ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី

02 09 2019

ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ សហព័ន្ធធុរកិច្ច សិង្ហបុរី។

ក្រុមគណៈប្រតិភូនេះរួមមាន សមាសភាព ពីក្រុមហ៊ុនធុរកិច្ចសិង្ហបុរី ចំនួន១៩ក្រុមហ៊ុន ដែលដឹកនាំដោយ លោក Mike Lee អនុប្រធាន ទទួលបន្ទុកការងារ អាស៊ាន នៃក្រុមហ៊ុន Global Business Division និងមានការចូលរួមអមដំណើរ ពីក្រុមមន្ត្រីស្ថានទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់អំពីឱកាស នៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីគោលការណ៍អាទិភាព នៃការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមាន៖ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ នៅកម្ពុជា ដើម្បី បម្រើដល់វិស័យដឹកជញ្ជូន ការពង្រីក និងលើកកម្ពស់គុណភាព បណ្តាញផ្លូវថ្នល់ពី ២គន្លងទៅ ៤គន្លង និងពីផ្លូវ DBST ទៅផ្លូវកៅស៊ូបេតុង (AC) គម្រោងកំពុងដំណើរការ សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងការតភ្ជាប់ផ្លូវដែកកម្ពុជា ជាមួយប្រទេសជិតខាង។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើង អំពីការខិតខំប្រឹងប្រែង ក្នុងការស្វែងរកដៃគូ អភិវឌ្ឍផ្លូវដែកពីភ្នំពេញ ទៅវៀតណាម ការប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈ កាន់តែមានភាពងាយស្រួល និងលឿនជាងមុន ក្នុងនោះរួមមាន៖ ការចុះបញ្ជីយានយន្ត តាមប្រព័ន្ធអនឡាញ ការប្រើប្រាស់ QR Code លើផ្លាកលេខយានយន្ត បណ្ណសម្គាល់យានយន្ត និងលើបណ្ណបើកបរ ដើម្បីកាត់បន្ថយការក្លែងបន្លំ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យ ប្រជាពលរដ្ឋថតរូបភាពផ្លូវខូច ផ្ញើទៅកាន់ក្រុមការងារ ជួសជុល ដើម្បីចុះមកជួសជុល បានទាន់ពេលវេលា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាប ជូនភ្ញៀវផងដែរថា៖ រាជរដ្ឋាភិបាលកំពុងសិក្សា គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និង Monorail ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នផងដែរ។

លោក Mike Lee បានជម្រាបជូនឯកឧត្តម ទេសរដ្ឋមន្រ្តី អំពីគំនិត និងបញ្ហាអាទិភាពរបស់ក្រុមហ៊ុននេះ និងបានសម្តែង ចំណាប់អារម្មណ៍ របស់ខ្លួន នៅក្នុងការពិចារណា លើឱកាសថ្មី នៃការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះក្រុមហ៊ុនសិង្ហបុរី ដែលមានបំណងចង់វិនិយោគ លើវិស័យផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវដែក ដោយផ្អែកលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT) និងបានសម្តែងការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីស្វាគមន៍ និងជួយសម្រួល ដល់ក្រុមហ៊ុនសិង្ហបុរី ដទៃទៀត ដែលមានបំណងមកវិនិយោគ នៅកម្ពុជាផងដែរ៕