំ កិច្ចប្រជុំបច្ចេកទេស លើកទី៥នេះ កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារ ក៏បានរៀបចំ ឱ្យមានដំណើរទស្សនកិច្ច របស់អ្នកជំនាញការអន្តរជាតិទៅកាន់ រមណីយដ្ឋានកោះកែរ និងរមណីយដ្ឋាន ប្រាសាទព្រះវិហារ ដើម្បីពិនិត្យ និងផ្តល់យោបល់លើលទ្ធផលការងារ អភិរក្ស និងអភិវឌ្ឍន៍ ដែលបានអនុវត្តកន្លងមក ដោយមន្រ្តីជំនាញអាជ្ញាធរជាតិ ព្រះវិហារ៕