ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចូលរួមថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំផ្លូវថ្នល់ពិភពលោក នៅរាជធានីអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសសហភាពអារ៉ាប់រួម

08 10 2019

ដោយមានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ ផ្លូវថ្នល់ពិភពលោក លើកទី២៦ ពីថ្ងៃទី៦ ដល់ ទី១០ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសសហភាពអារ៉ាប់រួម។
កិច្ចប្រជុំបានប្រព្រឹត្ត ទៅក្រោមទិសស្លោក “ ធ្វើការតភ្ជាប់វប្បធម៌ និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច ” និងមានការចូលរួមជាអធិបតី បើកដោយ ព្រះអង្គម្ចាស់ អាប៊ូដាប៊ី និងមានការចូលរួម ពីរដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន និងប្រតិភូជាង ៥០០០ នាក់មកពីប្រទេស ជាសមាជិក ១២១ និងស្តង់តាំងពិព័រណ៍ជាង ២០០ ។
កិច្ចប្រជុំនេះ មានការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្តល្អបំផុត បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ របស់ប្រទេសនានា នៅក្នុងពិភពលោក នៅក្នុងវិស័យផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងការដឹកជញ្ជូន សម្រាប់យកទៅពិចារណា នៅក្នុងការបង្កើតគោល នយោបាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាព វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន។
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានចូលរួមថ្លែងសុន្ទរកថា ស្តីពីប្រព័ន្ធដឹកជញ្ជូនអនាគត និងរបៀបវារៈនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អភិវឌ្ឍការ ដឹកជញ្ជូនពហុប្រភេទ និងគម្រោងស្តារ និងអភិវឌ្ឍផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងការសាងសង់ ផ្លូវល្បឿនលឿន នៅកម្ពុជា ផងដែរ។