កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត ឯកភាពបង្កើតអនុស្សរណៈលើវិស័យទេសចរណ៍ និងជំរុញការតភ្ជាប់ជើងហោះហើរ

02​ 10 2019

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សា ជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកអគ្គរាជទូត អារ៉ាប់ប៊ីសាអូឌីត ប្រចាំវៀតណាម-កម្ពុជា លោក Saud F.M Suwelim បានឯកភាពនឹងសំណើ រៀបចំអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដើម្បីរួមចំណែកជំរុញ ឱ្យវិស័យដ៏សំខាន់នេះ បន្តការអភិវឌ្ឍបន្ថែមទៀត។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើង នៅទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ក្នុងនោះលោករដ្ឋមន្ត្រី ថោង ខុន បានស្នើបន្ថែម ទៅកាន់លោកឯកអគ្គរាជទូត អារ៉ាប់ប៊ីសាអូឌីត ធ្វើយ៉ាងណាជួយជំរុញ ឱ្យមានការហោះហើរត្រង់ ពីអារ៉ាប់ប៊ីសាអូឌីត មកកាន់កម្ពុជា ឬតាមរយៈ ការឆ្លងកាត់ប្រទេស ជិតខាងណាមួយក៏បាន។

លោកឯកអគ្គរាជទូត អារ៉ាប់ប៊ីសាអូឌីត បានបញ្ជាក់ថា ចំណុចនេះ ខាងភាគីអារ៉ាប់ប៊ីសាអូឌីត បាននិងកំពុងធ្វើការ ជាមួយក្រុមហ៊ុន អាកាសចរណ៍វៀតណាម ដើម្បីពន្លឿន ការហោះហើរ ពីអារ៉ាប់ប៊ីសាអូឌីតមកកម្ពុជា ដោយឆ្លងកាត់អាកាសយានដ្ឋាន អន្តរជាតិ នៅហាណូយ។

លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការរៀបចំ ដំណើរទស្សនកិច្ចសិក្សា (Fam Trip) របស់ក្រុមអ្នកសារព័ត៌មាន អ្នកវិនិយោគ និងទេសចរមក ពីអារ៉ាប់ប៊ីសាអូឌីត មកកាន់កម្ពុជា ហើយកម្ពុជា ក៏សន្យាធ្វើបែបនោះដូចគ្នា ដើម្បីផ្លាស់ប្ដូរទស្សនកិច្ច លើវិស័យទេសចរណ៍ ពីគ្នាទៅវិញទៅមក។

ក្រៅពីនោះ ភាគីកម្ពុជា ក៏បានស្នើឱ្យមានការតភ្ជាប់ ដំណើរទេសចរណ៍ តាមនាវាសមុទ្រពីអារ៉ាប់ប៊ីសាអូឌីត មកកាន់ក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ដើម្បីទទួលយកដំណើរទេសចរណ៍បន្ថែម នៅទីនោះផង និងអាចហួសមកទស្សនា ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាបផង។

លោកឯកអគ្គរាជទូត Saud F.M Suwelim បានទទួលយកសំណើទាំងនេះ ដើម្បីលើកឡើង ទៅកាន់រាជរដ្ឋាភិបាល របស់លោកបន្តទៀត។

លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបប្រាប់លោក Saud F.M Suwelim បន្តទៀតថា កម្ពុជាកំពុងរៀបចំ ឱ្យមានម្ហូបអាហារហាឡាល់ (Halal Food) សម្រាប់ទទួលស្វាគមន៍ និងបម្រើដល់តម្រូវការ របស់ភ្ញៀវទេសចរឥស្លាម ខណៈកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ពេញផ្ទៃប្រទេស ដែលជាទីប៉ងប្រាថ្នា របស់ភ្ញៀវទេសចរ។

សូមជម្រាបថា ចំពោះការរៀបចំ បង្កើតអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ខាងលើនោះ លោករដ្ឋមន្ត្រី ថោង ខុន បានចាត់ចែងក្រុមការងារ តាមនាយកដ្ឋានជំនាញ សហការគ្នាធ្វើសេចក្ដីព្រាង អនុស្សរណៈ ដើម្បីត្រៀមចុះ ហត្ថលេខា ជាមួយគ្នា នៅពេលមានដំណើរទស្សនកិច្ច របស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ឬក្នុងពេលសមស្រប ណាមួយនា ថ្ងៃខាងមុខ៕