រដ្ឋមន្រ្តីបរិស្ថានអាស៊ានចូលរួមដាំកូនឈើអនុស្សាវរីយ៍នៅសួនច្បារមុខអង្គរវត្ត

08 10 2019

នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន អគ្គលេខាធិការអាស៊ាន និងប្រទេសដៃគូអាស៊ាន មានជប៉ុន ចិន និងកូរ៉េ រួមនឹងថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងយុវជន បានអញ្ជើញ និមន្តចូលរួមដាំកូនឈើ នៅបរិវេណ សួនច្បារមុខប្រាសាទអង្គរវត្ត។

ព្រឹត្តិការណ៍ដ៏អធិកអធម ក្នុងការដាំដើមផ្កាក្រវ៉ាន់ ចំនួន ៥៥០ដើម និងកូនឈើធ្នង់ ចំនួន១០០ដើម នៅលើផ្ទៃដីប្រមាណមួយហិកតា ក្នុងសួនច្បារមុខ ប្រាសាទអង្គរវត្តនាពេលនេះ ត្រូវបានអញ្ជើញជាអធិបតី ដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមក្រសួងបរិស្ថាន គោលបំណង នៃការដាំកូនឈើអនុស្សាវរីយ៍ ធ្វើឡើងដើម្បីបង្ហាញ ពីការស្រឡាញ់បរិស្ថាន ប្រកបដោយភាពបៃតង និងបង្កើតឱ្យមានជីវៈចម្រុះ នៅតំបន់ដែលជាបេតិកភណ្ឌ ដ៏អស្ចារ្យរបស់កម្ពុជា៕