ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៩ ស្រុកព្រៃឈរ និងស្រុកបាធាយ

02 10 2019

(កំពង់ចាម)៖ ដើម្បីលើកទឹកចិត្ត​ ដល់សិស្សពូកែ និងសិស្ស ដែលទើបប្រឡងជាប់​ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តកំពង់ចាម និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បាននាំយករង្វាន់ ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្ស ចំនួន ៧១៥រូប ដែលមកពីស្រុកព្រៃឈរ និងចំនួន ៤៥៧រូប មកពីស្រុកបាធាយ អាណាព្យាបាល មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ព្រមទាំងលោកគ្រូ អ្នកគ្រូមកពីវិទ្យាល័យនានា ក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ ចំនួន ៤០៥នាក់។

ការប្រគល់រង្វាន់ ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំឡើង នៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សប្រឡង ជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ព្រមទាំងមានការចូលរួម ពីតំណាងរាស្រ្តមណ្ឌល កំពង់ចាម អាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិក នៃក្រុមការងារថ្នាក់ជាតិ មន្ត្រីរាជការ សាស្ត្រាចារ្យ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជិត ១៦០០នាក់ កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅមណ្ឌលអភិរក្ស សួនគ្រញូងនគរបាជ័យ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា លទ្ធផលជាផ្លែផ្កា ដែលក្មួយៗទទួលបាន នាពេលនេះ គឺពិតជាមិនអាចកាត់ផ្តាច់បាន ពីម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រទេសជាតិបានឡើយ ព្រោះវាជាដើមចម ដែលធ្វើឱ្យវិស័យអប់រំ នៅទូទាំងប្រទេស មានការរីកចម្រើន គួរជាទីមោទនៈ ជាអាទិ៍សាលារៀនគ្រប់កម្រិត សាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំបណ្តុះបណ្តាល បានកើតឡើង ពាសពេញលើផ្ទៃប្រទេស ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងការអបអរសាទរ ចំពោះសិស្សានុសិស្សទាំងអស់ ដែលទទួលបានជោគជ័យ ពីការប្រឡង មធ្យមសិក្សាទុតិយភូមិឆ្នាំនេះ និងបានលើកទឹកចិត្តពួកគេ ឱ្យបន្តប្រឹងប្រែងសិក្សា នៅថ្នាក់មហាវិទ្យាល័យ ថែមទៀត ដើម្បីក្លាយខ្លួន ជាសសរទ្រូង របស់ប្រទេសជាតិ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូ-អ្នកគ្រូ មកពីវិទ្យាល័យនានា ក្នុងស្រុកព្រៃឈរ និងបាធាយ ដែលកន្លងមក បានប្រឹងប្រែងយកចិត្តទុកដាក់ បណ្តុះបណ្តាល សិស្សានុសិស្ស រហូតទទួលបាន លទ្ធផល គួរជាទីមោទនៈ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានផ្តល់អនុសាសន៍ ជាគន្លឹះល្អៗមួយចំនួន ដើម្បីជាជំនួយស្មារតីដល់សិស្សានុសិស្ស យកទៅគិតគូរពិចារណា ប្រតិបត្តិឲ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អថែមទៀត ក្នុងនោះមានដូចតទៅ៖ ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់ យកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ ទាំងបច្ចេកទេស និងការគ្រប់គ្រង ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យសមស្រប តាមបរិបទ នៃកំណើនសេដ្ឋកិច្ច និងការរីកចម្រើនផ្នែក បច្ចេកវិទ្យាទំនើបៗ ទាន់សម័យ នាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀត ត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ត្រូវគោរពច្បាប់ ប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ សុជីវធម៌ គុណធម៌ និងវិន័យជាពលរដ្ឋល្អ ឲ្យបានខ្ជាប់ខ្ជួន។ ជាពិសេស ត្រូវចេះចែករំលែក និងចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ សប្បុរសធម៌ និងសកម្មភាព ផ្សេងៗទៀត ដែលជាប្រយោជន៍ ដល់គ្រួសារ មិត្តភក្តិ និងសង្គមជាតិ។ លើសពីនេះទៅទៀត ត្រូវបន្តខិតខំសិក្សាមុខជំនាញ នៅតាម សាកលវិទ្យាល័យនានា និង ត្រូវចៀសវាងឲ្យឆ្ងាយពី អំពើឧបាយមុខ ល្បែងស៊ីសង គ្រឿងញៀន គ្រឿងស្រវឹង និងអំពើអសកម្ម ខុសច្បាប់ ទាំងឡាយណា ដែលប្រាសចាកសីលធម៌ និងនាំឲ្យគ្រោះថ្នាក់ដល់ខ្លួន និងក្រុមគ្រួសារ និងត្រូវគោរព ច្បាប់ចរាចរ។

សូមបញ្ជាក់ថា រង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល ប្រគល់ជូនសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល មន្រ្តីរាជការកងកម្លាំង ប្រដាប់អាវុធ មកពីស្រុកទាំងពីរ នៅវេលាព្រឹកនេះ រួមមាន៖
១. ផ្តល់ជូនទោចក្រយានយន្ត ម៉ាក ហុងដា Wave ស៊េរីឆ្នាំ២០១៩ ចំនួន ៥ គ្រឿង ជាមួយថវិកា ម្នាក់ ៥ម៉ឺនរៀល សម្រាប់សិស្សមក ពីស្រុកព្រៃឈរចំនួន ៥នាក់ ដែលទទួលបាននិរទ្ទេស A។
២.ឧបត្ថម្ភថវិកាម្នាក់ ៤០ម៉ឺនរៀល សម្រាប់សិស្សទទួលបាននិរទ្ទេស B ចំនួន ៣៣នាក់ ដែលក្នុងនោះ២៦នាក់មកពីស្រុកព្រៃឈរ។
៣.ឧបត្ថម្ភថវិកាម្នាក់ ៥ម៉ឺនរៀល សម្រាប់សិស្សចំនួន ១១៣៤នាក់ ដែលទទួលបាននិរទ្ទេស C D និង E។
៤.ឧបត្ថម្ភថវិកា លោកគ្រូ អ្នកគ្រូ ចំនួន៤៧នាក់ សរុបជាទឹកប្រាក់ចំនួន១៦.១៩២.០០០ រៀល ដែលបានខិតខំ ប្រឹងប្រែងបណ្តុះបណ្តាល បំប៉នបន្ថែម ដល់ក្មួយៗសិស្សានុសិស្ស។
៥.ឧបត្ថម្ភថវិកា ជូន លោកគ្រូ អ្នកគ្រូ ចំនួន២០៤នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៦.ឧបត្ថម្ភថវិកា ជូនលោក លោកស្រីអាណាព្យាបាល សិស្សដែលទទួលបាននិទ្ទេស A ចំនួន ៥នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
៧. ឧបត្ថម្ភថវិកា ជូនលោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលមានវត្តមាន នៅក្នុងពិធីនេះ ចំនួន ១៤៩នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល។
៨. និង ផ្តល់ជូនអាហារូបករណ៍ពេញថ្លៃសិក្សា រយៈពេល ៤ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចំនួន ២៧កន្លែង (ក្នុង១ឃុំចំនួន ១កន្លែង) ដល់សិស្សានុសិស្សក្រីក្រ។

រង្វាន់លើកទឹកចិត្ត ដែលបានប្រគល់ជូន សរុបជាថវិកា ទាំងអស់ ស្មើនឹង ៩៩ ៧៧២ ០០០រៀល និង៦ ៥០០ដុល្លារ និងអាហារូបករណ៍ ពេញថ្លៃសិក្សា រយៈពេល ៤ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ២៧កន្លែង។